ការទិញអចលនវត្ថុដោយគ្មានវត្តមានអ្នកច្បាប់ងាយជួបហានិភ័យ Buying a Real Estate without a Lawyer participation is easy to meet a Risk.

ការលក់ ទិញអចលនវត្ថុ គឺជាការព្រមព្រៀងដោយស្ម័គ្រចិត្ត និងការរៀបចំបែបបទដោយសេរីភាពរបស់គូភាគី ដែលជាអ្នកលក់ និងអ្នកទិញ ។ ប៉ុន្តែមានតែការរៀបចំបែបបទដោយត្រឹមត្រូវតាមផ្លូវច្បាប់ប៉ុណ្ណោះ ទើបអាចធានាបាននូវការខូចប្រយោជន៍របស់ភាគីបាន ។ ហេតុនេះ បានជាមានទស្សនៈលើកឡើងថា «ការទិញអចលនវត្ថុដោយគ្មានវត្តមានអ្នកច្បាប់ងាយជួបហានិភ័យ» ។ តើពិតជាបែបនោះមែនឬ?

ដើម្បីបង្ហាញឲ្យឃើញពីទស្សនៈនោះ សូមពិនិត្យករណីសិក្សា១ ដូចតទៅ៖ នៅឆ្នាំ២០០៧ អ្នកទិញដីធ្លីបានធ្វើដំណើរពីភ្នំពេញទៅទិញដីធ្លីមួយកន្លែងនៅខេត្តកែបដែលមានតម្លៃចំនួន US$ 6,000.00 (ប្រាំមួយពាន់ដុល្លាអាមេរិក) ។ គាត់ជឿជាក់លើភាគីអ្នកលក់ជាអ្នករៀបចំលិខិតស្នាមត្រឹមត្រូវឲ្យ ហើយនៅពេលគាត់ចុះទៅដល់ទីកន្លែងដី និងជួបភាគីអ្នកលក់ ក៏បានសម្រេចប្រគល់លុយគ្រប់ចំនួនថ្លៃដីតែមួយលើក និងទទួលលិខិតស្នាមនោះពីអ្នកលក់ ។ ៣ថ្ងៃក្រោយ គាត់បានដឹងថាដីធ្លីដែលបានទិញមានបញ្ហាជាមួយអ្នកជិតខាង ហើយក៏សុំមោឃៈការទិញ លក់ដីធ្លីនោះវិញ ។ តែភាគីអ្នកលក់មិនព្រម លើសពីនេះ ភាគីអ្នកលក់បានយកដីនោះទៅលក់ឲ្យអ្នកទិញផ្សេងទៀត ដោយចាត់ទុកថាភាគីអ្នកទិញគ្រាន់តែបានកក់ប្រាក់ និងបានបោះបង់ប្រាក់កក់នោះចោល ។ នៅពេលេលឺដូច្នេះ ភាគីអ្នកទិញបានសម្រេចដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌចូលសាលាដំបូងខេត្តកំពត ដើម្បីទាមទារប្រាក់ថ្លៃដីរបស់ខ្លួនវិញ និងឲ្យតុលាការផ្តន្ទាទោសដាក់ពន្ធនាគារដល់ភាគីអ្នកលក់ និងបក្ខពួកខ្លួន ។ ហើយជាលទ្ធផល តុលាការខេត្តកំពត ក៏សម្រេចថាភាគីអ្នកលក់មានពិរុទ្ធដែលត្រូវទទួលទោស និងផ្តល់សំណងដល់ភាគីអ្នកទិញនូវទឹកប្រាក់ចំនួន US$ 6,000.00 និងជម្ងឺចិត្តចំនួន ១ លានរៀល ។ តែភាគីអ្នកលក់និងបក្ខពួក មិនសុខចិត្តក៏បានប្តឹងឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍ភ្នំពេញក៏បានសម្រេចឲ្យពួកគេរួចខ្លួន ដោយច្រានចោលសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងខេត្តកំពត ។ សម្រាប់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញនេះ ត្រូវបានដើមបណ្តឹងរដ្ឋប្បវេណី ដែលជាភាគីអ្នកទិញ និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការសាលាឧទ្ធរណ៍ភ្នំពេញ ប្តឹងសាទុក្ខទៅតុលាការកំពូល ។ ទោះបីជាមានការចូលរួមជួយពីអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ក្នុងបណ្តឹងនោះក៏ដោយ ជាលទ្ធផលតុលាការកំពូលនៅតែសម្រេចឲ្យភាគីអ្នកទិញចាញ់ដែរ ដោយបានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការទាំងមូល ដូចមានបង្ហាញសង្ខេបពីសាលាដីការបស់តុលាការកំពូលដូចខាងក្រោម៖

ជាចុងក្រោយ ភាគីអ្នកទិញ ត្រូវខាតបង់ប្រាក់ថ្លៃដី មិនទទួលបានដី និងខាតបង់ក្នុងការចំណាយក្តីសម្រាប់តុលាការទាំងបីថ្នាក់ថែមទៀត ពីព្រោះតែលិខិតស្នាមដែលភាគីអ្នកលក់បានផ្តល់ឲ្យមានបញ្ហាដែលកើតចេញពីគំនិតអាក្រក់ និងឆបោករបស់ភាគីអ្នកលក់នោះឯង ។

(Source: Google)

សរុបសេចក្តីមក ការទិញអចលនវត្ថុដោយគ្មានវត្តមានអ្នកច្បាប់ចូលរួម ពិតជាងាយជួបហានិភ័យប្រាកដមែន ពីព្រោះតែលិខិតស្នាមដែលបញ្ជាក់ការទិញលក់នោះអាចមានភាពមិនត្រឹមត្រូវតាមផ្លូវច្បាប់ ដែលអាចការពារផលប្រយោជន៍របស់អ្នកទិញបាននាពេលក្រោយ ។ លើសពីនេះវាក៏ អាចនឹងធ្វើឲ្យមានការបន្ថែមការចំណាយសំរាប់ការដោះស្រាយវិវាទដើម្បីទាមទារផលប្រយោជន៍នោះមកវិញទៀតផង ។ ដូច្នេះ ការមានអ្នកច្បាប់ពីដំបូងក្នុងប្រតិបត្តិកានៃការទិញ លក់អចលនវត្ថុ នឹងធ្វើឲ្យអ្នកទិញមានទំនុកចិត្តលើលិខិតស្នាម និងធានាបាននូវផលប្រយោជន៍របស់ខ្លួនពីការបាត់បង់ ៕

Leave a comment