តើភាគីវិវាទអាចជាអ្នកធ្វើសេចក្តីសម្រេចក្នុងដំណើរការមជ្ឈត្តការពាណិជ្ជកម្មបានដែរទេ? May Disputants be a Resolver in Commercial Arbitration?

ក្នុងដំណើរការមជ្ឈត្តការពាណិជ្ជកម្ម អ្នកដែលជាភាគីទី៣ត្រូវបានភាគីវិវាទជ្រើសតាំងគឺជាមជ្ឈត្តករ ។ មជ្ឈត្តករនេះ គឺជាអ្នកសម្រេចសេចក្តីដោយចេញជាលទ្ធផលឈ្នះ-ចាញ់ ឲ្យភាគីវិវាទប្រតិបត្តិតាម ។ ចុះបើភាគីវិវាទចង់ធ្វើជាអ្នកសម្រេចសេចក្តីវិញ តាមផ្លូវច្បាប់ តើពួកគេអាចធ្វើបានដែរឬទេ?

Arbitrator meeting with Disputing Parties for Mediation (Source: Google)

ឆ្លើយតបទៅនឹងបញ្ហានេះ វាអាចមានចម្លើយ«បាន» និង«មិនបាន» «បាន» គឺនៅត្រង់ថា ក្នុងដំណើរការមជ្ឈត្តការពាណិជ្ជកម្ម មុននឹងមជ្ឈត្តករចេញសេចក្តីសម្រេច ឬមជ្ឈត្តវិនិច្ឆ័យ អាចផ្តល់សិទ្ធិឲ្យភាគីវិវាទធ្វើសន្ធានកម្មការសម្រុះសម្រួលសិន ក្រោមការជួយពីមជ្ឈត្តករ ឬវេទិកាមជ្ឈត្តកម្ម (មាត្រា៣៨ កថាខណ្ឌទី១ ចំនុចទី១ និងទី២ នៃច្បាប់ស្តីពីមជ្ឈ្តត្តការផ្នែកពាណិជ្ជកម្ម) ។ នៅដំណាក់កាលនេះ ប្រសិនបើមានការព្រមព្រៀងសះជា នោះវាគឺជាការសម្រេចរបស់ភាគីវិវាទ ដែលមានន័យថាភាគីវិវាទជាអ្នកសម្រេចសេចក្តីបញ្ចប់វិវាទរបស់ពួកគេដោយខ្លួនឯង ។ រីឯ«មិនបាន» គឺនៅត្រង់ថា ទោះការបញ្ចប់វិវាទនោះបានធ្វើដោយភាគីវិវាទក៏ដោយ ក៏«កិច្ចព្រមព្រៀងសះជា»នោះ ត្រូវបានចាត់ទុកជា«សេចក្តីសម្រេចរបស់វេទិកាមជ្ឈត្តកម្ម» «មជ្ឈត្តវិនិច្ឆ័យរបស់មជ្ឈត្តករ»នោះដដែល (មាត្រា៣៨ កថាខណ្ឌទី១ ចំនុចទី៣ នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម) ។ ប៉ុន្តែករណីបែបនេះ វាគ្រាន់តែជាទម្រង់នៃមជ្ឈត្តការពាណិជ្ជកម្មប៉ុណ្ណោះ ហើយវានឹងផ្តល់ផលប្រយោជន៍ដល់ភាគីវិវាទទៅវិញសម្រាប់ការអនុវត្តដោយបង្ខំទាំងក្នុងនិងក្រៅប្រទេសនាពេលខាងមុខ ។

Arbitral Award Preparation (Source: Google.)

សរុបសេចក្តីមក ភាគីវិវាទអាចជាអ្នកធ្វើសេចក្តីសម្រេចបានក្នុងដំណើរការមជ្ឈត្តការពាណិជ្ជកម្ម ដោយប្រើប្រាស់សិទ្ធិធ្វើសន្ធានកម្ម ឬការសម្រុះសម្រួលវិវាទ ក្រោមការជួយពីមជ្ឈត្តករ មុនពេលគាត់ឬវេទិកាមជ្ឈត្តកម្មចេញមជ្ឈត្តវិនិច្ឆ័យ ។ «កិច្ចព្រមព្រៀងសះជា»របស់ភាគីវិវាទ និងក្លាយទៅជា«មជ្ឈត្តវិនិច្ឆ័យ»របស់មជ្ឈត្តករឬវេទិកាមជ្ឈត្តកម្មដូចមជ្ឈត្តវិនិច្ឆ័យធម្មតាឯទៀតដែរ ហើយអាចអនុវត្តដោយបង្ខំបានទាំងក្នុង និងក្រៅប្រទេសស្របតាមច្បាប់ និងអនុសញ្ញអន្តរជាតិ ៕

Leave a comment