ជម្លោះមត៌ក (Inheritance Conflicts) តែងតែកើតឡើងនៅពេលគ្មានលិខិតបណ្តាំមត៌កទុកដោយមតកជន (ម្ចាស់ទ្រព្យ) ហើយគ្មានការឯកភាពគ្នារបស់សន្តតិជន (អ្នកទទួលមត៌ក) ក្នុងការបែងចែកមត៌កនោះ ។ យន្តការដោះស្រាយដែលប្រសើរសម្រាប់ជម្លោះបែបនេះ ជាទូទៅគឺសន្ធានកម្ម ឬការសម្រុះសម្រួល (Mediation) ។ ហេតុអ្វីទៅ?

ឆ្លើយតបទៅនឹងសំណួរនេះ មានមូលហេតុជាច្រើន រួមមាន៖
- សន្តតិជនជាទូទៅ គឺជាសាច់ញាតិដែលជាសមាជិកគ្រួសារតែមួយ ។
- ទ្រព្យសម្បត្តិមានច្រើនប្រភេទ និងមានតម្លៃខុសគ្នា ហើយការរក្សាឲ្យស្ថានភាពនៃទ្រព្យឲ្យនៅដូចដើម ជៀសវាងការបំផ្លែងទៅជាប្រាក់ដែលជាការចង់បានរបស់សន្តតិជន។
- រក្សាបានការសម្ងាត់ និងឯកជនភាពនៃជម្លោះគ្រួសារ ។
- ចំណាយតិច និងតែមួយលើក ចំពោះសេវាកម្មសន្ធានកម្ម ឬគ្មានចំណាយ ។
- ដំណោះស្រាយមានលក្ខណៈលឿន ពីព្រោះគ្មានច្រើនថ្នាក់ ដូចប្រព័ន្ធតុលាការ
- អាចបន្តទំនាក់ទំនងជាញាតិទៅមុខទៀត ពីព្រោះភាគីជម្លោះដែលជាសន្តតិជនជាអ្នកធ្វើសេចក្តីសម្រេច ក្រោមការជួយពីសន្ធានការី ឬអ្នកសម្រុះសម្រួល ។
- កិច្ចព្រមព្រៀងសះជា ឬកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ អាចអនុវត្តដោយបង្ខំបាន ប្រសិនបើសន្ធានការី ឬអ្នកសម្រុះសម្រួល ជាមេធាវី ។

សរុបសេចក្តីមក ការដោះស្រាយជម្លោះមត៌កតាមរយៈយន្តការសន្ធានកម្ម ឬការសម្រុះសម្រួល ពិតជាប្រសើរ ពីព្រោះតែវាបានជួយឲ្យសន្តតិជនអាចទទួលបាននូវដំណោះស្រាយលឿន ចំណាយតិច រក្សាការសម្ងាត់និងឯកជនភាព ដំណោះស្រាយចងកាតព្វកិច្ច និងជាពិសេស អាចរក្សាបាននូវការបន្តទំនាក់ទំនងរបស់ពួកគេជាសាច់ញាតិទៅខាងមុខទៀតបាន ។ ដូច្នេះ សន្តតិជន គួរជ្រើសរើសវាជាអាទិភាព មុននឹងសម្រេចដាក់បណ្តឹងចូលតុលាការ ឬធ្វើបណ្តឹងវិវាទ ៕