
ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានយន្តការដោះស្រាយជាច្រើនឆ្លើយតបទៅនឹងជម្រើសរបស់ភាគីវិវាទ ។ យន្តការទាំងនោះរួមមាន ការចរចា សន្ធានកម្ម (ការសម្រុះសម្រួល) និងមជ្ឈត្តការ ជាដើម ។ តើអ្វីទៅជាមជ្ឈត្តការ ឬមជ្ឈត្តការពាណិជ្ជកម្ម? Alternative Dispute Resolution (ADR) has many mechanisms in replying to Disputants’ options. Those mechanisms are as Negotiation, Mediation and Arbitration, etc. Therefore, what is Commercial Arbitration?

ផ្អែកលើច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម កម្ពុជា ត្រង់មាត្រា២ ចំនុច «ក»និង«ខ» ចែងថា «មជ្ឈត្តការ» គឺជាការផ្សះផ្សាវិវាទដោយប្រើប្រាស់វេទិកាមជ្ឈត្តកម្ម ហើយអាចស្ថិតនៅក្នុង ឬនៅក្រៅក្របខ័ណ្ឌនៃការគ្រប់គ្រងរបស់ស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ ។ «វេទិកាមជ្ឈត្តកម្ម» គឺជាមជ្ឈត្តករមួយនាក់ ឬមួយក្រុម ។ យន្តការដោះស្រាយវិវាទនេះ មានលក្ខណៈដូចគ្នាទៅនឹងដំណើរការដោះស្រាយវិវាទនៅប្រព័ន្ធតុលាការដែរ ដោយមានការសម្រេចសេចក្តី និងមានភាគីឈ្នះ-ភាគីចាញ់ ជាចុងក្រោយ។ តែនីតិវិធីរបស់វាត្រូវបានសំរួលឲ្យមានភាពបត់បែន និងងាយស្រួលសំរាប់ភាគី ហើយដោះស្រាយតែវិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្ម អ្វីជាវិវាទពាណិជ្ជកម្ម What is the Commercial Dispute? ប៉ុណ្ណោះ ។ លក្ខណៈបែបនេះ ត្រូវបានគេយល់ថា មជ្ឈត្តការពាណិជ្ជកម្ម បានបង្កើតឡើងសំរាប់ជួយឲ្យការដោះស្រាយវិវាទឆ្លើយតបទៅនឹងចរិកលក្ខណៈរបស់អ្នកជំនួញ និងស្របតាមស្ថានភាពជំនួញ ។

ការយល់ឃើញថាមជ្ឈត្តការមានការឆ្លើយតបនឹង«ចរិកលក្ខណៈរបស់អ្នកជំនួញ» ពីព្រោះ តែវាផ្តល់សិទ្ធិបត់បែន (Flexible) ដល់ភាគីវិវាទ ។ សិទ្ធិនេះមានដូចជា ការជ្រើសតាំងមជ្ឈត្តករ និងកំណត់ពីចំនួនមជ្ឈត្តករ វិធានមជ្ឈត្តការ ទីកន្លែង ភាសា និងរយៈពេលនៃការបញ្ចប់ដំណើរមជ្ឈត្តការ ។ល។ មជ្ឈត្តករ (Commercial Arbitrator) គឺជាភាគីទី៣ ដែលអព្យាក្រឹត មានសមត្ថភាពនិងជំនាញសំរាប់ករណីវិវាទនីមួយៗ។ ការជ្រើសតាំងមជ្ឈត្តករវិជ្ជាជីវៈ តម្រូវឲ្យមានការបង់ប្រាក់កម្រៃសេវាកម្មដែលផ្អែកលើស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍របស់មជ្ឈត្តករនោះស្ថិតនៅ ដូចជាមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផែ្នកពាណិជ្ជកម្ម កម្ពុជា (ម.ជ.ម.) ករណីជ្រើសតាំងមជ្ឈត្តករនៃស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ ឬក្រៅការគ្រប់គ្រងនៃស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ ដូចជាមជ្ឈត្តករ អ៊ូច វុធ្ធី នៅការិយាល័យមេធាវី អូវីធី ឡាយអិន «អូវីធី ច្បាប់» 1. ការស្នើសុំសេវាកម្ម និងតម្លៃ Application & Fees ។ ការផ្តល់សិទ្ធិឲ្យគូភាគីយ៉ាងទូលាយបែបនេះ គឺធ្វើឲ្យពួកគេមានការប្រាកដច្បាស់ថា វិវាទរបស់ខ្លួនត្រូវបានដោះស្រាយទៅតាមបច្ចេកទេស និងមានការចូលរួមពីពួកគេដោយផ្ទាល់ក្នុងដំណើរការដោះស្រាយនោះ ។
ការយល់ឃើញមួយទៀតគឺ មជ្ឈត្តការឆ្លើយតប «ស្របតាមស្ថានភាពជំនួញ» ពីព្រោះសេចក្តីសម្រេចរបស់មជ្ឈត្តករហៅថាមជ្ឈត្តវិនិច្ឆ័យ (Awards) ដែលបានចេញដោយវេទិកាមជ្ឈត្តកម្ម (Arbitral Tribunal) ត្រូវបានបិទផ្លូវតវ៉ាទៅសាលាជំរះក្តីជាន់ខ្ពស់ ដែលមានសាលាឧទ្ធរណ៍ និងតុលាការកំពូល ។ លក្ខណៈបែបនេះធ្វើឲ្យការដោះស្រាយវិវាទលឿន ចំណេញពេលវេលា និងប្រាក់កាស ដែលការងារជំនួញចង់បាន។ មិនតែប៉ុណ្ណោះ «មជ្ឈត្តវិនិច្ឆ័យ » អាចយកទៅអនុវត្តនៅប្រទេសជាច្រើនដែលមានជិត២០០ ប្រទេសនៅលើពិភពលោក ដោយសារតែពួកគេបានចុះអនុសញ្ញាទីក្រុងញ៉ូវយ៉កស្តីពីការទទួលស្គាល់ មជ្ឈត្តវិនិច្ឆ័យបរទេស ជាពិសេសប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស បារាំង ចិន ជាដើម ។ល។ ដែលនេះត្រូវគ្នាទៅនឹងប្រតិបត្តិការជំនួញត្រូវការការលាតសន្ធឹងពី ប្រទេសមួយទៅប្រទេសមួយទៀត នៅលើសាកលលោក ។

សរុបសេចក្តីមក មជ្ឈត្តការពាណិជ្ជកម្ម (Commercial Arbitration) គឺជារបៀបនៃការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការដែលភាគីវិវាទចង់ឲ្យមានលទ្ធផលឈ្នះ–ចាញ់ ដូចប្រព័ន្ធតុលាការ ដោយផ្អែកលើសេចក្តីសម្រេចរបស់មជ្ឈត្តករជាភាគីទី៣ ។ មជ្ឈត្តករត្រូវបានជ្រើសតាំងពីបញ្ជីមជ្ឈត្តករនៃស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ឬក្រៅស្ថាប័ននោះ ។ ដូចគ្នាដែរ សិទ្ធិដ៏ទៃទៀតក៏ត្រូវបានផ្តល់ឲ្យភាគីវិវាទអាចធ្វើការព្រមព្រៀងកំណត់ជាមួយគ្នារួមមានពីចំនួនមជ្ឈត្តករ វិធានមជ្ឈត្តការ ទីកន្លែង ភាសា រយៈពេលចេញមជ្ឈត្តវិនិច្ឆ័យ ។ល។ តាមការពេញចិត្តរបស់ពួកគេ ។ លើសពីនេះ «មជ្ឈត្តវិនិច្ឆ័យ Awards» មិនអាចធ្វើឧទ្ធរណ៍ និងមិនត្រឹមតែអាចអនុវត្តក្នុងប្រទេសប៉ុណ្ណោះទេ វាក៏អាចយកទៅអនុវត្តនៅក្រៅប្រទេសដែលជាកន្លែងរបស់ភាគីវិវាទធ្វើពាណិជ្ជកម្ម ឬរស់នៅផងដែរ។ ដោយសារមជ្ឈត្តការមានសារៈសំខាន់និងជួយដល់កិច្ចការជំនួញបែបនេះ ពាណិជ្ជករដែលជាគូវិវាទគួរពិចារណាយន្តការនេះជាងប្រព័ន្ធតុលាការ ៕