អ្វីជាវិវាទសិទ្ធិអ្នកនិពន្ធ What is a Copyright​ Dispute?

វិវាទសិទ្ធិអ្នកនិពន្ធ (Copyright Disputes) គឺជាវិវាទមួយក្នុងចំណោមវិវាទកម្មសិទ្ធិបញ្ញាដែលពាក់ព័ន្ធនឹងសិទ្ធិនៃស្នាដៃរបស់អ្នកនិពន្ធ (Author) លើផ្នែកវប្បធម៌និងសិល្បៈ ដូចជា ស្នាដៃនៃអត្ថបទនានា សៀវភៅអាន ចម្រៀង បទភ្លេង កម្មវិធីកំព្យួទ័រ ប្លង់ ស្នាដៃស្ថាបត្យកម្ម ស្នាដៃសោតទស្សន៍ ម៉ូតសំលៀកបំពាក់ ។ល។ សិទ្ធិនៃស្នាដៃទាំងនេះមានសារៈសំខាន់មិនសំរាប់តែអ្នកបង្កើតប៉ុណ្ណោះទេ តែវាក៏សំខាន់សំរាប់ជួយធ្វើឲ្យកិច្ចការជំនួញមានការរីកចម្រើនផងដែរ ពីព្រោះតែស្នាដៃទាំងនោះត្រូវបានបង្កើតឡើង និងអាចធ្វើចរាចរក្នុងប្រទេស និងក្រៅប្រទេសបាន។ ប៉ុន្តែជារឿយៗពួកគេក៏អាចជួបនឹងវិវាទនៅលើទីផ្សារ និងការចរាចរនោះផងដែរ ។ តើវិវាទទាំងនោះមានអ្វីខ្លះ?

មុននឹងឈានទៅស្គាល់ពីប្រភេទវិវាទនៃសិទ្ធិអ្នកនិពន្ធថាតើមានអ្វីខ្លះ? គេគួរតែដឹងឲ្យច្បាស់សិនថាតើអ្នកនិពន្ធម្នាក់ទទួលបានសិទ្ធិអ្វីខ្លះតាមផ្លូវច្បាប់?

sample-copyright-notice

ជាធម្មតា សិទ្ធិអ្នកនិពន្ធត្រូវបានផ្តល់ឲ្យអ្នកនិពន្ធទៅលើស្នាដៃដែលខ្លួនបានបង្កើតផ្ទាល់ឬហៅថាស្នាដៃដើម ទោះបីស្នាដៃនោះចប់រួចរាល់ ឬមិនទាន់ចប់ ឬមិនទាន់បានធ្វើការផ្សព្វផ្សាយជាសាធារណៈក៏ដោយ (មាត្រា៤ និងមាត្រា៥ នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល) ។ ការទទួលស្គាល់នេះ អ្នកនិពន្ធត្រូវបានផ្តល់នូវសិទ្ធិផ្តាច់មុខធំៗចំនួនពីរគឺសិទ្ធិសីលធម៌ (សិទ្ធិក្នុងការដាក់ឈ្មោះលើស្នាដៃ) និងសិទ្ធិបេតិកភណ្ឌ (សិទ្ធិធ្វើអាជីវកម្មលើស្នាដៃ) នេះបើយោងតាមមាត្រា ១៨ នៃច្បាប់ដដែល។

copyrightinfringement

  • សិទ្ធិសីលធម៌ (Moral Rights) គឺជាសិទ្ធិប្រគល់ឲ្យអ្នកនិពន្ធតែម្នាក់គត់ក្នុងការដាក់ឈ្មោះជាកម្មសិទ្ធិនៃស្នាដៃរបស់ខ្លួន ទោះបីសិទ្ធិធ្វើអាជីវកម្មត្រូវបានផ្ទេរឲ្យអ្នកដ៏ទៃក៏ដោយ ។ សិទ្ធិនេះត្រូវបានរំលោភតាមរយៈការយកស្នាដៃរបស់អ្នកនិពន្ធទៅប្រើប្រាស់ដោយមិនបានបញ្ជាក់ពីឈ្មោះប្រភពដើម ឬដោយដាក់ឈ្មោះកម្មសិទ្ធិករថ្មី ហើយក៏អាចបណ្តាលឲ្យឈានដល់ការរំលោភសិទ្ធិធ្វើអាជីវកម្មមួយទៀតរបស់អ្នកនិពន្ធជាស្វ័យប្រវ័ត្ត។ ឧទាហរណ៍ក្រុមហ៊ុនការសែតដ៏ធំរបស់សិង្ហបុរី SPH បានចោទប្រកាន់ក្រុមហ៊ុន Yahoo ថាបានលួចចម្លងមាតិកាព៌តមានរបស់ខ្លួនចំនួន ២៣ អត្ថបទ អស់រយៈពេល១២ ខែ ដោយពុំមានការអនុញ្ញាតជាលាយល័ក្ខអក្សរ (ប្រភព៖ អត្ថបទ សយ សុុភា ផ្សាយថ្ងៃទី ២៣-១១-២០១១) ។ ឧទាហរណ៍មួយទៀត៖ អ្នកនិពន្ធឈ្មោះ អ៊ឹម បុរិន្ទ្រ បានចោទប្រកាន់មិត្តរួមការងាររបស់គាត់ជាហោរាចារ្យដូចគ្នាឈ្មោះ ប៊ុន វាស្នារ ពីបទបានលួចថតចម្លងសៀវភៅ (ព្រហ្មលិខិតពិស្តារ) និងឯកសារជាExcel របស់លោក ហើយបានបោះពុម្ពលក់ជាសាធារណៈ អ្នកនិពន្ធអ៊ឹម បុរិន្ទ្រ វិវាទជាមួយប៊ុន វាស្នារ(ប្រភព៖ CPC ផ្សាយនៅថ្ងៃទី ២១-កុម្ភៈ-២០២២)។
  • រីឯសិទ្ធិបេតិកភណ្ឌ (Economic Rights) គឺជាសិទ្ធិធ្វើអាជីវកម្មលើស្នាដៃរបស់អ្នកនិពន្ធដែលរួមមាន សិទ្ធិលក់/ជួលយកប្រាក់កម្រៃ សិទិ្ធធ្វើបទបង្ហាញ ឬផ្សព្វផ្សាយពីស្នាដៃ សិទ្ធិផលិតឡើងវិញ សិទ្ធិបកប្រែជាភាសាដ៏ទៃ សិទ្ធិកែប្រែបង្កើតថ្មី ។ល។ សិទ្ធិទាំងអស់នេះមានសារៈប្រយោជន៍ដល់ការធ្វើជំនួញ ដល់សង្គមជាតិ និងដល់អ្នកបង្កើតដោយការលើកទឹកចិត្តតាមរយៈការគាំទ្រ និងប្រាក់កម្រៃសំរាប់ជីវភាពរបស់គេ ។ ផ្ទុយទៅវិញ ក្នុងករណីមានការរំលោភសិទ្ធិនេះ ធ្វើឲ្យអ្នកនិពន្ធត្រូវបាក់ទឹកចិត្ត និងអាចមិនបង្កើតនូវស្នាដៃថ្មីៗបន្ថែមទៀត ហើយជាហេតុនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចការជំនួញ និងសង្គមទាំងមូលផងដែរ តាមរយៈមិនសូវមានស្នាដៃល្អៗជាប្រយោជន៍ត្រូវបានបង្កើតឡើង។ ឧទាហរណ៍៖ មន្ត្រីសមត្ថកិច្ចអន្តរក្រសួងបង្ក្រាបបទល្មើសភាពយន្ត និងវីដេអូ បានចុះឆែកឆេរ និងបង្ក្រាបទីតាំងលក់ឌីសថតចម្លងជាច្រើនតូបនៅផ្សារអូឡាំពិក ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន (ប្រភព៖ អត្ថបទ បុប្ផាកោះ ផ្សាយថ្ងៃទី ២៨-៩-២០១២) ។ ឧទាហរណ៍មួយទៀត៖ អ្នកនិពន្ធឈ្មោះ ឥន្ទ យឿន បានចោទប្រកាន់ឈ្មោះ ទ្រីន ឡុង ម្ចាស់រោងពុម្ពគីម ឡុង ថារំលោភសិទ្ធិអ្នកនិពន្ធដោយបានយកសៀវភៅមួយចំនួនដែលលោកឲ្យបោះពុម្ពទៅលក់នៅលើទីផ្សារ តុលាការ ប្រកាសសាលក្រម សំណុំរឿង រវាងអ្នកនិពន្ធ(ប្រភព៖ ដើមអំពិល ផ្សាយថ្ងៃទី ០៤-មិថុនា-២០១៤) ។ 

សរុបសេចក្តីមក វិវាទសិទ្ធិអ្នកនិពន្ធជាវិវាទមួយដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិស្របច្បាប់របស់អ្នកនិពន្ធទទួលបាន ។ ការរំរលោភសិទ្ធិនេះ អាចជាការរំលោភសិទ្ធិសីលធម៌ សិទ្ធិបេតិកភណ្ឌ សិទ្ធិទាំងពីរតែម្តង ពោលគឺជាវិវាទលើកម្មសិទ្ធិនៃម្ចាស់ស្នាដៃ ឬ/និងសិទ្ធិចាត់ចែងស្នាដៃនោះជាប្រយោជន៍របស់អ្នកនិពន្ធឬអ្នកទទួលសិទ្ធិបន្ត ។ ការទាមទារ ឬការចេះគោរពសិទ្ធិនេះ គឺជាមធ្យោបាយមួយដែលត្រូវអនុវត្តក្នុងគោល បំណងដើម្បីលើកស្ទួយដល់អ្នកនិពន្ធ​ឬអ្នកទទួលសិទ្ធិ និងជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ៕

Source: Google

One thought on “អ្វីជាវិវាទសិទ្ធិអ្នកនិពន្ធ What is a Copyright​ Dispute?”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s