
ការដោះស្រាយវិវាទអាចធ្វើដោយភាគីវិវាទខ្លួនឯង ឬដោយពឹងពាក់ភាគីទី៣ជួយ ។ ភាគីទី៣នេះជាអាជ្ញាកណ្តាល ដែលត្រូវបានកំណត់ឈ្មោះទៅតាមយន្តការ ឬបច្ចេកទេសដោះស្រាយវិវាទនីមួយៗ ដូចជាសន្ធានការី មជ្ឈត្តករ ឬចៅក្រម ។ល។ ដូច្នេះ ហេតុអ្វីដោះស្រាយវិវាទត្រូវការអាជ្ញាកណ្តាល?

មានហេតុផលជាច្រើន ដែលការដោះស្រាយវិវាទត្រូវការអាជ្ញាកណ្តាល រួមមាន៖
- អ្នកជំនាញការ៖ អាជ្ញាកណ្តាលមានចំណេះដឹងឯកទេសលើប្រធានបទវិវាទ និងច្បាប់ពាក់ព័ន្ធដែលធានាបាននូវសេចក្តីសម្រេចជាមួយស្តង់ដាច្បាប់ ។ សន្ធានការីជួយភាគីវិវាទនូវរចនាសម្ព័ន្ធសន្ទនា ដោយធានាបាននូវគ្រប់ភាគីវិវាទទទួលបានការឮ និងយល់ ។
- ការអនុវត្តដោយបង្ខំ៖ សេចក្តីសម្រេចរបស់តុលាការ (សាលក្រម ឬសាលដីកា) និងសេចក្តីសម្រេចរបស់មជ្ឈត្តករ (មជ្ឈត្តវិនិច្ឆ័យ) អាចអនុវត្តដោយបង្ខំ ។ ហើយកិច្ចព្រមព្រៀងសះជានៃសន្ធានកម្មធ្វើដោយមេធាវី ក៏អាចអនុវត្តដោយបង្ខំដែរ ផ្អែកលើអនុស្សារណៈរវាងអ.ដ.ក. និងគ.ម.ក. ។
- ចំណេញពេលវេលា និងធនធាន៖ ជាធម្មតាជម្លោះឬវិវាទអូសបន្លាយពេលវេលា និងខាតបង់ធនធាន តែវត្តមានរបស់ភាគីទី៣ធ្វើឲ្យដំណើរការដោះស្រាយឆាប់ចប់ដោយមានរចនាសម្ព័ន្ធដំណើរការច្បាស់លាស់ (សន្ធានកម្ម មជ្ឈត្តការ ឬបណ្តឹងវិវាទ) ។
- ការពារការកើនឡើងជម្លោះ៖ ករណីគ្មានការអន្តរាគមពីយន្តការអាជ្ញាកណ្តាលទេ វិវាទឬជម្លោះ អាចអូសបន្លាយឬបង្កើនទៅជាហឹង្សា។ ផ្ទុយពីនោះ សន្ធានការីជួយបន្ថយភាពតានតឹង និងដឹកនាំធ្វើការពិភាក្សារកដំណោះស្រាយ ។ ហើយចៅក្រម និងមជ្ឈត្តករ បង្គាប់ឲ្យភាគីវិវាទអនុវត្តតាមនីតិវិធីច្បាប់ ។
- ភាពមិនលម្អៀង និងអព្យាក្រឹតភាព៖ អាជ្ញាកណ្តាលផ្តោលលើភាពយុត្តិធម៌ ទស្សនវិស័យមិនលម្អៀង និងជួយរកតុល្យភាពផលប្រយោជន៍ ។

សរុបសេចក្តីមក ការដោះស្រាយវិវាទពិតជាត្រូវការអាជ្ញាកណ្តាល ពីព្រោះភាគីទី៣នេះ អាចធានាផ្តល់នូវយុត្តិធម៌ ប្រសិទ្ធិភាព និងការអនុវត្តដំណោះស្រាយដោយបង្ខំ ហើយជៀសវាងបាននូវជម្លោះឬវិវាទជាប់គាំង ឬកើនហឹង្សា ។ ការជ្រើសរើសជម្រើសនេះនឹងធ្វើឲ្យវិវាទត្រូវបានដោះស្រាយ និងភាគីវិវាទទទួលបានអត្ថប្រយោជន៍ជាអតិបរិមា៕