
ទី១០-វិច្ឆិកា-២០២០)
មេធាវីអនុវត្តសកម្មភាពជាវិជ្ជាជីវ:សេរី ឯករាជ្យ និងចូលរួមបំរេីវិស័យយុត្តិធម៌។ គាត់ផ្តល់សេវាកម្មតាមរយ:ការសុំពឹងពាក់ពីអតិថិជន ឬការប្រគល់សិទ្ធិជាតំណាងឲ្យពួកគេ។ ហេតុនេះទេីបច្បាប់អនុញ្ញាតឲ្យគាត់អាចសម្រេចទទួលការងារណាមួយ ឬអត់ និងអាចកំណត់កម្រៃសេវាកម្មដោយខ្លួនឯង ផ្អែកលេីទំហំការងារដែលត្រូវបំពេញនោះ។ តេីមេធាវីសុទ្ធតែអាចទទួលបានប្រាក់កម្រៃពីអតិថិជនតាមការព្រមព្រៀងគ្នាមែនឬ?
ប្រាក់កម្រៃនៃសេវាកម្មមេធាវី គឺជាអ្វីដែលបានមកពីការព្រមព្រៀងជាមួយអតិថិជនលេីវិជ្ជាជីវ:មេធាវីតាមរយ:ការប្រឹក្សាយោបល់ ការតាក់តែងលិខិតស្នាមគតិយុត្ត ការធ្វេីជាតំណាងដោយអាណត្តិ ការការពារក្តីនៅក្រៅប្រព័ន្ធតុលាការ នៅសាលាជំរះក្តីគ្រប់ជាន់ថ្នាក់ ឬសេវាកម្មដ៏ទៃទៀតដែលច្បាប់បានអនុញ្ញាត ហេីយវាជាប្រភពតែមួយគត់ និងចាំបាច់សំរាប់ចាត់ចែងអាជីវកម្ម និងទ្រទ្រង់អត្ថិភាពរបស់មេធាវី។ ប៉ុន្តែពេលខ្លះប្រាក់កម្រៃនេះក៏ត្រូវបានអតិថិជនមិនឲ្យ ឬបោកប្រាស់ក្នុងការប្រេីសេវាកម្មវិជ្ជាជីវ:នេះតែម្តង។ ជាឧទាហរណ៍៖
- នៅថ្ងៃទី១៥-តុលា-២០២០ ម្ចាស់ក្រុមហ៊ុនបញ្ចាំមួយបានស្នេីសុំសេវាកម្ម និងពិនិត្យវាយតម្លៃការចំណាយសំរាប់ដំណេីរការក្តីដោយសុំជំពាក់ប្រាក់ថ្លៃពាក្យសុំសេវាកម្ម២៥០$ សិន ពីព្រោះប្រពន្ធរកកន្លែងវេលុយមិនមានក្នុងពេលយប់ ហេីយចាំពេលព្រឹកម៉ោង៧ នឹងប្រគល់ឲ្យ ពីព្រោះថ្ងៃស្អែកម៉ោង ៩ ព្រឹកនឹងចូលទៅបំភ្លឺនៅកន្លែងប៉េអឹមស្តីពីបណ្តឹងឆបោកពីម្ចាស់ហ៊ុនផ្សេងទៀតរបស់ក្រុមហ៊ុន។ ទោះបីត្រូវត្រៀមរៀបចំដេីម្បីឡេីងធ្វេីដំណេីរវេលាម៉ោង៣ ព្រឹក ទៅប្រជុំមហាសន្និបាតលេីកទី២៥ របស់គណ:មេធាវីនៅថ្ងៃស្អែកនារាជធានីភ្នំពេញ ហេីយមានការជំពាក់ប្រាក់ថ្លៃពាក្យសុំសេវាកម្មក៏ដោយ តែដេីម្បីជាប្រយោជន៍ដល់អ្នកស្នេីសុំ មេធាវីទទួលជួប ពិនិត្យឯកសារទាំងឡាយ ព្រមទាំងពិគ្រោះ និងផ្តល់យោបល់ច្បាប់ រហូតដល់ម៉ោងជិត៩យប់ទេីបបានទទួលអាហារពេលល្ងាច។ ប្រាក់ដែលបានជំពាក់ និងមានការផ្តិតម្រាមដៃទទួលស្គាល់ផងនោះ នៅតែមិនទាន់ទទួលបាននៅឡេីយរហូតមកដល់ពេលនេះ ហេីយក៏យល់ថាជាការបោកប្រាស់ផងដែរ។
- នៅឆ្នាំ២០១៩ មន្ត្រីរាជការម្នាក់ និងជាកូនម្ចាស់ដីមួយកន្លែងនៅខេត្តកែបបានសន្យាថានឹងបន្ថែមឲ្យសេវាកម្មមេធាវីចំនួន $1,000.00 នៅពេលអាចដោះស្រាយវិវាទឲ្យអ្នកទិញបង់ប្រាក់ថ្លៃទិញដីដែលមិនទាន់បានបង់ និងគ្មានសង្ឃឹម។ ក្រោយពីមេធាវីចាប់ផ្តេីមចូលរួមដោះស្រាយ អ្នកទិញក៏ងាកមកបង់ប្រាក់វិញ ហេីយអ្នកលក់មិនត្រឹមតែអាចទទួលប្រាក់តាមចំនួនថ្លៃដីដែលខ្វះទេ ថែមទាំងអាចដំឡេីងថ្លៃដីខ្ពស់ជាងមុនទៀតផង។ ផ្ទុយពីនេះ ប្រាក់$1,000.00 ដែលអតិថិជនបានសន្យាពីពេលមុនមិនបានប្រគល់ឲ្យទេ ទោះបីមេធាវីបានជួយគាត់សម្រេចការងារចុងក្រោយនៅថ្ងៃអាទិត្យដែលជាថ្ងៃសំរាកការងារក៏ដោយ។
- នៅឆ្នាំ២០១៨ ម្ចាស់អាជីវកម្មដីឡូតិ៍មួយ បានពឹងពាក់មេធាវីឲ្យសរសេរកិច្ចសន្យា និងប្រថាប់ត្រាលេីកិច្ចសន្យាលក់ដីទាំងនោះ ដោយសន្យាឲ្យកម្រៃសរុបចំនួនពីរម៉ីនដុល្លាអាមេរិកសំរាប់ដី១,០០០ ឡូតិ៍។ បន្ទាប់ពីលក់ដីបានជំហ៊ានដំបូងក៏ងាកមកកែប្រែដោយបញ្ចុះតម្លៃហេីយថ្នូរបន្ថែមចំនួនដីឡូតិ៍វិញដោយបញ្ជាក់ថាព្រមប្រគល់ដីទាំងអស់ដែលខ្លួនមានរហូតដល់10,000ឡូតិ៍ និងគំរោងសំណង់និងការងារទាំងឡាយផ្សេងទៀត ព្រមទាំងទទួលធ្វេីជាមេធាវីប្រចាំគ្រួសារខ្លួនផងដែរ។ គិតទៅទោះមានការទំលាក់តម្លៃ តែអាចមានប្រាក់កម្រៃកេីនឡេីងច្រេីនជាងមុនតាមរយ:សុភាសិត “តក់ៗពេញបំពង់”។ តែមិនដូច្នោះទេ អ្វីដែលសន្យា អតិថិជនមិនអនុវត្តតាមហេីយ នៅប្រមាថមេធាវីថាជាក្រពេី ពាល…ទៀតផង នៅពេលដែលខ្លួនប្រមូលប្រាក់រាប់ម៉ីន រាប់សែនដុល្លាក្នុងមួយខែសំរាប់កំឡុងពេលចាប់ពី៥ឆ្នាំឡេីងតាមរយ:កិច្ចសន្យាបង់រំលោះរបស់មេធាវី។ នេះបានហៅថាពេលមាន ភ្លេចក្រ ពីព្រោះពេលចាប់ផ្តេីមដំបូងពីរឆ្នាំមុន មកសុំពឹងពាក់មេធាវីឲ្យជួយដល់ការិយាល័យមេធាវី។
- នៅឆ្នាំ២០១៧ ម្ចាស់ក្រុមហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនពាណិជ្ជកម្មមួយមានវ័យ៧០-៨០ឆ្នាំ បានសន្យាដោយផ្ទាល់មាត់ថាឲ្យជឿគាត់ទៅ ពីព្រោះគាត់ជាមនុស្សចាស់មិនកុហកបោកប្រាស់ត្រឹមតែលុយ $3,800.00 នោះទេឲ្យតែរឿងក្តីចប់នៅសាលាដំបូងគាត់នឹងឲ្យប្រាក់ទាំងអស់នោះ ហេីយឲ្យលេីសទៀតផង។ តែមិនដូច្នោះទេ នៅពេលចប់រឿងក្តី និងទទួលដំណឹងថាគាត់អាចដកប្រាក់បានប្រហែល$100,000.00ពីការបង្កក ក៏គាត់មិននឹកនាដល់ប្រាក់មេធាវីដែលត្រូវផ្តល់ឲ្យតាមការសន្យាទេ។ លេីសពីនេះ នៅពេលមេធាវីសួរពីរឿងក្តីដំណេីរការនៅសាលាឧទ្ធរណ៍ បេីត្រូវការឲ្យជួយ មេធាវីអាចជួយបន្តទៀតបាន។ តែគាត់បែរជាថាពឹងមេធាវីនាំតែអស់លុយ។ ការនិយាយនេះ គឺមិនបានគិតពីការងារមេធាវីធ្វេីរួច តែគាត់មិនទាន់បង់បង្គ្រប់ប្រាក់នៅឡេីយ។
- នៅឆ្នាំ២០១១ ពាណិជ្ជករស្ត្រីម្នាក់នៅខេត្តព្រះសីហនុ បានមកពឹងពាក់ឲ្យជួយរឿងលែងលះប្តី។ បន្ទាប់ពីបង់ប្រាក់ថ្លៃសុំពិនិត្យសំណុំរឿងចំនួន$100 យកលេសថាខ្វះប្រាក់សំរាប់ចំណាយក្តី ដោយឲ្យជូនទៅយកលុយអ្នកជំពាក់នៅខេត្តកំពង់ចាម ចំនួន២លេីក និងសន្យាថាឲ្យប្រាក់ចំនួន $370 បន្ថែមលេីប្រាក់ចំណាយសំរាប់រឿងក្តី។ តែពេលត្រលប់ពីកំពង់ចាម ប្រាប់ថាទារលុយគេជំពាក់មិនបានទេ ហេីយស្អែកនឹងត្រលប់ទៅខេត្តព្រះសីហនុវិញ។ ពេលកំពុងធ្វេីដំណេីរត្រលប់ អ្នកធ្វេីដំណេីរមកជាមួយគាត់ភ្លាត់មាត់ប្រាប់ថាគាត់បេីកឡានCRV-Honda ព៌ណខៀវដែលទេីបទិញបាន។ មួយរយៈក្រោយមកក៏បានបេីកឡាននោះឡេីងទៅផ្ទះដែលជំពាក់លុយលេីកមុន តែបានទំនាក់ទំនងជាមួយបុរសម្នាក់ផ្សេងទៀតឲ្យជូន ហេីយក៏មិនបានចូលសងលុយ $370 ដែលជំពាក់នោះទេ។ ប្តីស្ត្រីខេត្តព្រះសីហនុនេះបានឡេីងមកតាមប្រពន្ធ ហេីយក៏បានប្តឹងប៉ូលីសប៉ុស្តិ៍ពីបទផិត និងចាប់បាននៅពេលពួកគេនៅផ្ទះសំណាក់ជាមួយគ្នា ហេីយក៏មានការថតរូប និងចុះផ្សាយក្នុងសារព៌តមានជាច្រេីន។ រីឯបុរសដែលជូនទៅ គឺជាកម្មករចំការកៅស៊ូ ហេីយមានប្រពន្ធ តែប្រពន្ធបញ្ជាក់ថាស្ត្រីនោះពឹងឲ្យជូនទៅទារលុយជំពាក់ច្រេីននៅកន្លែងធ្លាប់ជូនទៅលេីកមុននោះ។ ដល់ឮបែបនេះ និងពិចារណាពីដំណេីររឿងដែលកេីតឡេីងពេលមុន ទេីបដឹងថាស្ត្រីពីខេត្តព្រះសីហនុនោះរៀបគំរោងបោកប្រាស់ប្រាកដមែន។
តាមរយៈឧទាហរណ៍ទាំងនេះបង្ហាញឲ្យឃេីញថា អតិថិជនមានទាំងប្រុស-ទាំងស្រី វ័យពី៣១ឆ្នាំ-៨០ឆ្នាំ ជាពាណិជ្ជករ ប្រធានក្រុមហ៊ុនពាណិជ្ជកម្ម ប្រធានក្រុមប្រឹក្សាភិបាល និងមន្ត្រីរាជការ ហេីយខ្លះពឹងពាក់សេវាកម្មតាំងពីក្នុងដំណាក់កាលដំបូង ខ្លះមកដល់ត្រឹមដំណាក់កាលកណ្តាល ហេីយខ្លះទៀតក៏បានមកដល់ដំណាក់កាលចុងបញ្ចប់នៃកិច្ចសន្យាអាណត្តិការងារ។ ប៉ុន្តែអំពេីរបស់ពួកគេហាក់មានលក្ខណៈដូចគ្នាតែមួយដោយការល្បួងមេធាវីឲ្យជួយពួកគេសិន ហេីយដល់បានរួចភ័យ ឬទទួលបានប្រយោជន៍ ពួកគេចាប់ផ្តេីមទាត់ចោលតាមរយៈមិនបង់ប្រាក់កម្រៃ ឬមិនអនុវត្តតាមការសន្យា ឬធ្វេីការប្រមាថជាដេីម ។ ល។

ដូច្នេះមេធាវីមិនត្រូវទុកចិត្ត និងជឿជាក់លេីអតិថិជនពេកនោះទេទាំងបញ្ហាប្រាក់កាស និងអង្គហេតុនៃរឿងក្តីដែលស្នេីសុំឲ្យជួយ ទោះក្មេង ឬចាស់ បុរស ឬស្ត្រី និងឋានៈណាក៏ដោយ ពីព្រោះអាចជាចំនុចដែលមានការកុហក់បោកប្រាស់ក្នុងការប្រេីសេវាកម្មវិជ្ជាជីវៈនេះ ហេីយជាផលវិបាក ប្រាក់កម្រៃមិនទទួលបាន មិនដឹងគុណ រងការប្រមាថ និងនាំឲ្យកំសោយបច្ចេកទេសទៀតផង។ តាមរយៈអំពេីទាំងនោះ គឺជាការផ្តល់នូវបទពិសោធន៍យ៉ាងទូលំទូលាយ សំរាប់ពិចារណាដល់អតិថិជនកាន់តែយកចិត្តទុកដាក់បន្ថែមទៀត ហេតុនេះលក្ខខណ្ឌនៃការបង់ប្រាក់កម្រៃជាមុន និងការធានាប្រតិបត្តិការតាមវិជ្ជាជីវៈ មេធាវីគួរប្រកាន់យកជាចំបង៕