ជំលោះ/វិវាទ អាចធ្វេីឲ្យមានការរីកចម្រេីន ឬ អន្តរាយ Conflicts/Disputes may make progressing or destroying.

ជំលោះ/វិវាទ (Conflicts/Disputes) គឺជាអ្វីមួយដែលគូភាគី ឬភាគីច្រើនមានការមិនចុះសម្រុងនឹងគ្នាឯកភាពជាមួយគ្នា ហើយវាអាចកើតឡើងគ្រប់រឿងទាំងអស់ ដូចជា ការសន្យា (Contract) ការប្រកបអាជីវកម្ម (Business) ការធ្វើការងារ (Labor) ការទិញលក់ (Sale) ការសាងសង់ (Construction) ។ល។ នៃជីវិតរបស់មនុស្ស ។ ជំលោះ/វិវាទខ្លះនាំឲ្យមានការរីកចម្រើន តែខ្លះទៀតនាំឲ្យមានការអន្តរាយ ។ ហេតុនេះបានជាមានទស្សនៈលើកឡើងថា ជំលោះ/វិវាទ អាចធ្វើឲ្យមានការរិកចម្រើន ឬធ្វើឲ្យមានការអន្តរាយ ។ តើពិតជាបែបណឹងមែនឬយ៉ាងណា?

Source: Google.

ការមើលឃើញថា ជំលោះ/វិវាទ អាចនាំឲ្យមានការអន្តរាយ ពីព្រោះតែគេសង្កេតតាំងពីពេលកើតជំលោះដំបូង រហូតដល់ដោះស្រាយចប់ ភាគីបានបាត់បង់ទ្រព្យសម្បត្តិ បែងចែកការស់នៅដោយឡែកពីគ្នា ឬឈប់ប្រកបអាជិវកម្មជាមួយគ្នា ។ល។ ឧទាហរណ៍៖ គ្រួសារមួយដែលមានការរស់នៅដោយសុភមង្គល តែនៅពេលចាប់ផ្តើមមានជំលោះពីការប្រច័ណ្ឌ ហើយសម្រេចចិត្តថាលែងលះគ្នា នោះជាលទ្ធផលប្តី ប្រពន្ធនេះត្រូវបែកគ្នារស់នៅរៀងៗខ្លួន កូនត្រូវបានបែងចែកទៅតាមម្តាយឬតាមឪពុក និងទ្រព្យសម្បត្តិដែលធ្លាប់ឋិតនៅក្រោមការគ្រប់គ្រងរួមគ្នាក៏ត្រូវបានធ្វើការបែងចែកផងដែរ ។ ឧទាហរណ៍មួយទៀត៖ ការធ្វើអាជីវកម្មរួមគ្នាជាក្រុមហ៊ុន ដោយបុគ្គលច្រើននាក់ ធ្វើឲ្យក្រុមហ៊ុននោះមានដំណើរការល្អ ដោយមានទុនច្រើន មានកំលាំងច្រើន មានគំនិតច្រើន ​ដូច្នេះអាជីវកម្មរបស់ពួកគេដំណើរការរលូនល្អ ហើយអាចនឹងងាយបង្កើតអាជីវកម្មថ្មីៗជាច្រើនទៀតនាពេលខាងមុខ ។ ប៉ុន្តែនៅពេលមានវិវាទរវាងពួកគេកើតឡើង ដូចជាអំពីការបែងចែកភាគលាភមិនត្រឹមត្រូវ ឬការរំលោភលើការចាត់ចែងការងារក្នុងក្រុមហ៊ុន ជាដើម នាំឲ្យពួកគេអាចបែកបាក់ និងចែកផ្លូវគ្នាដើររៀងៗខ្លួន ។​ ដូចនេះក្រុមហ៊ុនរបស់ពួកគេត្រូវរលាយ ហើយក៏មិនអាចបង្កើតអាជីវកម្មថ្មីៗទៀតជាមួយគ្នាបានដែរ​ ។

ផ្ទុយទៅវិញ ជំលោះ/វិវាទ មិនមែនសុទ្ធតែនាំឲ្យអន្តរាយនោះទេ ពីព្រោះថាប្រសិនបើគូភាគីជ្រើសរើសដំណោះស្រាយដែលត្រឹមត្រូវនិងសមស្រប ។ សូមពិនិត្យមើលឧទាហរណ៍ទាំងពីរខាងលើ ករណីជំលោះគ្រួសារប្តី-ប្រពន្ធដោយសារប្រច័ណ្ឌ បើគូភាគីជ្រើសរើសការចរចាដោយពួកគេឬតាមរយៈតំណាងមានវិជ្ជាជីវៈ (សេវាកម្មទីប្រឹក្សាក្រៅប្រព័ន្ធតុលាការ) ឬដោយមានតតិយជនជួយក្នុងលក្ខណៈអព្យាក្រឹត (សេវាកម្មសន្ធានករ) ពួកគេអាចមានឱកាសពិនិត្យមើលពីលទ្ធភាពនៃការរស់នៅជាមួយគ្នាបន្តទៀតបាន ដែលនេះនឹងធ្វើឲ្យពួកគេកាន់តែយកចិត្តទុកដាក់ ជាមួយគ្នានាពេលខាងមុខ ឬអាចហៅថាក្រោយភ្លៀង មេឃស្រឡះល្អ ។ ហើយបើទោះបីពួកគេជ្រើសរើសការលែងលះគ្នាក៏ដោយ ក៏ពួកគេបានពិចារណាល្អិតល្អន់នូវបញ្ហាពាក់ព័ន្ធរួចហើយ ដូចនេះ ពួកគេអាចសម្រេចដោយទំនុកចិត្ត ទាំងការបែងចែកទ្រព្យសម្បត្តិ ទាំងកូន និងទាំងការចាប់យកជីវភាពថ្មី ។ លើសពីនេះ ការសម្រេចលើកិច្ចការទាំងនោះ អាចនឹងធ្វើដោយសន្តិវិធី ដោយការអធ្យាស្រ័យនឹងគ្នា ជាពិសេសអាចមានប្រយោយជន៍សំរាប់ជម្រើសដល់កូនរបស់ពួកគេផងដែរ ។ ដូច្នេះការលែងលះនេះ ក៏ចាត់ទុកថាជាជម្រើសដ៏ល្អ និងមានសន្តិសហវិជ្ជមានផងដែរ ពីព្រោះគ្មានការជួបណា ដែលមិនព្រាត់ប្រាស់នោះទេ តែបើព្រាត់ព្រាស់ក្នុងលក្ខណៈដោយអហឹង្សា សមានចិត្ត និងផ្តល់ឱកាសសម្រាប់ការចាប់ផ្តើមជីវិតគូថ្មីទៀត គឺជាដំណោះស្រាយដែលប្រសើរបំផុត ។ រីឯករណីឧទាហរណ៍ពីវិវាទក្រុមហ៊ុនវិញ មិនថាតែវិវាទគ្នាពីរឿងបែងចែកភាគលាភ ឬពីការចាត់ចែងកិច្ចការក្នុងក្រុមហ៊ុន​នោះទេ សុទ្ធតែអាចជ្រើសវិធីដោះស្រាយដូចករណីឧទាហរណ៍មុនដែរ ដោយចាប់ពីការចរចាដោយមានអ្នកតំណាងវិជ្ជាជីវៈ និងយល់ពីប្រធានបទវិវាទ រហូតដល់ករណីមានបុគ្គលអព្យាក្រឹតប្រកបដោយវិជ្ជាជីវៈជួយ ដំណោះស្រាយអាចចេញជាផ្លែផ្កាដោយរក្សាទំនាក់ទំនង បង្កើនការយកចិត្តទុកដាក់ដល់គ្នាទៅវិញទៅមក និងអាចស្រុះស្រួលបន្ថែមអាជីវកម្មថ្មីៗទៀតផងដែរ ។

សរុបសេចក្តីមក ទស្សនៈដែលថា ជំលោះ/វិវាទ អាចធ្វើឲ្យមានការរីកចម្រើន ឬអន្តរាយ គឺពិតជាត្រឹមត្រូវ ពីព្រោះជំលោះ/វិវាទនោះនឹងនាំឲ្យមានការរីកចម្រើន ក្នុងករណីដែលគូភាគីជ្រើសរើសយន្តការដំណោះស្រាយបានសមស្របនិងទាន់ពេលវេលា ។ រីឯជំលោះ/វិវាទ អាចនាំឲ្យមានការអន្តរាយ ប្រសិនបើគូភាគីប្រើប្រាស់វិធីដោះស្រាយមិនបានសាកសម និងមិនយកចិត្តទុកដាក់ ។ ហេតុនេះការពិនិត្យមើលពីយន្តការនៃដំណោះស្រាយ គឺរឿងដែលគួរផ្តោតជាអាទិភាព ដើម្បីធ្វើឲ្យការដោះស្រាយជំលោះ/វិវាទបានប្រយោជន៍ប្រសើរឡើង

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s