Category Archives: ផ្នែកក្រុមហ៊ុន Company Section

តេីវិវាទសមាជិកភាគហ៊ុនអាចដោះស្រាយដោយមជ្ឈត្តការពាណិជ្ជកម្មបានដែរឬទេ? May Shareholder Disputes be applied to Commercial Arbitration?

វិវាទសមាជិកភាគហ៊ុន (Shareholder Disputes) គឺជាប្រភេទនៃវិវាទក្រុមហ៊ុនពាណិជ្ជកម្ម (Commercial Company Disputes)។ ក្រុមហ៊ុនពាណិជ្ជកម្មនេះជាទំរង់នៃក្រុមហ៊ុនមូលធនដែលមានសមាជិកភាគហ៊ុនអាចជារូបវន្តបុគ្គលនីតិបុគ្គល និងមានភាគទុនអាចជាវត្ថុ ជាប្រាក់ ឬជាមូលនិធិពាណិជ្ជកម្ម។ សមាជិកភាគហ៊ុននៃក្រុមហ៊ុននេះជាពាណិជ្ជករ ឬជនមិនមែនពាណិជ្ជករបាន ហេតុនេះបានជាមានចំណោទថា តើវិវាទសមាជិកភាគហ៊ុនអាចដោះស្រាយដោយមជ្ឈត្តការពាណិជ្ជកម្មបានដែរឬទេ May Shareholder Disputes be applied to Commercial Arbitration?

ឆ្លើយតបទៅនឹងបញ្ហានោះ គេអាចពិនិត្យមើលច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (Law on Commercial Arbitration) និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម (Commercial Enterprises Law) ត្រង់មាត្រា២ ចំនុចឈ នៃច្បាប់ស្តីពីមជ្ឈត្តការពាណិជ្ជកម្ម បានកំណត់នូវនិយមន័យនៃពាក្យ«ពាណិជ្ជកម្ម» ត្រូវបានបកស្រាយឲ្យបានទូលំទូលាយដើម្បីគ្របដណ្តប់លើធុរកិច្ចដែលមានប្រភេជាពាណិជ្ជកម្ម ទោះបីជាមានកិច្ចសន្យាគ្មានកិច្ចសន្យាក៏ដោយ។ លក្ខណៈនោះមានជាអាទិ៍៖ កិច្ចការជំនួញដើម្បីផ្គត់ផ្គង់ការផ្លាស់ប្តូរទំនិញសេវាផ្សេងៗ កិច្ចព្រមព្រៀងនៃការចែកចាយតំណាងឬទីភ្នាក់ងារពាណិជ្ជកម្ម ការទិញ-លក់គណនីក្រុមហ៊ុន ការជួលទីតាំងឬសម្ភារៈវត្ថុ ការងារស្ថាបនា ការពិគ្រោះយោបល់ វិស្វកម្ម ការចេញអាជ្ញាបណ្ណ ការវិនិយោគទុន ការផ្តល់ហិរញ្ញវត្ថុ ការធ្វើអាជីវកម្មធនាគារ ការធានារ៉ាប់រង កិច្ចព្រមព្រៀងធ្វើអាជីវកម្មឬសម្បទាន ក្រុមហ៊ុនចំរុះ និងប្រភេទផ្សេងៗទៀតនៃសហប្រតិបត្តិការឧស្សាហកម្មពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញឬអ្នកដំណើរ តាមផ្លូវអាកាស ផ្លូវទឹក ផ្លូវគោក ។ រីឯ

ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម កំណត់អំពីទំរង់នៃក្រុមហ៊ុនពាណិជ្ជកម្ម ។ ក្រុមហ៊ុនពាណិជ្ជកម្មដែលមានសមាជិកភាគហ៊ុន គឺជាក្រុមហ៊ុនមូលធនដែលរួមមានក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ។ ប៉ុន្តែសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិតដែលជាក្រុមហ៊ុនមានសមាជិកភាគហ៊ុនតែម្នាក់ មិនរ៉ាប់បញ្ចូលក្នុងវិវាទសមាជិកភាគហ៊ុននោះទេ ។ ក្រុមហ៊ុនមូលធននេះ គឺជាពាណិជ្ជកិច្ចដោយទំរង់ដែលសមាជិកភាគហ៊ុនអាចជាពាណិជ្ជករ និងជនមិនមែនពាណិជ្ជករ (មន្ត្រីរាជការ…) ហើយអាចជារូបវ័ន្តបុគ្គល និងនីតិបុគ្គល (រួមទាំងនីតិបុគ្គលមិនស្វែងរកចំណេញ៖សមាគមកសិកម្ម សហជីព…)។ ដូច្នេះជាផលវិបាកសំរាប់ពាណិជ្ជកិច្ចដោយទំរង់នេះ សមាជិកភាគហ៊ុនជាពាណិជ្ចករ ឬមិនមែនពាណិជ្ជករ ត្រូវបានកំណត់ឲ្យឋិតនៅក្រោមវិធាន និងច្បាប់ពាណិជ្ជកម្ម ដែលអាចយកវិវាទរបស់ពួកគេមកដោះស្រាយតាមយន្តការមជ្ឈត្តការពាណិជ្ជកម្មបាន ។ លើសពីនេះសូម្បីតែវិវាទរវាងសមាជិកភាគហ៊ុន និងអភិបាលនៃក្រុមហ៊ុនពាណិជ្ជកម្មនោះក៏អាចដោះ្រសាយតាមយន្តការមជ្ឈត្តការនេះបានផងដែរ។ ការកំណត់ដូចនេះមានចែងយ៉ាងច្បាស់នៅមាត្រា ២៨៩ កថាខណ្ឌទី២នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម កម្ពុជា (Cambodia Law on Commercial Enterprises) ។ ហេីយច្បាប់នេះក៏បានអនុញ្ញាតឲ្យចែងពីខសន្យាស្តីពីមជ្ឈត្តការនៅក្នុងលក្ខន្តិក: ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនតែម្តង។

សរុបសេចក្តីមក វិវាទសមាជិកភាគហ៊ុន គឺជាប្រភេទវិវាទក្រុមហ៊ុនពាណិជ្ជកម្មដែលអាចធ្វើការដោះស្រាយតាមយន្តការមជ្ឈត្តការពាណិជ្ចកម្មបាន ទោះបីមានសមាជិកភាគហ៊ុនជាជនមិនមែនពាណិជ្ជករក៏ដោយ រូមទាំងវិវាទជាមួយអភិបាលនៃក្រុមហ៊ុនផងដែរ។ ការធ្វើបែបនេះមានលក្ខណៈស្របទាំងច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ខ្លួនឯង។ ហើយដើម្បីងាយស្រួល សមាជិកភាគហ៊ុនគួរចែងជាមុនក្នុងលក្ខន្តិកៈរបស់ក្រុមហ៊ុននូវខស្តីពីមជ្ឈត្តការពាណិជ្ជកម្មនិងបែបបទពាក់ព័ន្ធផ្សេងទៀតទើបជាការប្រសើរ៕