ហេតុអ្វីបានជាជំនួញត្រូវការទីប្រឹក្សាច្បាប់? Why a business needing a Legal Advisor?

ទីប្រឹក្សាច្បាប់ គឺជាសេវាកម្មមួយនៃផ្នែកសេវាកម្មទីប្រឹក្សាដោះស្រាយវិវាទ និងច្បាប់ពាណិជ្ជកម្មរបស់់ការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” ដែលត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សហគ្រាសឬក្រុមហ៊ុនពាណិជ្ជកម្ម ។ វាជាសេវាកម្មមួយអាច ជួយដល់សហគ្រាសពាណិជ្ជកម្មទាំងនោះតាមរយៈការផ្តល់យោបល់ច្បាប់លើបញ្ហាសំខាន់ៗនៃកិច្ចការជំនួញ ដែលរួមមាន៖ (១) ប្រតិបត្តិការជំនួញ និងអភិបាលកិច្ចសហគ្រាស (២) កិច្ចសន្យា និងលិខិតស្នាមផ្សេងៗ និង(៣) របៀបនៃការដោះស្រាយវិវាទដែលសមស្រប ។ ដូច្នេះ តើការផ្តល់យោបល់ លើផ្នែកទាំងនោះមានសារៈប្រយោជន៍ដូចម្តេចខ្លះ?

ទី១៖ ទីប្រឹក្សាច្បាប់ផ្តល់យោបល់លើប្រតិបត្តិការជំនួញ និងអភិបាលកិច្ចសហគ្រាស៖ ប្រតិបត្តិការជំនួញគឺជាកិច្ចការដែលសហគ្រាស និងក្រុមហ៊ុនពាណិជ្ជកម្មអនុវត្តដើម្បីដំណើរការអាជីវកម្មដើម្បីទទួលបានជោគជ័យ ។ ក៏ប៉ុន្តែករណីខ្លះ សហគ្រាស ឬក្រុមហ៊ុនទាំងនោះ ក៏អាចជួបការបរាជ័យដោយសារតែការប្រតិបត្តិនូវអាជីវកម្មមិនស្របច្បាប់ផងដែរ ។ ឧទាហរណ៍៖ អាជីវកម្មទិញដីសមុទ្រ សំរាប់លក់ ឬសំរាប់វិនិយោគលើគំរោងអ្វីមួយនាពេលខាងមុខ។ ប្រតិបត្តិការអាជីវកម្មបែបនេះ គឺជាការចំណាយប្រាក់ប្រឈមនឹងការបាត់បង់ទាំងស្រុង ពីព្រោះថាដីសមុទ្រជាកម្មសិទ្ធិរបស់រដ្ឋដែលរដ្ឋាភិបាលមានសិទ្ធិដកហូតមកវិញបាន ដោយសារ តែការលក់- ទិញនោះជាអំពើខុសច្បាប់។ ឧទាហរណ៍មួយទៀត អាជីវកម្ម ទិញសិទ្ធិចំរៀងសំរាប់ផលិតលក់បន្តដែលម្ចាស់សិទ្ធិបានស្លាប់ជាង៥៤ ឆ្នាំមកហើយ ។ ការទិញនេះក៏ជាការចំណាយប្រាក់ឥតប្រយោជន៍ដែរ ពីព្រោះថាលើសពី ៥០ឆ្នាំទៅ ច្បាប់កម្មសិទ្ធិបញ្ញាមិនបានការពារម្ចាស់សិទ្ធិទៀតទេ នេះមានន័យថា បុគ្គលណាក៏អាចផលិតចំរៀងនោះបានដែរដោយមិនចាំបាច់បង់ប្រាក់ដល់ម្ចាស់សិទ្ធិទៀតឡើយ ។ រីឯអភិបាលកិច្ចវិញ វាអាចពាក់ព័ន្ធនឹងការចាត់ចែងការរបស់ក្រុមប្រឹក្សាភិបាល ដូចជា តើក្នុងអាណត្តិការងាររបស់អភិបាលពិតជាបានធ្វើត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមលក្ខន្តិកៈក្រុមហ៊ុនកំណត់ឲ្យដែរឬទេ? ឬពួកគេពិតជាបានប្រព្រឹត្តក្នុងគោលបំណងដើម្បីជួយរកផលចំណេញឲ្យម្ចាស់ហ៊ុន ប្រាកដមែន ? ។ល។ ទាំងនេះទាមទារនៅការយល់ដឹងពីច្បាប់ក្រុមហ៊ុនពាណិជ្ជកម្ម និងការពិនិត្យលើសកម្មភាពដែលបានអនុវត្តជាមួយបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ។ សរុបសេចក្តីមក ប្រតិបត្តិការជំនួញ និងអភិបាលកិច្ចសហគ្រាស គឺជាកត្តាពីរ មួយនៅខាងក្រៅ និងមួយទៀតនៅខាងក្នុងដែលអាចជំរុញឲ្យជំនួញជោគជ័យ ប្រសិនបើពួកគេដំណើរការបានល្អ ។ ផ្ទុយទៅវិញ ការមិនយល់ដឹងពីច្បាប់ និងចេះតែអនុវត្តសកម្មភាពអាជីវកម្មដោយភាពខុសឆ្គងពីមួយថ្ងៃទៅមួយថ្ងៃ គឺជាទង្វើគួរឲ្យបារម្ភ​ និងបណ្តាលឲ្យជួបបញ្ហាធ្ងន់ធ្ងរលើប្រតិបត្តិការជំនួញ ដែលអាចនាំឲ្យអាជីវកម្មទទួលបរាជ័យ ឬបានផ្តល់ឧិកាសដល់ជនខិល ខូច ធ្វើសកម្មភាពគៃបន្លំប្រាក់កាស ឬធនធាន ឬធ្វើអ្វីមួយដែលនាំឲ្យក្រុមហ៊ុនឈានទៅដល់ការអន្តរាយ ឬរលំរលាយនាពេលខាងមុខជាមិន ខាន ។ ដូចនេះការទទួលបានយោបល់ពីទីប្រឹក្សាដែលមានជំនាញលើកិច្ចការអស់ទាំងនេះ ធ្វើឲ្យអាជីវកម្មហាក់ដូចជាមានត្រីវិស័យដើម្បីបង្ហាញ ទិសច្បាស់ក្នុងដំណើរការរបស់ខ្លួន ផងដែរ ។

ទី២៖ ទីប្រឹក្សាច្បាប់ផ្តល់យោបល់លើបញ្ហាកិច្ចសន្យា និងលិខិតស្នាមសំខាន់ៗ៖ កិច្ចសន្យា​និងលិខិតស្នាម គឺជាអាយុជីវិត និងបេះដូងរបស់អាជីវកម្ម ពីព្រោះអាជីវកម្មអាចប្រព្រឹត្តទៅបានអាស្រ័យនឹងេសេចក្តីសម្រេចរបស់ម្ចាស់ និងថ្នាក់ដឹកនាំអាជីវកម្ម និងកិច្ចព្រមព្រៀងទាំង ឡាយដែលបានបង្កើតឡើង មិនថាតែនៅក្នងប្រតិបត្តិការជំនួញ ឬនៅក្នុងសហគ្រាសខ្លួនផ្ទាល់ទេ ដូចជា កិច្ចសន្យាអាជីវកម្ម កិច្ចសន្យាបង្កើតក្រុមហ៊ុន ឬលក្ខនិ្តកៈក្រុមហ៊ុន កំណត់ហេតុប្រជុំក្រុមប្រឹក្សាភិបាល កំណត់ហេតុមហាសន្និបាតម្ចាស់ហ៊ុន ឬឯកសារមានលក្ខណៈគតិយុត្តដ៏ទៃទៀតដែលជាប្រយោជន៍៍របស់អាជីវកម្ម ។ល។ ឯកសារទាំងនេះប្រៀបបានទៅនឹងអាវុធមុខពីរដែលអាចជួយឲ្យចំណេញ ឬទទួលបានប្រយោជន៍ផង ហើយក៏អាចធ្វើឲ្យជួបនូវការខាតបង់ ឬអន្តរធានផងដែរ ។ ឧទាហរណ៍៖ កិច្ចសន្យាអាជីវកម្មទិញដីឆ្នេរសមុទ្រសំរាប់ប្រកបអាជីវកម្មភោជនីដ្ឋាន។ ​បន្ទាប់ពីទិញបានហើយ ម្ចាស់អាជីវកម្មសង្ឃឹមថានឹងអាចទទួលផលចំណេញយ៉ាងច្រើនពីការលក់ម្ហូបអាហារ និងភេសជ្ជៈសំរាប់ភ្ញៀវមកកំសាន្ត។ ក៏៏ប៉ុន្តែមិនដូចការគិតរបស់គាត់ ម្ចាស់អាជីវកម្មបែរជាត្រូវជួបនឹងការខាតបង់ ដោយសារតែកម្មវត្ថុនៃកិច្ចសន្យាមានលក្ខណៈខុសច្បាប់ធ្វើឲ្យដីរបស់គាត់ដែលទើបនឹងទិញបានត្រូវបានអាជ្ញាធរដកហូតទុកជាសម្បត្តិសាធារណៈវិញ ។ ឧទាហរណ៍មួយទៀត៖ អភិបាលនៃក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិតមួយទើបនឹងត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលពីក្នុងចំណាមអភិបាល៥នាក់ ។ បន្ទាប់ពីឡើងកាន់ដំណែង ប្រធានក្រុមប្រឹក្សាភិបាលរូបនេះ បានចាត់ចែងការងារអាជីវកម្មក្រុមហ៊ុនស្រេចតែចិត្តខ្លួនឯង ដូចជា ការជ្រើសរើសបុគ្គលិក ការចំណាយនានា ការផ្លាស់ប្តូរកិច្ចសន្យាអាជីវកម្មជាមួយអតិថិជន ការប្តឹងអតិថិជន ។ល។ សកម្មភាពទាំងនេះ អាចនឹងធ្វើឲ្យក្រុមហ៊ុនជួបនៅហានិភ័យនាពេលខាងមុខជាមិនខាន ពីព្រោះតែបានអនុវត្តខុសពីច្បាប់ក្រុមហ៊ុន និងលក្ខន្តិកៈក្រុមហ៊ុនបានកំណត់ ។ ផ្ទុយទៅវិញ បើក្រុមហ៊នមានអ្នកជំនាញអាចជួយឲ្យយោបល់ លើការរៀបចំឯកសារបង្ការ ព្រមទាំងដាស់តឿនដល់ម្ចាស់ហ៊ុន ឬក្រុមអភិបាលដែលមានសក្តានុពល នោះការប្រព្រឹត្តិរបស់ប្រធានក្រុមប្រឹក្សាភិបាល ត្រូវបានទប់ស្កាត់ ហើយជាលទ្ធផល ក្រុមហ៊ុនអាចដំណើរការក្នុងភាពប្រសើរឡើងវិញ ។ ហេតុនេះការមានទីប្រឹក្សាដែលឯកទេសអាចធ្វើឲ្យកិច្ចការនៃកិច្ចសន្យា និងលិខិតស្នាមអាជីវកម្មបញ្ចៀសបាននូវកំហុសឆ្គង និងការពារប្រយោជន៍បានយ៉ាងកក់ក្តៅ ។

ទី៣៖ ទីប្រឹក្សាច្បាប់ផ្តល់យោបល់លើរបៀបដោះស្រាយវិវាទដែលសមស្រប៖ វិវាទពាណិជ្ជកម្មអាចកើតមានច្រើនប្រភេទ តាំងពីក្នុងក្រុមហ៊ុន រហូតដល់ប្រតិបត្តិការអាជីវកម្ម ។ ឧទាហរណ៍ៈ វិវាទម្ចាស់ហ៊ុន និងអភិបាល ឬអភិបាល និងអភិបាល វិវាទកិច្ចសន្យាអាជីវកម្មរវាងអាជីវកម្មសាមី និងក្រុមហ៊ុនផ្សេងទ់ៀត ។ល។ ហើយដំណោះស្រាយវិវាទក៏មានយន្តការច្រើនឆ្លើយតបផងដែរ ដូចជា យន្តការចរចា សន្ធានកម្ម ឬការសម្រុះសម្រួល មជ្ឈត្តការ និងតុលាការ ជាដើម ។ល។ ការចេះជ្រើសរើសយន្តការដោះស្រាយវិវាទណាមួយបានត្រឹមត្រូវ អាចធ្វើឲ្យអាជីវកម្មកាត់បន្ថយបាននូវភាពស្មុគ្រស្មាញ ចំណេញប្រាក់កាស ពេលវេលា និងរក្សាបានទំនាក់ទំនងដែលជាកត្តាសំខាន់នាំឲ្យអាជីវកម្មកាន់តែរីកចំរើនទៅមុខផងដែរ ។ តែផ្ទុយទៅវិញ ការយល់ដឹងមិនបានគ្រប់គ្រាន់ជាហេតុធ្វ់ើឲ្យការជ្រើសរើសរបៀបនៃការដោះស្រាយវិវាទមិនឆ្លើយតបទៅនឹងប្រភេទវិវាទដែលកើតឡើងឡើយ ហើយក៏ជាហេតុនាំឲ្យអន្តរាយដល់អាជីវកម្មទាំងមូលក៏ថាបាន ។ ឧទាហរណ៍ វិវាទរវាងម្ចាស់ហ៊ុន និងម្ចាស់ហ៊ុន តែជ្រើសរើសយកយន្តការដោះស្រាយវិវាទតាមផ្លូវតុលាការ ។ យន្តការបែបនេះធ្វើឲ្យគូភាគីកាន់តែប្រឈមដាក់គ្នាហើយមិនអាចរកស៊ីជាមួយគ្នាបានតទៅទៀតទេ ហើយ បើក្រុមហ៊ុននេះមានម្ចាស់ហ៊ុនតែពីរនាក់ដែលជាគូវិវាទនេះ នោះក្រុមហ៊ុនអាចឈានដល់ការរំលាយជាក់់ជាមិនខាន ។ ផ្ទុយទៅវិញ បើគូភាគីជ្រើសរើសយន្តការក្រៅតុលាការ ដូចជា ការចរចាដោយមានអ្នកជំនាញចូលរួមជាមួយ ឬយន្តការសម្រុះសម្រួលដោយមានភាគីទី៣ អព្យាក្រឹត្យ ជួយជាអ្នកសម្រុះសម្រួលឬសន្ធានករ វិវាទអាចបញ្ចប់ដោយសន្តិវិធី និងគូភាគីអាចបន្តអាជីវកម្មចាស់ជាមួយគ្នាបន្តទៀត និងលើសពីនេះ អាច ឈានទៅបើកអាជីវកម្មថ្មីៗជាច្រើនទៀតនាពេលខាងមុខ ។ ហេតុនេះ ការជួយជាយោបល់ពីទីប្រឹក្សាដែលមានឯកទេសពីច្បាប់ដោះស្រាយវិវាទ និងយល់ច្បាស់ពីយន្តការដោះស្រាយវិវាទដែលសាកសមនឹងប្រភេទវិវាទបានកើតឡើង គឺជាផែនទីដ៏ល្អ ។

សន្ធានករ (អ្នកសម្រុះសម្រួលវិវាទ) កំពុងសវនាការជួយដោះស្រាយវិវាទរបស់គូភាគី

សរុបសេចក្តីមក អាជីវកម្មដែលមានទីប្រឹក្សាច្បាប់ប្រចាំនឹងធ្វើឲ្យដំណើរការមានភាពប្រសើរ ពីព្រោះតែការផ្តល់យោបល់នៃសេវាកម្មនេះនឹងជួយជំរុញអាជីវកម្មឲ្យប្រកបដោយភាពស្របច្បាប់លើផ្នែកប្រតិបត្តិការជំនួញ និងអភិបាលកិច្ចសហគ្រាសពាណិជ្ជកម្មខ្លួន លើភាពត្រឹមត្រូវនៃកិច្ចសន្យា និងលិខិតស្នាមចំាបាច់ និងទុកចិត្តលើបៀបជ្រើសរើសយកយន្តការដោះស្រាយវិវាទដែលសាកសម និងចំណេញប្រយោជន៍ដល់អាជីវកម្ម ។ ការប្រើសេវាកម្មនេះ គឺជាការវិនិយោគទុនមួយដ៏តិចតួច តែទទួលបានផលប្រយោជន៏ច្រើន ហើយអាចធ្វើឲ្យអាជីវកម្មប្រព្រឹត្តិទៅដោយគ្មានក្តីបារម្ភ ដែលម្ចាស់សហគ្រាស និងក្រុមហ៊ុនពាណិជ្ជកម្មគួរពិចារណាជាប្រយោជន៍ ៕

ជំនាញ-ប្រយោជន៍-ដំណោះស្រាយ Expertise-Benefit-Resolution