សំណង់ (Construction) អាចត្រូវបានបង្កើតឡើងដោយការផ្គុំជាច្រើនបែប ដូចជា ឈើ ស័ង្កសី ថ្ម ឬចម្រុះណាមួយ ។ល។ ទៅតាមតម្រូវការរបស់ម្ចាស់ឬអ្នកប្រើប្រាស់សំណង់ (Construction Owners or Users) ។ សំរាប់កម្ពុជានាពេលបច្ចុប្បន្ន មានច្បាប់ស្តីពីសំណង់ (Law on Construction) អនុក្រឹត្យស្តីពីលិខិតអនុញ្ញាតសាងសង់ (អនុក្រឹត្យលេខ២២៤) និងបទដ្ឋានគតិយុត្តមួយចំនួនទៀតគ្រប់គ្រងពីការប្រើប្រាស់សំណង់ទាំងនោះនៅកម្ពុជា ។ ហេតុនេះបានជាមានចម្ងល់ថា តើការសាងសង់សំណង់ត្រូវតែសុំការអនុញ្ញាតពីស្ថាប័នសមត្ថកិច្ចជាមុនឬ?

សំណង់ទាំងឡាយ (ការសាងសង់ឬរុះរើ) ជាទូទៅត្រូវធ្វើការស្នើសុំលិខិតអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច ឬមន្ត្រីមានសមត្ថកិច្ច លើកលែងតែការងារមួយចំនួនដែលបានកំណង់ក្នុងអនុក្រឹត្យនេះ (មាត្រា៨ កថាខណ្ឌ១ នៃអនុក្រឹត្យលេខ២២៤) ។ ការស្នើសុំនេះអាចធ្វើនៅច្រកចេញចូលតែ១របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬសាលារាជធានី ខេត្ត ឬសាលាក្រុង ស្រុក ខណ្ឌ ដោយផ្អែកទៅតាមទំហំនៃសំណង់ដែលបានស្នើ និងកន្លែងសំណង់ស្ថិតនៅ ។ ឧទាហរណ៍៖ សំណង់លំនៅឋានមួយកន្លែងនៅក្នុងក្រុង-ខេត្តកំពត ដែលមានផ្ទៃក្រឡាកម្រាល≤500 ម៉ែត្រក្រឡានិងមានកំពស់≤4 ជាន់ រួមទាំងជាន់ផ្ទាល់ដី ដោយគ្មានជាន់ក្រោមដី ជាសមត្ថកិច្ចរបស់អភិបាលនៃគណៈអភិបាលក្រុងកំពត។ ហេតុនេះ អ្នកស្នើសុំការអនុញ្ញាត ត្រូវដាក់លិខិតស្នើសុំរបស់ខ្លួននៅការិយាល័ច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុងកំពត ខេត្តកំពត។ រយៈពេលសំរាប់ការការពិនិត្យដើម្បីអនុញ្ញាតឬមិនព្រម មានចំនួន ៤៥ ថ្ងៃនៃថ្ងៃធ្វើការចំពោះសមត្ថកិច្ចរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ២៥ថ្ងៃនៃថ្ងៃធ្វើការសំរាប់សមត្ថកិច្ចរបស់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និង១៥ថ្ងៃនៃថ្ងៃធ្វើការសំរាប់សមត្ថកិច្ចរបស់អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ហើយបើលើសពីរយៈពេលនេះ ចាត់ទុកថាអាជ្ញាធរឬមន្ត្រីមានសមត្ថកិច្ចបានយល់ព្រមដោយតុណ្ហីភាព (មាត្រា៨ កថាខណ្ឌទី៣ នៃអនុក្រឹត្យលេខ២២៤) ។ ផ្ទុយពីនេះ ក្នុងករណីពាក្យសុំសាងសង់មិនត្រូវបានយល់ព្រមក្នុងអំឡុងពេលកំណត់ ការបដិសេធត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងបញ្ជាក់ពីមូលហេតុច្បាស់លាស់ (មាត្រា៨ កថាខណ្ឌទី២ នៃអនុក្រឹត្យ២២៤) ។

សំណង់ដែលមិនចាំបាច់សុំលិខិតអនុញ្ញាត រួមមាន៖
- សំណង់អគារផ្ទាល់ដី មានផ្ទៃក្រឡាកម្រាល≤ ១២ ម៉ែត្រ និងកំពស់≤ ៥ម៉ែត្រ ។
- លំនៅដ្ឋានធ្វើពីឈើ ផ្ទះថ្មក្រោមឈើលើដោយមានកម្រាលខណ្ឌធ្វើពីឈើ …។
- សំណង់មិនមែនបេតុងដែលសាងសង់ផ្ទាល់ដីសម្រាប់ប្រើប្រាស់ជាបណ្តោះអាសន្ន (វេទិកា រោង តូប បង្គោល ដងទង់ ឬគ្រឿងផ្គុំដទៃសម្រាប់ប្រារព្ធពិធីផ្សេងៗ) ។
- …
- របងដែលមិនធ្វើពីថ្ម ឬបេតុង ។ (មាត្រា១៥ នៃអនុក្រឹត្យលេខ២២៤) ។
ក្រៅពីនេះ ក៏អនុវត្តដូចគ្នាផងដែរចំពោះការងារសាងសង់ក្នុងស្ថានភាពអាសន្នឬគ្រោះមហន្តរាយ ដើម្បីជួយសង្គ្រោះឬការពារអាយុជីវិតមនុស្សឬបង្ការមិនឲ្យមានការប៉ះពាល់ឬខូចខាតធ្ងន់ធ្ងរដល់សុខភាពឬទ្រព្យសម្បត្តិ ទោះបីការសាងសង់នោះនៅលើដីកំពុងមានវិវាទក៏ដោយ។ ការអនុវត្តនីតិវិធីបន្ថែម មានចែងក្នុងមាត្រា១៤ នៃអនុក្រឹត្យលេខ២២៤ ។
ចំពោះសំណង់ដែលមិនតម្រូវឲ្យមានលិខិតអនុញ្ញាតទាំងនេះ ម្ចាស់សំណង់មុននឹងចាប់ផ្តើមធ្វើការសាងសង់ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ចៅសង្កាត់ ឬមេឃុំដែលសំណង់នោះស្ថិតនៅ ស្របតាមប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ (មាត្រា១៧ នៃអនុក្រឹត្យលេខ២២៤)
សរុបសេចក្តីមក រាល់សំណង់មុននឹងចាប់ផ្តើមធ្វើការសាងសង់ឬរុះរើត្រូវសុំលិខិតអនុញ្ញាតជាមុន លើកលែងតែប្រភេទសំណង់តូចតាច បែបប្រពៃណីខ្មែរ (ឈើ) មិនមែនថ្មឬបេតុង ក្នុងស្ថានភាពអាសន្នឬគ្រោះមហន្តរាយ និងជាលក្ខណៈបណ្តោះអាសន្ន ព្រមទាំងស្ថិតនៅក្នុងការកំណត់នៃអនុក្រឹត្យលេខ២២៤ នេះប៉ុណ្ណោះ។ ហើយសំណង់ដែលត្រូវបានលើកលែងទាំងនេះ ម្ចាស់សំណង់ ឬអ្នកប្រើប្រាស់សំណង់ ក៏ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ចៅសង្កាត់ ឬមេឃុំ ដែលសំណង់នោះស្ថិតនៅផងដែរ ។ ការបំពេញតាមនីតិវិធីច្បាប់ និងបទដ្ឋានគតិយុត្តនៃសំណង់ នឹងធ្វើឲ្យអ្នកទាំងនោះអាចរួចផុតពីការទទួលទោសទណ្ឌ ជួយបង្ការវិវាទជាមួយអ្នកជិតខាង និងលើកតម្កើងដល់វិស័យសំណង់ឲ្យកាន់តែប្រសើរ ៕