ការដោះស្រាយវិវាទ (Dispute Resolutions) ទោះជាប្រភេទវិវាទពាណិជ្ជកម្ម (Commercial Disputes) ឬវិវាទរដ្ឋប្បវេណី (Civil Disputes/Conflicts) អាចប្រព្រឹត្តទៅបាននៅក្រៅប្រព័ន្ធតុលាការ (Alternative Dispute Resolution “ADR”) ឬនៅតុលាការសមត្ថកិច្ច (Competent Courts) ហើយអាចធ្វើឡើងដោយការសម្រេចរបស់គូភាគីវិវាទខ្លួនឯង ឬដោយការសម្រេចរបស់បុគ្គលទី៣ ដូចជាចៅក្រម (Judge) ឬមជ្ឈត្តករ (Commercial Arbitrator) ជាដើម ។ល។ ក្នុងករណីដែលភាគិវិវាទឋិតក្នុងសិទ្ធិដែលអាចជ្រើសរើសបានសំរាប់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សន្ធានកម្ម ឬការសម្រុះសម្រួលជាយន្តការមួយដែលផ្តល់សិទ្ធិឲ្យគូភាគីវិវាទធ្វើសេចក្តីសម្រេចបញ្ចប់វិវាទដោយខ្លួនឯង ហើយកំពុងមានប្រជាប្រិយភាព និងបានឆ្លើយតបទៅបញ្ហារបស់ពួកគេបានយ៉ាងល្អ ។ តើសន្ធានកម្ម ឬការសម្រុះសម្រូលប្រព្រឹត្តិទៅដូចម្តេចខ្លះ? ហើយវាបានផ្តល់ផលប្រយោជន៍បែបណាដល់គូភាគីវិវាទ?

សន្ធានកម្ម ឬការសម្រុះសម្រួល (Mediation) គឺជាយន្តការ ឬរបៀបដោះស្រាយវិវាទដែល មានភាគីទី៣ ជួយដល់គូវិវាទឲ្យមានលទ្ធភាពអាចចរចាសំរេចលើដំណោះស្រាយវិវាទរបស់ពួកគេដោយខ្លួនឯង។ ភាគីទី៣នេះ ត្រូវបានហៅថាសន្ធានករ ឬសន្ធានការី ឬអ្នកសម្រុះសម្រួល (Mediator) ហើយគេអាចជាមនុស្សម្នាក់ ឬជាក្រុមមនុស្សដែលអព្យាក្រឹត ដឹកនាំការសម្រុះសម្រួល។ អ្នកសម្រុះសម្រួលត្រូវតែធ្លាប់បានទទួលការបណ្តុះបណ្តាល និងយល់ដឹងពីដំណើរការសម្រុះសម្រួល។ លើសពីនេះ គេត្រូវតែអាចច្បាស់លាស់ពីប្រធានបទវិវាទ និងចេះពីជំនាញទំនាក់ទំនង ពីព្រោះដើម្បីធ្វើឲ្យការសម្រុះសម្រួលអាចប្រព្រឹត្តទៅបាន ជាផែនទីបង្ហាញផ្លូវ និងអាចផ្តល់ផ្លែផ្កាដល់ការសម្រុះសម្រួល ។ បន្ថែមពីនេះ ដើម្បីប្រើការសម្រុះសម្រួលបាន គូភាគីវិវាទត្រូវតែព្រមព្រៀងជាមួយគ្នាក្នុងការជ្រើសរើសយន្តការនេះ និងសន្ធានករ ឬសន្ធានការី ឬអ្នកសម្រុះសម្រួល ជាមួយគ្នា ។
តើការសម្រុះសម្រួលផ្តល់ប្រយោជន៍អ្វីខ្លះ?
ប្រយោជន៍ទី១៖ គូភាគីមានសិទ្ធិក្នុងការជ្រើសរើសអ្នកសម្រុះសម្រួល (Mediator) ពីព្រោះថាការសំរុះសំរួលអាចដំណើរការបានទាល់តែភាគីវិវាទ បានព្រមព្រៀងគ្នាលើអ្នកសម្រុះសម្រួលរួចសិន ។ ការព្រមព្រៀងគ្នានេះអាច ធ្វើមុនពេលមានវិវាទកើតឡើងដោយមានចែងកំណត់ទុកជាមុននៅក្នុងកិច្ចសន្យាអាជីវកម្មរបស់ខ្លួន ឬក៏បន្ទាប់ពីមានវិវាទកើតឡើង ។ ការទទួលបានសិទ្ធិនេះ ធ្វើឲ្យភាគីវិវាទ អាចពិនិត្យមើលពីគុណសម្បត្តិរបស់អ្នកសម្រុះសម្រួល ដែលខ្លួនស្គាល់ដោយផ្ទាល់ ឬតាមរយៈស្ថាប័នដោះស្រាយវិវាទណាមួយ ដែលនេះអាចធានាពីភាពមានសមត្ថភាព ការជឿជាក់ និងលក្ខណៈផ្សេងៗទៀតនៃជំនាញ សំរុះសំរួលដែលអ្នកសម្រុះសំរួលមានសំរាប់ជួយដល់វិវាទរបស់ពួកគេ ។ ឧទាហរណ៍៖ ការយល់ដឹងច្បាស់ពីប្រភេទនៃវិវាទ ដូចជា ក្រុមហ៊ុន/គ្រួសារ កម្មសិទ្ធិបញ្ញា ការលក់ទំនិញ/សេវា កិច្ចសន្យា សំណង់/ដីធ្លី…ធ្វើឲ្យ អ្នកសម្រុះសម្រួល អាចផ្តល់អនុសាសន៍ដល់ភាគីវិវាទដែលទាក់ទងនឹងប្រភេទវិវាទទាំងនោះបានល្អជាងការមិនបានដឹង។ ឧទាហរណ៍មួយទៀត៖ ការយល់ដឹងពីច្បាប់ដែលពាក់ព័ន្ធនឹងកម្មវត្ថុវិវាទខាងលើ វាក៏អាចធ្វើឲ្យ អ្នកសម្រុះសម្រួល ជួយឲ្យការសំរុះសំរួលប្រព្រឹត្តទៅបានលទ្ធផលល្អផងដែរ ចំពោះវិវាទទាក់ទងនឹងការទាមទារសិទ្ធិ ឬក៏ការទទួលខុសត្រូវនានា ។ ហេតុនេះបានជាច្បាប់ស្តីពីមជ្ឈត្តការពាណិជ្ជកម្មកម្ពុជា ត្រង់មាត្រា៣៨ បានអនុញ្ញាតឲ្យមជ្ឈត្តករ (Commercial Arbitrator) ធ្វើការសំរុះសំរួលវិវាទពាណិជ្ជកម្មជាមុន ប្រសិនបើគូវិវាទយល់ព្រម ។
ប្រយោជន៍ទី២៖ សិទ្ធិស្មើគ្នាក្នុងយន្តការសំរុះសំរួលត្រូវបានផ្តល់ឲ្យគូវិវាទ ។ សិទ្ធិទាំងនេះរួមមាន ការពិភាក្សា ឬក៏ការទំនាក់ទំនងជាមួយអ្នកសម្រុះសម្រួល ការចូលរួមចំណែកក្នុងការចំណាយ (ភាគីវិវាទបង់ប្រាក់ស្មើគ្នា (៥០%–៥០%) ដែលតិចជាងប្រព័ន្ធតុលាការ តំរូវឲ្យអ្នកចាញ់ត្រូវចំណាយ ១០០%) និងការ ទទួលបានពត៌មាន និងឯកសារពីយន្តការនេះដូចគ្នា ។
ប្រយោជន៍ទី៣៖ ចំណេញពេលវេលា ពីព្រោះថាការដោះស្រាយវិវាទដោយ ការសំរុះសំរួល អាចបញ្ចប់ ក្នុងរយៈពេលខ្លី ។ រឿងវិវាទខ្លះបញ្ចប់ត្រឹមតែ ១វគ្គ ២វគ្គ ឬ៣វគ្គសំរុះសំរួល ឬ១ថ្ងៃ ៣ថ្ងៃ ១សប្តាហ៍ ១ខែ ៤ខែ ឬអាចនិយាយជារួមថាតិចជាង ១ឆ្នាំ ដែលកំឡុងពេលនេះ ប្រព័ន្ធតុលាការពិបាកនឹងធ្វើបានណាស់ ។ ហេតុផលដែលអាចបញ្ចប់រឿងវិវាទបានក្នុងរយៈពេលខ្លីបែបនេះ គឺបណ្តាលមកពីកត្តាជាច្រើនអំណោយផលមានដូចជា បច្ចេកទេស និងសមត្ថភាពរបស់អ្នកសម្រុះសម្រួល ឬស្ថាប័នដោះស្រាយវិវាទដែល ភាគីវិវាទពឹងពាក់ ទីកន្លែងធ្វើការដោះស្រាយអាចប្រព្រឹត្តទៅបានច្រើន និង អាស្រ័យទៅនឹងការចង់បានរបស់ភាគីវិវាទ (ឧទាហរណ៍៖នៅការិយាល័យរបស់អ្នកសម្រុះសម្រួល អាស័យដ្ឋានរបស់ភាគីវិវាទ សណ្ឋាគារ ភោជនីដ្ឋាន… តាមរយៈទូរស័ព្ទ វីដេអូខនហ្វឺរិន ។ល។) ។ ការបញ្ចប់វិវាទរហ័សធ្វើឲ្យគូភាគីមិនសូវមានកង្វល់ច្រើន និងចំណាយប្រាក់អស់តិច ហើយអាចផ្តោត អារម្មណ៍ល្អ និងប្រើប្រាស់ពេលវេលាសំរាប់ការងារផ្សេងៗទៀត ដូចជាការងារ អាជីវកម្ម ជាដើម ។
ប្រយោជន៍ទី៤៖ ការសម្ងាត់ក្នុងដំណើរការសម្រុះសម្រួល ពោលគឺរាល់ព៌តមានរបស់គូភាគីវិវាទដែលអាចប៉ះពាល់ដល់ឈ្មោះភាគីវិវាទ និងវិវាទរបស់ពួកគេ ត្រូវបានរក្សាជាការសម្ងាត់ ពីសាធារណជនដែលជាការជួយរក្សាកិត្តិយស ផលប្រយោជន៍ក្នុងការប៉ះទង្គិចដល់អាជីវកម្មរបស់ពួកគេ ។
ប្រយោជន៍ទី៥៖ ភាគីវិវាទទទួលបាននូវលទ្ធផលនៃការដោះស្រាយជាប្រយោជន៍ដូចគ្នាទៅតាមសេចក្តីត្រូវការរបស់ពួកគេ ឬហៅថាលទ្ធផលឈ្នះ–ឈ្នះ ។ ហេតុនេះបន្ទាប់ពីសំរេចដំណោះស្រាយ ភាគីវិវាទតែងតែអនុវត្តនូវលក្ខខណ្ឌទាំងឡាយនៃការព្រមព្រៀង និងបន្តរក្សាបានទំនាក់ទំនងជាមួយគ្នាទៅខាងមុខទៀត ដែលទាំងនេះជា គុណសម្បត្តិល្អ ជាងការដោះស្រាយវិវាទតាមបែបផ្សេងទៀត មានប្រព័ន្ធតុលាការជាតួយ៉ាង ។

សរុបសេចក្តីមក សន្ធានកម្ម ឬការសម្រុះសម្រួលវិវាទ គឺជារបៀបនៃការដោះស្រាយវិវាទមួយធ្វើឲ្យគូវិវាទមានលទ្ធភាពអាចពិចារណា និងសំរេចដោយច្បាស់លាស់ពីពួកគេ ក្រោមការជួយជ្រុមជ្រែងពីអ្នកសម្រុះសម្រួល អព្យាក្រឹត។ តាមរយៈនេះ ផលប្រយោជន៍ជាច្រើនត្រូវបានផ្តល់ឲ្យរួមមាន៖ សិទ្ធិជ្រើសរើសអ្នកសម្រុះសម្រួល សិទ្ធិស្មើគ្នាក្នុងដំណើរការសំរុះសំរួល ការចែករំលែកការចំណាយជាមួយគ្នា រយៈពេលដោះស្រាយលឿន គ្មានការខ្វល់ខ្វាយពីការចាញ់ប្រៀបចំពោះភាគីម្ខាងៗ លទ្ធផលទទួលបានទាំងអស់គ្នា ទំនាក់ទំនងរបស់គូវិវាទនៅតែបន្ត និងការសម្ងាត់នៃគូភាគីវិវាទ ជាដើម។ល។ ដោយសារការសម្រុះសម្រួលមានប្រយោជន៍ច្រើន និងមានគោលបំណងសំរាប់ភាគីវិវាទបែបនេះ វាត្រូវបានចាប់ អារម្មណ៍ខ្ពស់ពីពាណិជ្ជករ ជនស៊ីវិល សង្គមស៊ីវិល និងរដ្ឋាភិបាល ហើយត្រូវបានជ្រើសរើសយកមកអនុវត្តនៅលើ ពិភពលោក រួមទាំងកម្ពុជាផងដែរ ៕