Category Archives: OVT LAW’s Headquarters located in Kampot Town, Cambodia.

«ការិយាល័យមេធាវី»ត្រូវបានទទួលស្គាល់ជានីតិបុគ្គលដូច«ក្រុមហ៊ុនមេធាវី» ស្របតាមច្បាប់ “Law Office” recognized as the Legal Entity the same as “Law Firm” legally.

ការប្រកបវិជ្ជាជីវៈមេធាវីអាចត្រូវបានធ្វើទៅតាមទម្រង់ជាច្រើនរួមមាន ការិយាល័យមេធាវី ក្រុមមេធាវី និងក្រុមហ៊ុនមេធាវី ។ ទម្រង់អាជីវកម្មទាំងនោះ ត្រូវចុះបញ្ជី និងអនុញ្ញាតយល់ព្រមពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (គ.ម.ក.) ជាមុន ទើបអាចដំណើរការអាជីវកម្មរបស់ខ្លួនបាន ។ ទោះបីយ៉ាងនេះក៏ដោយ ការប្រកបវិជ្ជាជីវៈតាមបែប «ការិយាល័យមេធាវី» ត្រូវបានជជែកគ្នាជាច្រើន ពីនីតិបុគ្គលិកលក្ខណៈរបស់វា ដោយមានអ្នកខ្លះថាជា នីតិបុគ្គល រីឯអ្នកខ្លះទៀត ថាវាមិនមែនជានីតិបុគ្គលទេ ។ តើ«ការិយាល័យមេធាវី» ជានីតិបុគ្គល ដែរឬយ៉ាងណា?

«ការិយាល័យមេធាវី» ត្រូវបានដំណើរការដោយមានមេធាវីម្នាក់ ជាប្រធាននិងស្ថាបនិក ។ មេធាវីដ៏ទៃទៀតអាចចូលរួមជាមួយមេធាវីនោះ ឬប្រកបនៅក្រោមឆ័តនៃការិយាល័យមេធាវីនោះបានក្នុងឋានៈជាសហការី ដោយឋិតនៅក្រោមការទទួលខុសត្រូវរបស់មេធាវីជាប្រធាន និងស្ថាបនិករបស់វា (មាត្រា៥០ និងមាត្រា៥១ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី) ។ ការិយាល័យមេធាវី ក៏អាចមានបុគ្គលិកដែលមិនមែនជាមេធាវី បំរើការងារផ្នែករដ្ឋបាល ផ្នែកគណនេយ្យ លេខាធិការ ទីប្រឹក្សា និងជំនួយការផ្សេងទៀត…។ល។ ដោយឋិតនៅក្រោមការទទួលខុសត្រូវរបស់ប្រធានការិយាល័យមេធាវីនោះផងដែរ ។ លក្ខណៈទាំងនេះត្រូវបានយល់ថា «ការិយាល័យមេធាវី» ជានីតិបុគ្គល តែបញ្ហាបានកើតមានឡើង នៅពេលលោកមេធាវី អ៊ូច វុធ្ធី បានធ្វើការប្តឹងអតិថិជនរបស់ខ្លួនចូលសាលាដំបូងខេត្តកំពត នាថ្ងៃទី១៥-កញ្ញា-២០២០ ដោយតាំងដើមបណ្តឹងជា«ការិយាល័យមេធាវី» និងតំណាងការិយាល័យមេធាវីគឺលោកមេធាវី អ៊ូច វុធ្ធី (ដូចរូបខាងក្រោម) ពីការបំពានកិច្ចសន្យាអាជីវកម្មសេវាកម្មមេធាវី ដោយរំលាយកិច្ចសន្យាជាឯកតោភាគី ។

ប៉ុន្តែនៅថ្ងៃទី២៧-តុលា-២០២១ ចៅក្រមទទួលបន្ទុកសំណុំរឿងនៃសាលាដំបូងខេត្តកំពត បង្គាប់ឲ្យកែតម្រូវពាក្យបណ្តឹង ដោយគាត់មិនទទួលស្គាល់«ការិយាល័យមេធាវី»ជានីតិបុគ្គលទេ ហើយនឹងលើកបណ្តឹងចោល ប្រសិនបើមិនធ្វើការកែតម្រូវពាក្យបណ្តឹងនោះ ។ បន្ទាប់ពីទទួលបានដីកាសម្រេចពីករណីនេះ នៅថ្ងៃទី០១-វិច្ឆិកា-២០២១ លោកមេធាវី អ៊ូច វុធ្ធី បានដាក់លិខិតសុំការបញ្ជាក់ពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (ដូចរូបភាពខាងក្រោម)

ជាចម្លើយបណ្តោះអាសន្នដោយផ្ទាល់មាត់ ពីអគ្គលេខាធិការរបស់គណៈមេធាវីកម្ពុជា សូមឲ្យលោកមេធាវី អ៊ូច វុធ្ធី ជាដើមចោទ ធ្វើការកែប្រែពាក្យបណ្តឹងតាមការសម្រេចរបស់តុលាការសិន ជៀសវាងខូចប្រយោជន៍តាមរយៈការលើកបណ្តឹងចោល ពីព្រោះគណៈមេធាវីកម្ពុជា (គ.ម.ក.) ត្រូវការពេលវេលាយូរក្នុងការសម្រេចពីករណីនេះ ។ ហេតុនេះ នៅថ្ងៃទី២២-វិច្ឆិកា-២០២១ លោកមេធាវី អ៊ូច វុធ្ធី បានដាក់លិខិតពាក្យសុំកែតម្រូវពាក្យបណ្តឹង ចូលសាលាដំបូងខេត្តកំពត ទាន់ពេលវេលា (ដូចរូបខាងក្រោម)។

បន្ទាប់មកបានអនុវត្តនីតិវិធីនៃរឿងក្តីជាហូរហែ រហូតដល់សាលាដំបូងខេត្តកំពតចេញសាលក្រម សាលាឧទ្ធរណ៍ព្រះសីហនុចេញសាលដីកា តុលាការកំពូលចេញសាលដីកា ហើយសាលាដំបូងខេត្តកំពតចេញដីកាសម្រេចរឺបអូសជាបណ្តោះអាសន្ន និងការអនុវត្តដោយបង្ខំ មានរយៈពេល ៦ឆ្នាំ (១៥-កញ្ញា-២០២០ ដល់២១-កញ្ញា-២០២៦) ទើបលោកមេធាវី អ៊ូច វុធ្ធី អាចទទួលបានការចែកចំណែកពីការឈ្នះក្តីបានចំនួន US$ 5,243.06 (ប្រាំពាន់ពីរយសែសិបបី ដុល្លាអាមេរិក) ដូចមានលិខិតបញ្ជាក់ខាងក្រោម ។

រីឯចម្លើយបញ្ជាក់ពីគណៈមេធាវីកម្ពុជា ទាក់ទងនឹង«ការិយាល័យមេធាវី»ជានីតិបុគ្គល ឬអត់ នៅតែគ្មានលទ្ធផលច្បាស់លាស់ ពីព្រោះចាប់ពីថ្ងៃទី០១-វិច្ឆិកា-២០២១ ដែលបានដាក់លិខិតផ្លូវការ និងទទួលបានចម្លើយផ្ទាល់មាត់រួចមក លោកមេធាវី អ៊ូច វុធ្ធី បានអនុវត្តនីតិវិធី ជាបន្តបន្ទាប់ដូចតទៅ៖

  1. លោកមេធាវី អ៊ូច វុធ្ធី ទទួលដំណឹងពីគណៈកម្មការរដ្ឋប្បវេណីសម្រេចថាមិនមែនជានីតិបុគ្គល តែប្រធានគណៈមេធាវីកម្ពុជា មិនឯកភាព និងសម្រេចព្យួរការសម្រេចជាបណ្តោះអាសន្ន ។
  2. លោកមេធាវី អ៊ូច វុធ្ធី ដាក់លិខិតជាផ្លូវការពីករណីនេះ ដល់មហាសន្និបាតលើកទី២៩ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៦-តុលា-២០២៤ ហើយប្រធានគណៈមេធាវីបានលើកពីបញ្ហានេះនាមហាសន្និបាតនោះ ដើម្បីឲ្យក្រុមប្រឹក្សាសម្រេចក្នុងអំឡុងពេល ៣ខែបន្ទាប់ ហើយក្រោយមកដឹងថាក្រុមប្រឹក្សាគណៈមេធាវីមានមតិខ្វែងគ្នា មិនអាចសម្រេចបាន ។
  3. លោកមេធាវី អ៊ូច វុធ្ធី លើកពីបញ្ហានោះសួរតាមតេឡេក្រាមក្នុងក្រុមផ្លូវការដល់ថ្នាក់ដឹកនាំ និងប្រធានគណៈមេធាវីអាណត្តិទី១៥ ដោយស្ងាត់ស្ងៀមពុំបានឆ្លើយតបពីការសម្រេចករណីយ៉ាងណា ដោយចំណាយពេលវេលាយូរមកហើយ តែចម្លើយថាគណៈមេធាវីកំពុងយកចិត្តទុកដាក់ពីរឿងណឹង ហើយត្រូវការពេលវេលាបន្ថែមទៀត ។ តែពត៌មានតាមមិត្តភ័ក្ត្រដោយទុកចិត្តបានប្រាប់ថា គណៈមេធាវីកំពុងធ្វើការកែប្រែច្បាប់ស្តីពីលក្ខន្តិកៈមេធាវីដោយធ្វើឲ្យច្បាស់ពីករណីនោះតែម្តង ។

ជាលទ្ធផល នៅថ្ងៃទី០៨-តុលា-២០២៦ម្សិលមិញ ព្រះរាជក្រមលេខ នស/រកម/១០២៦/០១៩ ប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ។ ផ្អែកលើច្បាប់ស្តីពីវិសោធនកម្មនេះ មាត្រា៤៦ថ្មី កឋាខណ្ឌទី៤ ចែងថា«ការិយាល័យមេធាវីនិងក្រុមហ៊ុនមេធាវីមានលក្ខណៈជាក្រុមហ៊ុនស៊ីវិលដែលជានីតិបុគ្គលទទួលខុសត្រូវគ្មានកម្រិត» ។ នេះមានន័យថា គណៈមេធាវីកម្ពុជា បានឆ្លើយតបដោយប្រយោលទៅនឹងការលើកឡើងរបស់លោកមេធាវី អ៊ូច វុធ្ធី ពីពេលមុន និងមានលក្ខណៈស្របទៅនឹងទស្សនៈរបស់គាត់ដែរ លើសពីនេះ វាក៏បានបំពេញនូវកង្វះខាតនៃច្បាប់ និងធ្វើឲ្យមានភាពច្បាស់លាស់សម្រាប់ការអនុវត្តនាពេលខាងមុខជាក់ជាមិនខាន ៕