
វិវាទកិច្ចសន្យា (Contract Disputes) គឺជាវិវាទពាក់ព័ន្ធនឹងការព្រមព្រៀង ឬការសន្យាអ្វីមួយ ហើយអាចជាវិវាទកិច្ចសន្យាធម្មតា (Civil Contract Disputes) ឬវិវាទកិច្ចសន្យាពាណិជ្ជកម្ម (Commercial Contract Disputes) ។ វិវាទប្រភេទនេះ កើតមានច្រើនជាងគេ ក្នុងចំណោមវិវាទផ្សេងៗទៀត ពីព្រោះតែគូភាគីបានធ្វើប្រតិបត្តិការជាប្រចាំក្នុងជីវិតរស់នៅ និងក្នុងអាជីវកម្ម ឧទាហរណ៍៖ ការទិញទំនិញទទួលទាន ការទិញផ្ទះសម្រាប់រស់នៅ ការចូលហ៊ុនធ្វើអាជីវកម្មជាមួយគ្នា ឬការពឹងពាក់សេវាកម្មច្បាប់ ឬសេវាកម្មដោះស្រាយវិវាទ។ល។ ដែលវិវាទនៃប្រតិបត្តិការទាំងនោះក៏អាចកើតឡើងដែរ ហេតុនេះបានជាមានសំណួរថា តើវិវាទកិច្ចសន្យាជាទូទៅកើតឡើងនៅពេលណា?

មុននឹងពិចារណាថាតើវិវាទកិច្ចសន្យាកើតឡើងនៅពេលណា? គេត្រូវដឹងជាដំបូងសិនថា អ្វីជាកិច្ចសន្យា What is a Contract? កិច្ចសន្យា គឺជាកិរិយាដែលបុគ្គលពីរនាក់ ឬច្រើននាក់មានឆន្ទៈត្រូវគ្នាព្រមបង្កើត កែប្រែ ឬរំលត់នូវកាតព្វកិច្ច (មាត្រា៣១១ នៃក្រមរដ្ឋប្បវេណី) ។ ហើយកិច្ចសន្យាមានអនុភាពដោយសារសំណើ និងស្វីការត្រូវគ្នា (មាត្រា៣៣៦ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី) ។ នៅពេលឆន្ទៈបង្កើតកិច្ចសន្យារបស់គូភាគីមានហើយ ហេតុអ្វីត្រូវមានវិវាទកើតឡើង? កត្តាដែលនាំឲ្យវិវាទកើតឡើង ដោយសារចំនុចមួយចំនួនដូចខាងក្រោម៖
- នៅពេលបង្កើតកិច្ចសន្យា ភាគីម្ខាងនៃកិច្ចសន្យាច្រើនតែធ្វេសប្រហែស ឬប្រថុយប្រថាន ឬជឿជាក់ថាភាគីម្ខាងទៀតស្មោះត្រង់ និងគោរពតាមការសន្យាដូចខ្លួនដែរ ។ ឧទាហរណ៍៖ កិច្ចសន្យាលក់-ទិញដីធ្លី ។ មានករណីខ្លះភាគីអ្នកទិញត្រូវបានភាគីអ្នកលក់រំលោភបំពាន ដូចជាករណីសិក្សាជាក់ស្តែងមួយ ដែលភាគីអ្នកទិញបានចំណាយលុយចំនួន ៦.០០០ ដុល្លាអាមេរិក ទិញដីមួយកន្លែងនៅភូមិដំណាក់ចង្អើរ ក្រុងកែប ឆ្នាំ២០០៧ (បច្ចុប្បន្នជាខេត្តកែប) ហើយទុកចិត្តភាគីអ្នកលក់ និងជឿតាមការជម្រុញរបស់អ្នកនាំទិញដីនោះដែលជាជនធ្លាប់ស្គាល់គ្នា ក៏បានប្រគល់ឲ្យភាគីលក់រៀបចំកិច្ចសន្យា ហើយភាគីទិញយកលុយពីភ្នំពេញមកប្រគល់គ្រប់តែមួយលើកជាការរួចរាល់ ។ ពេលថ្ងៃប្រគល់លុយ មានមន្ត្រីប៉ុស្តិ៍ចូលរួមដឹងលឺ ហើយភាគីអ្នកលក់បានប្រគល់កិច្ចសន្យាដែលខ្លួនបានរៀបចំរួចឲ្យភាគីអ្នកទិញផ្តិតម្រាមដៃជាការស្រេច រីឯភាគីអ្នកទិញពុំមានចំណេះដឹងគ្រប់គ្រាន់ពីកិច្ចសន្យានោះឡើយ ។ ៣ថ្ងៃក្រោយមក នៅពេលភាគីអ្នកទិញធ្វើរបងព័ទ្ធដីដែលបានទិញនោះ ក៏មានបញ្ហាកើតឡើងដោយមានការទាមទារពីកម្មសិទ្ធិករផ្សេងទៀត ហើយភាគីអ្នកទិញធ្វើការទាមទារឲ្យភាគីអ្នកលក់ដោះស្រាយ តែមិនបានដោះស្រាយនោះទេ បន្ទាប់មកភាគីអ្នកទិញធ្វើការទាមទារយកលុយពីភាគីអ្នកលក់វិញក៏មិនបានទៀត រីឯកិច្ចសន្យាក៏មានបញ្ហា ហើយចុងក្រោយទោះបីភាគីអ្នកទិញប្តឹងទៅតុលាការក៏នៅតែមិនឈ្នះក្តី និងមិនទទួលបានអ្វីទាំងអស់សូម្បីតែលុយ ឬក៏ដី ។ ករណីខ្លះទៀត ភាគីអ្នកលក់ដី ជាអ្នករងគ្រោះ ពីព្រោះតែបានផ្តិតម្រាមដៃលក់ដីទៅឲ្យភាគីអ្នកទិញរួច ព្រមទាំងបានធ្វើប្លង់ផ្ទេរសិទ្ធិ (កាត់ឈ្មោះ) ទៅឲ្យភាគីអ្នកទិញរួចរាល់ទៀតផង តែប្រាក់ថ្លៃដីបានត្រឹមតែប្រាក់កក់ប៉ុណ្ណោះ ដូចជាករណីលក់-ទិញដីធ្លី មួយកន្លែងនៅភូមិកែប ខេត្តកែប នាឆ្នាំ២០១៨ ។ ករណីនោះភាគីអ្នកលក់បានទទួលប្រាក់កក់ចំនួន ១០.០០០ ដុល្លាអាមេរិក (មួយម៉ឺន) ហើយរ៉ាប់រងរត់ការផ្ទេរកម្មសិទ្ធិដីរបស់ខ្លួនទៅឲ្យភាគីអ្នកទិញ ។ តែនៅពេលផ្ទេរឈ្មោះរួចរាល់ហើយ ភាគីអ្នកលក់មិនបានបង់ប្រាក់ដែលនៅសល់ជាង ៧០.០០០ ដុល្លាអាមេរិក (ប្រាំពីម៉ឺន)ទៀតទេ រហូតដល់ជិតមួយឆ្នាំ ទើបភាគីអ្នកលក់សម្រេចចិត្ដដាក់ពាក្យបណ្តឹងចូលតុលាការដើម្បីរកដំណោះស្រាយ ។
- កិច្ចសន្យាខ្លះមិនបានធ្វើជាលាយលក្ខណ៍អក្សរ ឬជាលិខិតស្នាម ឬមានសាក្សីដឹងលឺនោះទេ ពីព្រោះយល់ថា ជាការរាប់អានគ្នា ឬជាសាច់ញាតិ ដូចជា កិច្ចសន្យាខ្ចីប្រាក់ ឬកិច្ចសន្យាចូលហ៊ុនអាជីវកម្ម ជាដើម ។ ឧទាហរណ៍៖ ករណីសិក្សាជាក់ស្តែងមួយ បានកើតឡើងនៅខេត្តកំពតនាឆ្នាំ២០០៨ ក្នុងគ្រួសារមួយ ដែលម្តាយបានឲ្យកូនស្រីច្បងខ្ចីប្រាក់ចំនួន ៧.០០០ ដុល្លាអាមេរិកយកទៅរកស៊ី តែក្រោយមកនៅពេលម្តាយត្រូវការប្រាក់នោះវិញ បែរជាកូនស្រីបង្កើតមិនព្រមឲ្យ ថែមទាំងសួរបញ្ជាក់មកម្តាយវិញថា “ម៉ែឯងមានលិខិតស្នាមបញ្ជាក់ថាខ្ញុំ (កូនស្រី) បានខ្ខីប្រាក់នោះដែរទេ?” ។
- កិច្ចសន្យាខ្លះរៀបចំមិនបានត្រឹមត្រូវទៅតាមលក្ខខណ្ឌច្បាប់កំណត់ ដែលជាហេតុផ្តល់ឱកាសឲ្យភាគីម្ខាងទៀតអាចបំពានដោយមិនបារម្ភពីការទទួលខុសត្រូវចំពោះមុខច្បាប់ ។ ឧទាហរណ៍៖ កិច្ចសន្យាលក់-ទិញដីធ្លីនៅភូមិដំណាក់ចង្អើរ ខេត្តកែបខាងលើ ។ កិច្ចសន្យានោះបានរៀបចំដោយភាគីអ្នកលក់តែម្ខាង ជាហេតុផ្តល់ឱកាសឲ្យអាចបង្កើតភាពមិនប្រក្រតីជាច្រើន ដែលក្នុងនោះភាពមិនប្រក្រតីមួយគឺចំនុចមេភូមិចុះហត្ថលេខាដឹងលឺពីការព្រមព្រៀងរបស់គូភាគីនៃកិច្ចសន្យាមួយថ្ងៃមុនគូភាគីផ្តិតម្រាមដៃ ដែលនេះគួតែក្រោយគូភាគីផ្តិតម្រាមដៃ ឬនៅថ្ងៃតែមួយទើបជាការត្រឹមត្រូវ ចំនុចមិនប្រក្រតីមួយទៀត គឺសាក្សីដឹងលឺពីការប្រគល់ប្រាក់បង្គ្រប់ថ្លៃដី តែបែរជាមិនហ៊ានបញ្ជាក់ ឬប្រែក្រឡាស់ធ្វើមិនជាដឹងច្បាស់នៅពេលមានបញ្ហាកើតឡើង ឬមានការប្តឹងទាមទារប្រាក់វិញ នេះមកពីសាក្សីនោះមិនមែនជាអ្នកជំនាញវិជ្ជាជីវៈ ដូចជា មេធាវី ជាដើម ។ល។
- ការមិនពឹងពាក់អ្នកជំនាញ ឬអ្នកវិជ្ជាជីវៈនៃកិច្ចសន្យា ដូចជាមេធាវី សំរាប់ជួយរៀបចំកិច្ចសន្យា អាចធ្វើឲ្យការរៀបចំកិច្ចសន្យាមានចន្លោះប្រហោង ឬមិនបានល្អ ឬមិនត្រឹមត្រូវតាមច្បាប់ ឬមិនអាចបំពេញនូវវិធានការការពារចំពោះវិវាទកើតឡើង ឬផ្តល់ជាឱកាសក្នុងការគេងប្រយោជន៍ដល់ភាគីបំពាន ។

ជារួម វិវាទកិច្ចសន្យាច្រើនកើតឡើងខណៈពេលអនុវត្តកិច្ចសន្យា ពីព្រោះពេលនោះគឺឱកាសផ្តល់ឲ្យបានឃើញជាច្រើនដូចជា ដោយសារការធ្ធ្វេសប្រហែស ឬការប្រថុយប្រថាន ឬទំនុកចិត្តរបស់ភាគីម្ខាងនាពេលរៀបចំកិច្ចសន្យាពីដំបូង ដោយសារគ្មានលិខិតស្នាមបញ្ចាក់ ឬសាក្សីដឹងលឺ ដោយសារការរៀបចំពុំបានត្រឹមត្រូវតាមបទដ្ឋានច្បាប់ និងដោយសារភាគីម្ខាងដែលបំពានមានចិត្តមិនស្មោះត្រង់ និងលោភលន់ចង់បានប្រយោជន៍ពីការបំពានកិច្ចសន្យានោះ ។ល។ ដូច្នេះការរៀបចំកិច្ចសន្យាជាលាយល័ក្ខណ៍អក្សរ និងការពឹងពាក់អ្នកជំនាញវិជ្ជាជីវៈឲ្យជួយក្នុងការចាប់ផ្តើមគ្រាដំបូងនៃការបង្កើតកិច្ចសន្យា នឹងនាំឲ្យកិច្ចសន្យាបានរៀបរយ និងមានវិធានការការពារជាអតិបរិមា ៕

អរគុណចំពោះការចែករំលែកចំណេះដឹង
LikeLiked by 1 person