មេធាវីជាអ្នកតំណាងដោយអាណត្តិ (Mandated Representative Lawyer) គឺជាអ្នកតំណាងដោយអាណត្តិចំពោះភាគិវិវាទដោយមេធាវី ហើយត្រូវបានកំណត់ដោយក្រមនីតិវិធីរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា (determined by the Cambodia Civil Procedure Code) ។ គេអាចរកឃើញក្នុងក្រមនីតិវិធីនេះ តាមរយៈជំពូកទី៣ ផ្នែកទី៤ ។ ដូច្នេះ ផ្អែកលើការចែងនោះ តើមេធាវីជាអ្នកតំណាងដោយអាណត្តិ មានន័យដូចម្តេចខ្លះ?
រាល់សកម្មភាពដែលទាក់ទងនឹងបណ្តឹង អាចត្រូវបានធ្វើដោយភាគីខ្លួនឯងផ្ទាល់ ឬឆ្លងតាមរយៈអ្នកតំណាងដោយអាណត្តិដែលខ្លួនបានជ្រើសតាំង ហើយសកម្មភាពរបស់អ្នកតំណាងដោយអាណត្តិបានធ្វើនឹងមានអនុភាពដូចគ្នាជាមួយនឹងសកម្មភាពបណ្តឹងដែលភាគីបានធ្វើដោយផ្ទាល់ខ្លួន ។ លើសពីនេះ ទោះបីជាភាគីមានអ្នកតំណាងដោយអាណត្តិហើយក៏ដោយ ក៏ភាគីនៅតែអាចចូលរួមទៅតុលាការ និងឆ្លើយទាញហេតុផលដោយខ្លួនឯងបានដដែល ជាពិសេសភាគីអាចលុបចោល ឬកែតម្រូវភ្លាមៗនូវអ្វីដែលជាការសារភាព និងចម្លើយដ៏ទៃទៀតស្តីពីអង្គហេតុដែលអ្នកតំណាងដោយអាណត្តិបានធ្វើ ហើយនឹងធ្វើឲ្យការសារភាព និងចម្លើយទាំងនោះនឹងពុំមានអនុភាពឡើយ (មាត្រា៥២) ។

អ្នកតំណាងដោយអាណត្តិ ត្រូវតែជាមេធាវី លើកលែងករណីមួយចំនួនដែលកំណត់ដោយចំនុច “ក” ចំនុច “ខ” និងចំនុច “គ” កថាខណ្ឌទី១ មាត្រា៥៣ ហើយសិទ្ធិអំណាចរបស់អ្នកតំណាងដោយអាណត្តិត្រូវបញ្ជាក់ជាលាយល័ក្ខណ៍អក្សរ ។ សិទ្ធិអំណាចនោះមានដូចជា៖
- ធ្វើរាល់សកម្មភាពបណ្តឹងចំពោះរឿងក្តីបានទទួលអាណត្តិ ព្រមទាំងការដាក់ពាក្យបណ្តឹង ការឆ្លើយដោះសារចំពោះបណ្តឹង ការប្តឹងតប ការចូលរួមជួយអន្តរាគមន៍បណ្តឹង ការប្តឹងទៅតុលាការជាន់ខ្ពស់ ការផ្សះផ្សា ការលះបង់ការទាមទារ និងការទទួលស្គាល់ការទាមទារ ។
- រាប់បញ្ចូលទាំងសិទ្ធិលើការចាត់ចែងរក្សាការពារ ការអនុវត្តដោយបង្ខំ ការជ្រើសតាំងអនុតំណាង និងការទទួលនូវការសង ។
ករណីមេធាវីជាអ្នកតំណាងដោយអាណត្តិ ភាគីពុំអាចកម្រិតនូវសិទ្ធិតំណាងបានទេ លើកលែងតែពាក់ព័ន្ធនឹងការដាក់ពាក្យបណ្តឹងតប ការដកពាក្យបណ្តឹង ការផ្សះផ្សា ការលះបង់ការទាមទារ ការទទួលស្គាល់នូវការទាមទារ ការដកខ្លួនពីបណ្តឹង ការដាក់/ដកពាក្យបណ្តឹងឧបាស្រ័យទៅ/ពីតុលាការជាន់ខ្ពស់ និងការជ្រើសតាំងអនុតំណាង ។
ការរលត់សិទ្ធិតំណាងដោយអាណត្តិអាចកើតឡើងដោយសារ៖
- មរណភាពនៃអ្នកតំណាង
- បាត់លក្ខណសម្បត្តិជាអ្នកតំណាង
- បញ្ចប់កិច្ចការអាណត្តិ
- ដកសិទ្ធិពីភាគី
- លាឈប់ដោយអ្នកតំណាង។ ហើយត្រូវជូនដំណឹងអំពីការរលត់សិទ្ធិនេះពីសាមីខ្លួន ឬអ្នកតំណាងដល់ភាគីម្ខាងទៀត ទើបមានអនុភាព ។
ប៉ុន្តែសិទ្ធិអំណាចនៃអ្នកតំណាងដោយអាណត្តិមិនត្រូវរលត់ឡើយ ក្នុងករណីមរណភាពឬការបាត់បង់សមត្ថភាពក្នុងការធ្វើបណ្តឹងរបស់ភាគី ឬករណីអ្នកតំណាងត្រូវបានប្តូរ ។
សរុបសេចក្តីមក មេធាវីជាអ្នកតំណាងដោយអាណត្តិ គឺជាលក្ខខណ្ឌដែលច្បាប់កំណត់តំរូវក្នុងបណ្តឹងរដ្ឋប្បវេណីសំរាប់ដំណើរការក្តីនៅតុលាការ លើកលែងតែករណីច្បាប់អនុញ្ញាតផ្សេងឲ្យតតិយជនក្រៅពីមេធាវី ។ តាមរយៈអ្នកតំណាងដោយអាណត្តិនេះ អ្វីដែលមេធាវីបានធ្វើត្រូវបានចាត់ទុកដូចជាភាគីដូច្នោះដែរ ហើយជាផលវិបាក ភាគីត្រូវទទួលខុសត្រូវ លើកលែងតែភាគីបានច្រានចោល ឬកែតម្រូវភ្លាមៗ ។ ផ្សេងពីនេះ ទោះបីជាមានអ្នកតំណាងដោយអាណត្តិក៏ដោយ ភាគីនៅតែអាចចូលរួមនៅក្នុងនីតិវិធីតុលាការដដែល ។ បន្ថែមពីនេះ សិទ្ធិអំណាចនៃអ្នកតំណាងដោយអាណត្តិសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងដំណើរការក្តី ភាគីនៅតែអាចកម្រិតឬកំណត់បាន ។ ដូច្នេះ ការមានអ្នកតំណាងដោយអាណត្តិជាមេធាវីនឹងជួយដល់ភាគី ពីការជាប់រវល់មិនបានចូលរួម ឬ បានយល់ពីនីតិវិធីដ៏ស្មុគស្មាញនៃដំណើរការក្តីនៅតុលាការ និងអាចទទួលជាប្រយោជន៍ដល់រឿងក្តីរបស់ខ្លួន ៕