តេីការក្ស័យធនអាចជាហេតុធ្វេីឲ្យប្តី-ប្រពន្ធលែងលះគ្នាដែរឬទេ Is a Bankruptcy to be permitted for a Divorce?

ការក្ស័យធន (Bankruptcy) គឺជាការអស់នូវទ្រព្យសម្បត្តិសំរាប់ផ្គត់ផ្គង់ជីវភាពរស់នៅ ឬសំរាប់អាជីវកម្ម ឬសំរាប់ទូទាត់បំណុលដល់ម្ចាស់បំណុល ហេីយត្រូវបានប្រកាសដោយតុលាការ។ ហេតុនេះនៅពេលការក្ស័យធនកេីតមានចំពោះគ្រួសារអាចនឹងនាំឲ្យជីវភាពប្តីប្រពន្ធជួបប្រទះនឹងភាពរកាំរកូស ការរស់នៅមិនចុះសម្រុងជាមួយគ្នាផងដែរ។ លើសពីនេះករណីខ្លះ វាក៏បណ្តាលឲ្យសហព័ទ្ធយកជាមូលហេតុដើម្បីចែកផ្លូវគ្នាដើរទៀតផង ។​ តើករណីបែបនេះ ពួកគេអាចលែងលះគ្នាបានដែរឬទេ?

ករណីក្ស័យធន ជាស្ថានភាពមួយក្នុងចំណោមព្រឺត្តិការណ៍ជាច្រើនដែលអាចកើតឡើងសំរាប់សហព័ទ្ធ តែវាមិនដូចព្រឹត្តិការណ៍ទាំងនោះទេ ពីព្រោះពួកគេច្រើនកើតចេញពីភាគីផ្ទាល់។ ឧទាហរណ៍ ប្តីមានស្រីផ្សេង ឬប្រពន្ធផិតក្បត់ ឬការបោះបង់ចោលសហព័ទ្ធណា មួយដោយគ្មានមូលហេតុត្រឹមត្រូវជាដើម។ រីឯស្ថានភាពក្ស័យធន ជាព្រឹត្តិការណ៍កើតក្រៅពីគូភាគី ពោលគឺអាចមកពីប្រតិបត្តិការអាជីវកម្មរបស់ពួកគេជួបឧបសគ្គដោះស្រាយមិនបាន ឬដោយការធ្វេសប្រហែសក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ ដូចជាដោយសារភ្លើងឆេះ ឬដោយសារត្រូវបានគេឆបោក ។ល។ ហេតុនេះ ការក្ស័យធន មិនឋិតនៅក្នុងឆន្ទៈ ឬសកម្មភាពរបស់ប្តីប្រពន្ធដែលត្រូវបានច្បាប់កំណត់យកមកជាមូលហេតុដើម្បីទទួលបានការសម្រេចឲ្យធ្វើការលែងលះនោះឡើយ ។ តែវាហាក់ដូចជាមានប្រយោជន៍ក្នុងការយក មកពិចារណា អំពីការមិនបែងចែកទ្រព្យសម្បត្តិរបស់សហព័ទ្ធនៅពេលពួកគេមានលក្ខខណ្ឌផ្សេងទៀតគ្រប់គ្រាន់សំរាប់ការដើរចេញពីគ្នានោះ ។ លក្ខខណ្ឌផ្សេងទៀតដែលច្បាប់កំណត់ពីមូលហេតុអាចយកមកធ្វើការលែងលះបាន​ អាចឃើញចែងនៅមាត្រា ៩៧៨ នៃក្រមរដ្ឋប្បវេណី ។ បន្ថែមពីនេះ មានករណីសិក្សាមួយដែលលោកមេធាវី អ៊ូច វុធ្ធី ជាមេធាវីតំណាងដោយអាណត្តិឲ្យដើមចោទស្នើសុំធ្វើការលែងលះ បានអនុវត្តនៅឆ្នាំ២០១៧ ក្នុងពេលលោកជាមេធាវីកម្មសិក្សានៅឡើយ ។

តាមរយៈសំណុំរឿងរដ្ឋប្បវេណីលេខ ២៥៧ ចុះថ្ងៃទី ០៤-មេសា-២០១៧​ របស់សាលាដំបូងខេត្តបាត់ដំបង សហព័ទ្ធបានរៀបអាពាហ៍ពិពាហ៍បាន ៧ឆ្នាំ តែក្រោយរៀបការរួច ប្តីបានត្រលប់ទៅធ្វើការនៅក្រៅប្រទេសដើម្បីគ្រប់គ្រងអាជីវកម្មយានដ្ឋានជួសជុលរថយន្ត និងរៀបចំសំណុំឯកសារដើម្បីធានាប្រពន្ធទៅរស់នៅទីនោះដែរ ។ ក្រោយមកអាជីវកម្មយានដ្ឋាននោះត្រូវជួបនឹងការខាតបង់ ហើយស្ថានភាពប្តីឈានដល់តុលាការសម្រេចជាករណីក្ស័យធន ។​ ក្នុងកំឡុងពេលដែលរស់នៅបែកគ្នានេះដែរ ភាពរកាំរកូសរបស់ប្តី-ប្រពន្ធកេីតមានជាហូរហែរដែលធ្វេីឲ្យភាគីម្ខាងនៃប្តី-ប្រពន្ធនេះបានសម្រេចបញ្ចប់ចំណងអាពាហ៍ពិពាហ៍ដោយស្នេីសុំលែងលះ ទោះបីភាគីម្ខាងទៀតមិនព្រមក៏ដោយ។ ជាលទ្ធផល ផ្អែកលើសាលក្រមលេខ ៣៦៧ ឃ ចុះថ្ងៃទី១១-កក្កដា-២០១៧ បានសម្រេចឲ្យពួកគេលែងលះពីគ្នា ដោយគ្មានធ្វើការការបែងចែកទ្រព្យសម្បត្តិអ្វីនោះឡើយ ទោះបីភាគីប្រពន្ធទាមទារប្រាក់ចំនួន US$ 10,000.00 (មួយម៉ឺនដុល្លាអាមេរិក) ក៏ដោយ ហើយការសម្រេចឲ្យលែងលះនេះ មិនមែនពីព្រោះករណីក្ស័យធនទេ តែដោយផ្អែកលើមូលហេតុផ្សេងទៀតបញ្ជាក់នៅមាត្រា ៩៧៨ កថាខណ្ឌទី១ ចំនុច ឃ និង ង នៃក្រមរដ្ឋប្បវេណីប៉ុណ្ណោះ។

សរុបសេចក្តីមក ការក្ស័យធន ជាស្ថានភាពមួយកើតឡើងក្រៅពីអំពើរបស់សហព័ទ្ធ ដែលមិនអាចយកមកធ្វើជាមូលហេតុសំរាប់លែងលះឡើយ ។ ផ្ទុយទៅវិញ ការលែងលះអាចធ្វើទៅបានត្រូវជាមូលហេតុចេញពីប្តី ឬប្រពន្ធ ឬទាំងប្តីប្រពន្ធ និងស្របតាមលក្ខខណ្ឌកំណត់ដោយច្បាប់ ព្រមទាំងត្រូវបានសម្រេចអនុញ្ញាតដោយតុលាការសមត្ថកិច្ច។ ការពិចារណា ពីការស្តារស្ថានភាពក្ស័យធន និងការពិនិត្យពីស្ថានភាពរបស់សហព័ទ្ធ មុននឹងធ្វើការសម្រេចលែងលះ គឺជាវិធីសាស្ត្រដ៏ល្អប្រពៃដែលប្តី ប្រពន្ធគួរយកចិត្តទុកដាក់ ៕

Photo by cottonbro on Pexels.com

One thought on “តេីការក្ស័យធនអាចជាហេតុធ្វេីឲ្យប្តី-ប្រពន្ធលែងលះគ្នាដែរឬទេ Is a Bankruptcy to be permitted for a Divorce?”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s