ពេលសំណង់ជួបហានិភ័យ នរណាជាអ្នកទទួលខុសត្រូវតាមផ្លូវច្បាប់? When a building risked, who is legally required to responsible?

construction-dispute-resolution

ការសាងសង់សំណង់ឬក៏ការរុះរើសំណង់មួយ អាចកើតឡើងបានជាទូទៅមានការពាក់ព័ន្ធនិងចូលរួមពីបុគ្គលជាច្រើនទៅតាមប្រភេទ ទំហំ និងលក្ខណៈនៃសំណង់នោះ ។ បុគ្គលដែលបានចូលរួមនិងពាក់ព័ន្ធទាំងនោះ ត្រូវបានច្បាប់ស្តីពីសំណង់កំណត់ជាអាទិ៍ រួមមាន ម្ចាស់សំណង់ អ្នកសិក្សាគំរោងប្លង់ អ្នកគ្រប់គ្រងសំណង់ អ្នកសាងសង់ឬរុះរើ អាជ្ញាធរមានសមត្ថកិច្ច អ្នកប្រើប្រាស់សំណង់ (អ្នកជួល) និងផលិតករនៃសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ ។ល។ ហេតុនេះ ករណីសំណង់នោះមានបញ្ហាកើតឡើង ឬហានិ ភ័យវិញ តើនរណាត្រូវបានតម្រូវឲ្យជាអ្នកត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់?

Engineer and worker having a fight about plans, Source: Google.

ការស្វែងរកអ្នកទទួលខុសត្រូវពាក់ព័ន្ធនឹងសំណង់ជួបហានិភ័យ ឬមានវិការៈ គឺជាកិច្ចការចាំបាច់ដេីម្បីផ្តល់នូវសំណង និងភាពយុត្តិធម៌ដល់ជនរងគ្រោះ ។ ប៉ុន្តែតើត្រូវស្វែងរកបែបណា ពីព្រោះតែក្នុងវិស័យសំណង់ មានបុគ្គលជាច្រេីនដូចពោលខាងលើដែលអាចពាក់ព័ន្ធជាមួយបែបនេះ? បើផ្អែកលើច្បាប់ស្តីពីសំណង់ ត្រង់ជំពូកទី១៨ ចាប់ពីមាត្រា៧៦-មាត្រា៨២ ចែងថា៖

  1. គម្រោងប្លង់នៃសំណង់មានវិការៈ -អ្នកសិក្សាគម្រោងប្លង់ត្រូវទទួលខុសត្រូវសងនូវការខូចខាត ។
  2. ក្នុងពេលអនុវត្តការសាងសង់ឬរុះរើមានវិការៈ-ម្ចាស់សំណង់និងអ្នកសាងសង់ឬរុះរើ ត្រូវទទួលខុសត្រូវសងនូវការខូចខាតដោយសាមគី្គភាពដល់អ្នកដ៏ទៃចំពោះវិការៈនោះ ។
  3. វិការៈនៃការត្រួតពិនិត្យនិងបញ្ជាក់សំណង់-អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ត្រូវទទួលខុសត្រូវសងការខូចខាតដល់អ្នកដ៏ទៃចំពោះវិការៈនៃការងាររបស់ខ្លួន ។
  4. ការប្រើប្រាស់ឬការគ្រប់គ្រងសំណង់មានវិការៈ-ម្ខាស់សំណង់ អ្នកគ្រប់គ្រងសំណង់ និងអ្នកជួលសំណង់ ត្រូវទទួលខុសត្រូវសងការខូចខាតដល់អ្នកដ៏ទៃដោយសាមគ្គីភាព ។
  5. វិការៈនៃផលិតផលសំណង់-ផលិតករនៃសម្ភារ:សំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ត្រូវទទួលខុសត្រូវសងការខូចខាតដល់អ្នកដ៏ទៃចំពោះវិការៈនៃផលិតផលរបស់ខ្លួនទាំងនោះ ។

សិទ្ធិទាមទារសំណងនៃការខូចខាតនឹងត្រូវរលត់ដោយអាជ្ញាយុកាល​ ប្រសិនបើ៖

  • រយៈពេល៣ ឆ្នាំកន្លងហួស បន្ទាប់ពីជនរងគ្រោះឬអ្នកតំណាងស្របច្បាប់នៃជននេះបានដឹងថាអាចទាមទារសំណងការខូចខាតបាន ឬ
  • រយៈពេល១០ ឆ្នាំ បានកន្លងហួស បន្ទាប់ពីការខូចខាតបានកើតឡើង ។ លើកលែងតែចំពោះសម្ភារៈសំណង់ បរិក្ខាសំណង់ និងផលិតផលសំណង់ រយៈពេល ១០ ឆ្នាំ ត្រូវគិតពីពេលដែលផលិតករប្រគល់ផលិតផលទាំងនោះលើកដំបូង ហើយបន្ថែមរយៈពេល២០ ឆ្នាំទៀត បើផលិតផលទាំងនោះមានសារធាតុបង្កឲ្យប៉ះពាល់ដល់សុខភាពមនុស្ស ។
(Source: Google.)

សរុបសេចក្តីមក ការទទួលខុសត្រូវលើសំណង់ដែលទទួលមហន្តរាយមានវិការៈ ច្បាប់ស្តីពីសំណង់បានតម្រូវឲ្យអ្នកដែលពាក់ព័ន្ធនឹងសំណង់ទាំងអស់ត្រូវទទួលខុសត្រូវជាគោលការណ៍។ ប៉ុន្តែជាករណីដោយឡែក ការទទួលខុសត្រូវនឹងត្រូវធ្លាក់ជាកាតព្វកិច្ចរបស់បុគ្គលពាក់ព័ន្ធណាមួយអាស្រ័យនឹងស្ថានភាពរបស់សំណង់នោះខូចខាតបានកើតឡើង ។ ដូច្នេះការស្វែងរក និងការពិនិត្យពីស្ថានភាពសំណង់ខូចខាតជាក់ស្តែងដោយម៉ត់ចត់នឹងធ្វើឲ្យគេអាចកំណត់ពីបុគ្គលណាដែលត្រូវទទួលខុសត្រូវចំពោះសំណងនៃការខូចខាតបានហើយ ហើយក៏ត្រូវតែធ្វើការទាមទារសំណងឲ្យទាន់ពេលវេលាស្របតាមច្បាប់កំណត់ផងដែរ ជៀសវាងថ្លោះនូវសិទ្ធិជួសជុលសំណងនោះនាពេលក្រោយ ៕

Leave a comment