
សន្ធានកម្ម ឬការសម្រុះសម្រួលវិវាទ អាចប្រព្រឹត្តទៅដោយអ្នកសម្រុះសម្រួលឬសន្ធានការី ជាបុគ្គលធម្មតា ឬជាអ្នកអាជីព ដូចជាមេធាវី ជាដើមបាន ។ លក្ខណៈបែបនេះជាសកល ទាំងកម្ពុជា និងប្រទេសឯទៀតៗ ទូទាំងពិភពលោក ។ ហើយការសះជារបស់ភាគីវិវាទនៃសន្ធានកម្មនោះ ជាទូទៅ គឺជាការអនុវត្តដោយស្ម័គ្រចិត្ត ពោលគឺគ្មានការបង្ខិតបង្ខំទេ ។ តែសម្រាប់កម្ពុជា ការធ្វើសន្ធានកម្មដោយមេធាវី អាចអនុវត្តដោយបង្ខំបាន តើពិតដែរឬទេ?

សន្ធានកម្ម ឬការសម្រុះសម្រួលវិវាទដោយមេធាវី គឺជាការជ្រើសតាំងដោយគូភាគីវិវាទ ឬភាគីវិវាទទាំងអស់នៃរឿងក្តី ដោយមានទំនុកចិត្តថាមេធាវីនោះជាភាគីទីបីអព្យាក្រឹត និងមានលទ្ធភាពអាចអនុវត្តដំណើរការសន្ធានកម្មឬការសម្រុះសម្រួលបានដោយជោគជ័យ ។ ការជ្រើសតាំង និងដំណើរការសន្ធានកម្មឬការសម្រុះសម្រួលប្រព្រឹត្តដោយមេធាវីនេះ មានលក្ខណៈស្របច្បាប់ ដោយយោងទៅលើមាត្រា ៣ កថាខណ្ឌទី២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី អនុញ្ញាត ។ ហើយការជ្រើសតាំង ឬចាត់តាំងនេះ មិនត្រឹមតែអាចធ្វើដោយភាគីវិវាទប៉ុណ្ណោះទេ ចៅក្រមក៏អាចធ្វើដូចគ្នាដែរ ពោលគឺចៅក្រមអាចចាត់តាំងមេធាវីឲ្យធ្វើជាអ្នកសម្រុះសម្រួល ផ្អែកលើមាត្រានៃច្បាប់នោះ ។ ដូចនេះ វិវាទពាណិជ្ជកម្ម វិវាទរដ្ឋប្បវេណី និងវិវាទព្រហ្មទណ្ឌមួយចំនួនដែលច្បាប់អនុញ្ញាតឲ្យធ្វើការសម្រុះសម្រួល អាចត្រូវបានធ្វើដោយអ្នកសម្រុះសម្រួល ឬសន្ធានការី ដែលជាមេធាវី ។ កិច្ចព្រមព្រៀងសះជារបស់ភាគីវិវាទដែលចេញពីការខិតខំប្រឹងប្រែងរបស់មេធាវីនោះ មានលក្ខណៈជាទូទៅដោយការអនុវត្តដោយស្ម័គ្រចិត្តរបស់ភាគីវិវាទ លើកលែងតែវាត្រូវបានអនុវត្តដោយបង្ខំក្នុងករណី៖
បានបំប្លែងជា«កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ»របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ។ ការបំប្លែងនេះ ត្រូវបានអនុញ្ញាតក្រោមអនុស្សារណៈ យោគយល់គ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (គ.ម.ក.) និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ចុះនាថ្ងៃទី៣០-កក្កដា-២០២៤ ។ ជាធម្មតា អ.ដ.ក. នឹងមិនមានកែប្រែអ្វីលើចំនុចណាមួយនៃកិច្ចសះជារបស់ភាគីវិវាទនៃសន្ធានកម្មធ្វើដោយមេធាវីនោះទេ ឲ្យតែចំនុចសះជាទាំងនោះមានលក្ខណៈស្របច្បាប់ ហើយកំណត់ហេតុរបស់អ.ដ.ក.នេះនឹងមានអនុភាពដូចជាសាលក្រមស្ថាពរ ដែលអាចអនុវត្តដោយបង្ខំបាន ។ ហេតុនេះអាចនិយាយបានថា «កិច្ចព្រមព្រៀងសះជារបស់ភាគីវិវាទធ្វើដោយមេធាវី» និង«កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទរបស់អ.ដ.ក.»មានលក្ខណៈតែ១ ដែលមានអនុភាពអនុវត្តដោយបង្ខំបាន ។


សរុបសេចក្តីមក សន្ធានកម្ម ឬការសម្រុះសម្រួលវិវាទដោយមេធាវី អាចទទួលបានកិច្ចព្រមព្រៀងសះជាមួយដែលអាចអនុវត្តដោយបង្ខំបាន ពីព្រោះតែក្រោមកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលដោះស្រាយវិវាទរវាងគណៈមេធាវីកម្ពុជា (គ.ម.ក.) និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ។ លក្ខណៈបែបនេះនឹងធ្វើឲ្យវិវាទត្រូវបានដោះស្រាយចប់ក្នុងរយៈពេលខ្លី (តែមួយលើក) ហើយភាគីវិវាទជាអ្នកធ្វើសេចក្តីសម្រេចដោះស្រាយក្រោមការជួយជ្រុមជ្រែងរបស់មេធាវីជាសន្ធានការី ឬអ្នកសម្រុះសម្រួល ។ ដូច្នេះ ភាគីវិវាទគួរពិចារណាប្រើប្រាស់វាដើម្បីទទួលបានប្រយោជន៍ជាអតិបរិមា ទាំងពេលវេលា ទាំងថវិកា និងទាំងសិទ្ធិក្នុងការធ្វើសេចក្តីសម្រេច ៕
