
បុគ្គលដែលប្រកបវិជ្ជាជីវៈច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទោះជាមានសញ្ជាតិខ្មែរ ឬបរទេស ត្រូវស្នើសុំការអនុម័តយល់ព្រមពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលជាស្ថាប័នមានសមត្ថកិច្ច ។ ផ្ទុយពីនេះគឺជាការប្រកបវិជ្ជាជីវៈច្បាប់ដោយខុសច្បាប់ ។ បន្ទាប់ពីត្រូវបានអនុញ្ញាតយល់ព្រមពីស្ថាប័នគណៈមេធាវីនេះ មុននឹងចាប់ផ្តើមអនុវត្តវិជ្ចាជីវៈច្បាប់របស់ខ្លួន មេធាវីត្រូវធ្វើសម្បថជាមុនសិន ។ តើមេធាវីធ្វើសម្បថពីអ្វីខ្លះ?

ការធ្វើសម្បថត្រូវបានដឹកនាំដោយប្រធានគណៈមេធាវី ឬតំណាងដែលទទួលបានការអនុញ្ញាត ហើយប្រព្រឹត្តិទៅនៅមុខក្រុមប្រឹក្សាជំនុំជំម្រះនៃសាលាជម្រះក្តីជាន់ខ្ពស់ដែលជាសាលាឧទ្ធរណ៍រាជធានីភំ្នពេញ ។ ការធ្វើសម្បថនេះត្រូវបានកំណត់ដោយច្បាប់ស្តីពីលក្ខន្តិកៈមេធាវីត្រង់មាត្រា៣៤ និងមានខ្លឹមសារ ដូចតទៅ៖ “ខ្ញុំសូមសច្ចាប្រណិធានថានឹងអនុវត្តវិជ្ចាជីវៈរបស់ខ្ញុំដោយសេចក្តីថ្លៃថ្នូរ ដោយសតិសម្បជញ្ញៈ ដោយសេចក្តីទៀងត្រង់ ដោយមនុស្សធម៌ ដោយស្មារតីឯករាជ្យ និងដោយគោរពរដ្ឋធម្មនុញ្ញនិងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា”
ពាក្យសម្បថនេះ មេធាវីត្រូវប្រកាន់ខ្ជាប់គ្រប់កាលៈទេសៈ ដែលនេះគឺជាគោលការណ៍គ្រឹះនៃក្រមសីលធម៌របស់មេធាវី ហើយត្រូវបានចែងយ៉ាងច្បាស់តាមរយៈមាត្រា៣ នៃក្រមសីលធម៌នេះ ៕
