ការរកស៊ីជាមួយគ្នាអាចធ្វើឲ្យអាជីវកម្មមានសក្តានុពល ពីព្រោះតែមានទុនច្រើន កម្លាំងច្រើន ជំនាញច្រើន គំនិតច្រើន …។ល។ ផ្ទុយទៅវិញ ក៏មានក្រុមហ៊ុនខ្លះជួបនឹងការបរាជ័យ រហូតដល់រំលាយទៅវិញ ដោយសារតែវិវាទរបស់ម្ចាស់វាទាំងនោះផងដែរ ។ តើ ហេតុអ្វីបានជាការរកស៊ីជាមួយគ្នារបស់ពួកគេអាចមានវិវាទនឹងគ្នា?

ឆ្លើយតបទៅនឹងបញ្ហានេះ គេសង្កេតឃើញមានមូលហេតុច្រើន តែមូលហេតុដែលចំបងគឺ៖
- លោភៈ៖ ពេលអាជីវកម្មចាប់ផ្តើមដំបូងមិនជាបញ្ហានោះទេ តែនៅពេលអាជីវកម្មនោះដំណើរការបានល្អ ឬអាចនិយាយបានថាមានចំណូលឬចំណេញ នេះអាចជាបញ្ហាសម្រាប់សមាជិកភាគហ៊ុនឬដៃគូជំនួញដែលមានចិត្តលោភលន់ ចង់បានប្រយោជន៍សម្រាប់តែខ្លួនឯង ហើយរកវិធីឬកល្បិចដើម្បីទទួលបានវា ។
- អត្តនោម័តនៃការចាត់ចែង៖ ការចាត់ចែងអាជីវកម្ម ឬក្រុមហ៊ុន តែងតែត្រូវបានសមាជិកភាគហ៊ុនដែលមានភាគហ៊ុនច្រើន ឬដៃគូរជំនួញដែលមានភាគទុនច្រើន ជាអ្នកអនុវត្តដោយអត្តនោម័ត ទោះដឹងថាកិច្ចការនោះមានការរំលោភលើលក្ខន្តិកៈក្រុមហ៊ុន ឬកិច្ចព្រមព្រៀងអាជីវកម្មក៏ដោយ ដែលនេះធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សមាជិកភាគហ៊ុនឬដៃគូរជំនួញផ្សេងៗទៀត ។
វិធានការការពារ៖
- សំរិតសំរាំងជ្រើសរើសសមាជិកភាគហ៊ុន ឬដៃគូជំនួញ ដែលមានភាពស្មោះត្រង់ ពីព្រោះតែបុគ្គលប្រភេទនេះមិនត្រឹមតែគ្មានការលោភលន់នឹងប្រាក់ចំណេញទេ តែក៏អាចធ្វើឲ្យអាជីវកម្មបន្តបានវែងឆ្ងាយ និងអាចពង្រីកអាជីវកម្មថ្មីបន្ថែមទៀតដែរ ។
- ពឹងអ្នកជំនាញ ដូចជាមេធាវី ឲ្យជួយរៀបចំលក្ខន្តិកៈក្រុមហ៊ុន ឬកិច្ចព្រមព្រៀងអាជីវកម្ម ដោយកំណត់នូវខចែងនៅក្នុងឯកសារទាំងនោះឲ្យមានភាពច្បាស់លាស់ និងកំណត់ពីទណ្ឌកម្មជាមួយផងដែរក្នុងករណីរំលោភបំពានខចែងសំខាន់ណាមួយធ្ងន់ធ្ងរ ។
- ចែងពីខសន្យាសំរាប់ដោះស្រាយវិវាទដោយមានអ្នកទីបីនៅលើឯកសារទាំងនោះទុកជាមុន ហើយខសន្យាដែលសាកសមនោះគឺ ខសន្យាស្តីពី «សន្ធានកម្ម និងមជ្ឈត្តការ» ពីព្រោះខនេះ អាចឲ្យអ្នកទីបី «មជ្ឈត្តករ»ធ្វើការសម្រុះសម្រួលជាមុន ដែលភាគីវិវាទអាចធ្វើសេចក្តីសម្រេចបញ្ចប់វិវាទដោយខ្លួនឯងក្រោមការជួយជ្រុមជ្រែងពីមជ្ឈត្តករ តែបើគ្មានការសះជាទេ មជ្ឈត្តករនឹងចេញសេចក្តីសម្រេចបញ្ចប់វិវាទដោយមានលទ្ធផល ឈ្នះ-ចាញ់ ។

សរុបសេចក្តីមក ការរកស៊ីជាមួយគ្នាពិតជាអាចមានវិវាទពីស្ថាបនិកដែលជាសមាជិកភាគហ៊ុន ឬដៃគូជំនួញ របស់វាប្រាកដមែន ។ វិវាទនេះ បណ្តាលមកពីលោភៈ និងអត្តនោម័តនៃការចាត់ចែងអាជីវកម្មរបស់ពួកគេ ។ ដូច្នេះ ដើម្បីបង្ការ គេត្រូវសំរិតសំរាងដៃគូដែលមានភាពស្មោះត្រង់ ពឹងអ្នកជំនាញរៀបចំកិច្ចព្រមព្រៀងអាជីវកម្ម និងចែងពីខសន្យាស្តីពី«សន្ធានកម្ម និងមជ្ឈត្តការ»ដែលសាកសមសម្រាប់ដោះស្រាយវិវាទទុកជាមុន ។ ការបំពេញនូវបែបនេះបាននឹងធ្វើឲ្យក្រុមហ៊ុនរបស់ពួកគេដំណើរការដោយមានផាសុក ៕