Category Archives: Consultant Service Office for ADR & Litigation.

តេីត្រូវដោះស្រាយវិវាទសំណង់នៃកិច្ចសន្យាម៉ៅការសាងសង់ឬរុះរេីដូចម្តេច How to resolve Construction Contract Disputes?

(Source: Google)

វិវាទសំណង់នៃកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើ (Construction Contract Disputes) គឺជាវិវាទពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិនិងកាតព្វកិច្ចដែលបានព្រមព្រៀងគ្នាក្នុងការសាងសង់ឬរុះរើបង្កើតឡើងដោយម្ចាស់សំណង់ (Construction Owner) និងអ្នកសាងសង់ (Contrator) និងអ្នកសាងសង់បន្ត (Subcontractor)ការដោះស្រាយវិវាទសំណង់នេះ អាចធ្វើឡើងដោយអនុវត្តតាមខដោះស្រាយវិវាទនៃកិច្ចសន្យាម៉ៅការសំណង់ តាមការបញ្ជាក់នៃច្បាប់ស្តីពីសំណង់ត្រង់មាត្រា៨៧ តើការដោះស្រាយវិវាទរបៀបទាំងពីរនោះប្រព្រឹត្តិទៅដូចម្តេចខ្លះ?

(Source: Google)

របៀបពីរនៃការដោះស្រាយវិវាទសំណង់មានដូចតទៅ៖

(Source: Google)
  1. ខដោះស្រាយវិវាទនៃកិច្ចសន្យាម៉ៅការសំណង់នេះត្រូវបានតម្រូវឲ្យភាគីនៃកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើធ្វើការចែងជាមុន ផ្អែកលើមាត្រា៦៧នៃច្បាប់ស្តីពីសំណង់ ។ របៀបដោះស្រាយនេះ ភាគីនៃកិច្ចសន្យាមានសេរីភាព និងព្រមព្រៀងគ្នាដោយស្ម័គ្រចិត្ត ធ្វើការចែងទុកជាមុនក្នុងកិច្ចសន្យានោះនៅពេលបង្កើតវាដោយកំណត់ឬជ្រើសរើសពីយន្តការណាមួយសំរាប់ដោះស្រាយវិវាទនៅពេលវិវាទកើតឡើង ដូចជា ការចរចារវាងពួកគេឬតាមរយៈអ្នកតំណាងដើម្បីរកលទ្ធផលឈ្នះ-ឈ្នះ ឬយន្តការសន្ធានកម្មដោយការជ្រើសតាំងសន្ធាការីដែលមានវិជ្ជាជីវៈនិងឯករាជ្យណាមួយដែលពួកគេពេញចិត្តនិងជឿជាក់ពីភាពអព្យាក្រឹតរបស់បុគ្គលនោះ ឬយន្តការមជ្ឈត្តកម្មដោយជ្រើសតាំងស្ថាប័នជាតិ ដូចជាមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ឬមជ្ឈត្តករបែបអាដហុក ដែលពួកគេស្គាល់ ជឿងជាក់ពីសមត្ថភាព ប្រកាន់ភាពអព្យាក្រឹត និងឯករាជ្យ ។
  2. តាមការបញ្ជាក់នៃច្បាប់ស្តីពីសំណង់ត្រង់មាត្រា៨៧៖ នៅពេលមានវិវាទកើតឡើង ក្នុងអំឡុងពេល៣០ថ្ងៃ ភាគីឬគូភាគីអាចធ្វើសំណើសុំដល់គណៈកម្មការដោះស្រាយវិវាទសំណង់ បង្កើតឡើងដោយអនុក្រឹត្យ ដើម្បីពិចារណាជួយសម្រុះសម្រួលនិងដោះស្រាយវិវាទឲ្យភាគីនៃកិច្ចសន្យា ។ គណៈកម្មការនេះនឹងធ្វើការសម្រុះសម្រួល និងសម្រេចដោយមានមូលហេតុបញ្ជាក់ជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ៣០ ថ្ងៃនៃថ្ងៃធ្វើការគិតពីពេលទទួលបានសំណើសុំជាលាយលក្ខណ៍អក្សរពីភាគីវិវាទ ។
  3. បន្ថែមពីនេះ ក៏មានរបៀបមួយទៀតដែរដែលជារបៀបទូទៅតែងតែត្រូវបានអនុវត្តនោះគឺយន្តការតុលាការកម្ពុជា ។ យន្តការនេះ ភាគីវិវាទម្ខាងដាក់ពាក្យបណ្តឹងទៅតុលាការមានសមត្ថកិច្ចដោយក្នុងរយៈពេលនីតិវិធីច្បាប់អនុញ្ញាត បើមិនដូច្នោះទេការទាមទារនឹងចាត់ទុកជាអាសារឥតការ ។
(Source: Google)

សរុបសេចក្តីមក វិវាទសំណង់នៃកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើ អាចធ្វើការដោះស្រាយបានច្រើនរបៀប ។ របៀបចែងទុកជាមុនក្នុងកិច្ចសន្យានោះដោយភាគីនៃកិច្ចសន្យាពីយន្តការដោះស្រាយវិវាទណាមួយពួកគេពេញចិត្ត ឬរបៀបស្នើសុំដល់គណៈកម្មការដោះស្រាយវិវាទសំណង់ឲ្យធ្វើការសម្រុះសម្រួលនិងដោះស្រាយវិវាទ នៅពេលវិវាទកើតឡើង ឬរបៀបទូទៅនៃការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការកម្ពុជា ។ ដូច្នេះ ការជ្រើសរើសរបៀបឬយន្តការណាមួយដើម្បីដោះស្រាយវិវាទសំណង់ គឺអាស្រ័យទៅនឹងកាលៈទេសៈ និងប្រភេទនៃដំណោះស្រាយដែលភាគីនៃកិច្ចសន្យាចង់បាន

(Source: Google)