តេីមេធាវីជាអ្នកតំណាងដោយអាណត្តិ មានន័យដូចម្តេច? How is a Lawyer as a mandated Representative meaning?

មេធាវីជាអ្នកតំណាងដោយអាណត្តិ (Mandated Representative Lawyer) គឺជាអ្នកតំណាងដោយអាណត្តិចំពោះភាគិវិវាទដោយមេធាវី ហើយត្រូវបានកំណត់ដោយក្រមនីតិវិធីរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា (determined by the Cambodia Civil Procedure Code) ។ គេអាចរកឃើញក្នុងក្រមនីតិវិធីនេះ តាមរយៈជំពូកទី៣ ផ្នែកទី៤ ។ ដូច្នេះ ផ្អែកលើការចែងនោះ តើមេធាវីជាអ្នកតំណាងដោយអាណត្តិ មានន័យដូចម្តេចខ្លះ?

រាល់សកម្មភាពដែលទាក់ទងនឹងបណ្តឹង អាចត្រូវបានធ្វើដោយភាគីខ្លួនឯងផ្ទាល់ឆ្លងតាមរយៈអ្នកតំណាងដោយអាណត្តិដែលខ្លួនបានជ្រើសតាំង ហើយសកម្មភាពរបស់អ្នកតំណាងដោយអាណត្តិបានធ្វើនឹងមានអនុភាពដូចគ្នាជាមួយនឹងសកម្មភាពបណ្តឹងដែលភាគីបានធ្វើដោយផ្ទាល់ខ្លួន ។ លើសពីនេះ ទោះបីជាភាគីមានអ្នកតំណាងដោយអាណត្តិហើយក៏ដោយ ក៏ភាគីនៅតែអាចចូលរួមទៅតុលាការ និងឆ្លើយទាញហេតុផលដោយខ្លួនឯងបានដដែល ជាពិសេសភាគីអាចលុបចោល ឬកែតម្រូវភ្លាមៗនូវអ្វីដែលជាការសារភាព និងចម្លើយដ៏ទៃទៀតស្តីពីអង្គហេតុដែលអ្នកតំណាងដោយអាណត្តិបានធ្វើ ហើយនឹងធ្វើឲ្យការសារភាព និងចម្លើយទាំងនោះនឹងពុំមានអនុភាពឡើយ (មាត្រា៥២) ។

រូបថតលោក មេធាវី អ៊ូច វុធ្ធី នាពេលសវនាការនៅសាលាដំបូងខេត្តកំពត This attorney OUCH Vutthy’s photo was sitting for the hearing at Kampot First Instance Court.

អ្នកតំណាងដោយអាណត្តិ ត្រូវតែជាមេធាវី លើកលែងករណីមួយចំនួនដែលកំណត់ដោយចំនុច “ក” ចំនុច “ខ” និងចំនុច “គ” កថាខណ្ឌទី១ មាត្រា៥៣ ហើយសិទ្ធិអំណាចរបស់អ្នកតំណាងដោយអាណត្តិត្រូវបញ្ជាក់ជាលាយលក្ខណ៍អក្សរ ។ សិទ្ធិអំណាចនោះមានដូចជា៖

  • ធ្វើរាល់សកម្មភាពបណ្តឹងចំពោះរឿងក្តីបានទទួលអាណត្តិ ព្រមទាំងការដាក់ពាក្យបណ្តឹង ការឆ្លើយដោះសារចំពោះបណ្តឹង ការប្តឹងតប ការចូលរួមជួយអន្តរាគមន៍បណ្តឹង ការប្តឹងទៅតុលាការជាន់ខ្ពស់ ការផ្សះផ្សា ការលះបង់ការទាមទារ និងការទទួលស្គាល់ការទាមទារ ។
  • រាប់បញ្ចូលទាំងសិទ្ធិលើការចាត់ចែងរក្សាការពារ ការអនុវត្តដោយបង្ខំ ការជ្រើសតាំងអនុតំណាង និងការទទួលនូវការសង ។

ករណីមេធាវីជាអ្នកតំណាងដោយអាណត្តិ ភាគីពុំអាចកម្រិតនូវសិទ្ធិតំណាងបានទេ លើកលែងតែពាក់ព័ន្ធនឹងការដាក់ពាក្យបណ្តឹងតប ការដកពាក្យបណ្តឹង ការផ្សះផ្សា ការលះបង់ការទាមទារ ការទទួលស្គាល់នូវការទាមទារ ការដកខ្លួនពីបណ្តឹង ការដាក់/ដកពាក្យបណ្តឹងឧបាស្រ័យទៅ/ពីតុលាការជាន់ខ្ពស់ និងការជ្រើសតាំងអនុតំណាង ។

ការរលត់សិទ្ធិតំណាងដោយអាណត្តិអាចកើតឡើងដោយសារ៖

  1. មរណភាពនៃអ្នកតំណាង
  2. បាត់លក្ខណសម្បត្តិជាអ្នកតំណាង
  3. បញ្ចប់កិច្ចការអាណត្តិ
  4. ដកសិទ្ធិពីភាគី
  5. លាឈប់ដោយអ្នកតំណាង។ ហើយត្រូវជូនដំណឹងអំពីការរលត់សិទ្ធិនេះពីសាមីខ្លួន ឬអ្នកតំណាងដល់ភាគីម្ខាងទៀត ទើបមានអនុភាព ។

ប៉ុន្តែសិទ្ធិអំណាចនៃអ្នកតំណាងដោយអាណត្តិមិនត្រូវរលត់ឡើយ ក្នុងករណីមរណភាពឬការបាត់បង់សមត្ថភាពក្នុងការធ្វើបណ្តឹងរបស់ភាគី ឬករណីអ្នកតំណាងត្រូវបានប្តូរ ។

សរុបសេចក្តីមក មេធាវីជាអ្នកតំណាងដោយអាណត្តិ គឺជាលក្ខខណ្ឌដែលច្បាប់កំណត់តំរូវក្នុងបណ្តឹងរដ្ឋប្បវេណីសំរាប់ដំណើរការក្តីនៅតុលាការ លើកលែងតែករណីច្បាប់អនុញ្ញាតផ្សេងឲ្យតតិយជនក្រៅពីមេធាវី ។ តាមរយៈអ្នកតំណាងដោយអាណត្តិនេះ អ្វីដែលមេធាវីបានធ្វើត្រូវបានចាត់ទុកដូចជាភាគីដូច្នោះដែរ ហើយជាផលវិបាក ភាគីត្រូវទទួលខុសត្រូវ លើកលែងតែភាគីបានច្រានចោល ឬកែតម្រូវភ្លាមៗ ។ ផ្សេងពីនេះ ទោះបីជាមានអ្នកតំណាងដោយអាណត្តិក៏ដោយ ភាគីនៅតែអាចចូលរួមនៅក្នុងនីតិវិធីតុលាការដដែល ។ បន្ថែមពីនេះ សិទ្ធិអំណាចនៃអ្នកតំណាងដោយអាណត្តិសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងដំណើរការក្តី ភាគីនៅតែអាចកម្រិតឬកំណត់បាន ។ ដូច្នេះ ការមានអ្នកតំណាងដោយអាណត្តិជាមេធាវីនឹងជួយដល់ភាគី ពីការជាប់រវល់មិនអាចចូលរួម ឬ មិនបានយល់ពីនីតិវិធីដ៏ស្មុគស្មាញនៃដំណើរការក្តីនៅតុលាការ តែអាចទទួលជាប្រយោជន៍ដល់រឿងក្តីរបស់ខ្លួន ៕

Leave a comment