ភាពខុសគ្នារវាងសន្ធានកម្ម (ការសម្រុះសម្រួល) និងការសំរបសំរួល Different points between a Mediation and Facilitation.

សន្ធានកម្ម (ការសម្រុះសម្រួល) និងការសំរបសំរួល គឺជារបៀបដោះស្រាយវិវាទដែលមានភាគីទីបីចូលរួមជួយភាគីវិវាទដូចគ្នា។ តែរបៀបនៃការដោះស្រាយ ដំណើរការដោះស្រាយ និងលទ្ធផលនៃដំណោះស្រាយអាចមានភាពខុសគ្នា ។ តើភាពខុសគ្នាទាំងនោះមានអ្វីខ្លះ?

សំរាប់ការសម្រុះសម្រួល ភាគីទីបីសន្ធានករឬអ្នកសម្រុះសម្រួលជាអ្នកទទួលការបណ្តុះបណ្តាល មានជំនាញច្បាស់លាស់ និងយល់ដឹងពីប្រធានបទនៃវិវាទទៀត ពោលគឺជាអ្នកវិជ្ជាជីវៈផ្នែកនេះតែម្តង។ រីឯការសំរបសំរួល ភាគីទីបីអ្នកជួយសំរួលមិនចាំបាច់ទទួលការបណ្តុះបណ្តាល និងមិនចាំបាច់មានជំនាញអ្វីនោះទេ ហើយគេក៏មិនចាំបាច់ជាអ្នកវិជ្ជាជីវៈលើផ្នែកនេះដែរ ។ សូមពិនិត្យមើលករណីសិក្សា“ជំលោះរវាងបងប្អូនពីរនាក់ ដណ្តើមផ្លែក្រូចមួយផ្លែ” ហើយឪពុកបានជួយដោះស្រាយឲ្យពួកគេ

-តាមការស្ទង់មតិពីបុគ្គលមួយចំនួនជានិស្សិតច្បាប់នៅសាកលវិទ្យាល័យ និងសិក្ខាកាមជាមន្ត្រីរាជការបំរើការនៅតាមខេត្តមួយចំនួននៃកម្ពុជាដែលបានចូលរួមសិក្ខាសាលានាឆ្នាំ២០០០-២០១៥ ក្នុងនាមពួកគេដើរតួជាឪពុក ពួកគេតែងតែយកផ្លែក្រូចពីពួកកូន រួចហើយក៏ធ្វើការសម្រេចដោយពុះក្រូចជាពីរចំណែក ហើយហុចទៅឲ្យកូនទាំងពីរមួយចំហៀងម្នាក់ ។ ក៏មានមតិមួយចំនួនទៀតបានសម្រេចខុសពីរនេះបន្តិច ដោយឲ្យកូនតូចបានច្រើន ឬកូនធំបានច្រើនជាងម្ខាងទៀត ។ សំណួរសួរថា បន្ទាប់ពីឪពុកអនុវត្តដូចនេះហើយ តើកូនទាំងពីររបស់ពួកគេអាចមិនឈ្លោះគ្នាទៀតទេនៅពេលឪពុកចេញទៅបាត់? ចំលើយ៖ ប្រហែលជាមិនអាចទេ ពីព្រោះកូនធំអាចបានតិច ឬចង់បានផ្លែក្រូចទាំងមូល រីឯប្អូនអាចនឹងមិនត្រូវនូវអ្វីដែលគេចង់បានដែរ? ជំលោះនៅតែបន្ត

-ផ្ទុយទៅវិញ បើឪពុកឃើញកូនទាំងពីរកំពុងឈ្លោះគ្នាដណ្តើមផ្លែក្រូច គាត់អាចបញ្ឈប់ការ ឈ្លោះគ្នា ដកផ្លែក្រូចមកកាន់ជាបណ្តោះអាសន្ន​ ។ រួចចាប់ផ្តើមសួរដល់កូនបង ថាតើហេតុអ្វី បានជាដណ្តើមផ្លែក្រូចជាមួយប្អូន? កូននោះអាចនឹងឆ្លើយថា ខ្លួនធ្វើការអស់កំលាំង ចង់ហូបផ្លែក្រូចដើម្បីបំបាត់ការហេវហត់។ បន្ទាប់មកក៏សួរទៅកូនប្អូនម្តង ហេតុអ្វីបាន ដណ្តើមផ្លែក្រូចជាមួយបង? គាត់អាចប្រាប់ថាចង់បានសំបកក្រូចពាក់ធ្វើម្កុដលេងជាមួយមិត្តភក្រ្ត័ ។ ដូច្នេះឪពុកក៏យកផ្លែក្រូចមកជាសំបកជារង្វង់ ហើយហុចទៅឲ្យកូនប្អូន និងហុច សាច់ក្រូចទាំងមូលទៅឲ្យកូនបង ។ ពីរនាក់បងប្អូនក៏កាន់ដៃគ្នា និងលេងជាមួយគ្នា លើសពី នេះកូនបងក៏អាចចែករំលែកសាច់ក្រូចឲ្យទៅប្អូនរបស់ខ្លួនហូប រីឯប្អូនក៏អាចឲ្យម្កុដសំបកក្រូចមកបងពាក់ផងដែរ និងរីករាយសប្បាយជាមួយគ្នា ។ ម្យ៉ាងវិញទៀត ឪពុកក៏មិនចាំបាច់ប្រាប់កូនទាំងពីរឲ្យឈប់ឈ្លោះគ្នានោះដែរ ប្រាកដជាពួកគេមិនឈ្លោះគ្នានៅពេលគ្មានវត្តមានឪពុកនោះឡើយ ព្រមទាំងគ្មានគុំនុំ និងជួយការពារគ្នាទៀតផង ។

តាមរយៈការបង្ហាញពីការដោះស្រាយនៅចំនុចក្រោយ គឺជារបៀបនៃការដោះស្រាយ បែបសន្ធានកម្ម ឬការសម្រុះសម្រួល Mediation ហើយគេមិនត្រូវច្រឡំជំនាញនេះ ទៅនឹងការសំរបសំរួលដែរ ពីព្រោះ ការសំរបសំរួលគ្មានលក្ខណះជំនាញច្បាស់លាស់នោះទេ ។ ការសំខាន់ ឲ្យតែធ្វើយ៉ាងម៉េចនាំឲ្យគូវិវាទឈប់ឈ្លោះគ្នា ប៉ុន្តែលក្ខណះបែបនេះជាទូទៅមានត្រឹមតែជាបណ្តោះអាសន្នប៉ុណ្ណោះ ហើយវិវាទនៅតែបន្ត ករណីខ្លះរហូតដល់ធំក៏មាន ។ ការសំគាល់ការសំរបសំរួល យើងអាចរាប់បញ្ចូលនៅរបៀបដោះស្រាយដែលជាទំលាប់របស់កម្ពុជាយើង ដូចជា ការដោះស្រាយតាមរយៈចាស់ទុំ មេភូមិ មេឃុំ/ចៅសង្កាត់ មន្ត្រីរាជរដ្ឋាភិបាល ចៅក្រម (មុនសម្រេចក្តី) ដែលបានធ្វើពីមុន និងបន្តអនុវត្តសព្វថ្ងៃ ។ ក៏ប៉ុន្តែសន្ធានកម្ម (ការសម្រុះសម្រួល) ជាជំនាញថ្មី ហើយវាកំពុងពេញនិយមក្នុងឆាកអន្តរជាតិ លើសពីនេះវាគ្រប់ដណ្តប់និងមានឥទ្ធិពលលើ​ស្ទើរតែគ្រប់ប្រភេទវិវាទ មិនថាតែជំលោះធម្មតា សូម្បីតែវិវាទពាណិជ្ជកម្ម ដូចជា វិវាទក្រុមហ៊ុន វិវាទកិច្ចសន្យា វិវាទកម្មសិទ្ធិបញ្ញា វិវាទសំណង់ វិវាទការលក់ ក៏សាកសមបំផុតក្នុងការប្រើប្រាស់យន្តការនេះ ។ មើលឃើញពីអត្ថប្រយោជន៍ទាំងនេះ កម្ពុជាកំពុងតែផ្តួចផ្តើមបង្កើតយន្តការសន្ធានកម្មទាំងប្រភេទរឿងវិវាទពាណិជ្ជកម្មនិងរដ្ឋប្បវេណី និងទទួលស្គាល់សន្ធានករ (អ្នកសម្រុះសម្រួល) អាជីព ព្រមទាំងពិចារណាពីការចូលរួមជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសន្ធានកម្មអន្តរជាតិ (Singapore Convention on Mediation) នាពេលខាងមុខ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s