អំពី«ខចែងពីមជ្ឈត្តការ»សំរាប់កិច្ចសន្យា About “Arbitration Clauses” for a Contract.

ខចែងអំពីមជ្ឈត្តការ គឺជាកាបញ្ជាក់របស់គូភាគីក្នុងការព្រមព្រៀងយកវិវាទរបស់ពួកគេទៅដោះស្រាយតាមយន្តការមជ្ឈត្តការខចែងនេះអាចរារាំងដល់ភាគីណាមួយចង់កែប្រែនៅពេលក្រោយក្នុងការសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការ ឬហៅថាបណ្តឹងវិវាទបាន ។ ហេតុនេះ តើត្រូវចែងខសម្រាប់មជ្ឈត្តការយ៉ាងដូចម្តេចទើបមានសុពលភាព?

ខចែងពីមជ្ឈត្តការអាចត្រូវបានអនុញ្ញាតឲ្យចែងក្នុងកិច្ចសន្យាអាជីវកម្មរបស់គូភាគីជាមួយផងដែរ ឬចែងក្នុងកិច្ចព្រមព្រៀងដោយឡែក ជាឧបសម្ព័ន្ធបាន ។ ឧទាហរណ៍ លក្ខន្តិកៈក្រុមហ៊ុន (កិច្ចសន្យាក្រុមហ៊ុន) ជាទូទៅមានចែងទុករួចស្រេច ។ ខចែងនេះ ភាគីនៃកិច្ចសន្យាអាចចែងដោយសេរី តែត្រូវមានយ៉ាងតិចនូវពាក្យ «…មជ្ឈត្តការ…» ពីព្រោះវាអាចបញ្ជាក់ច្បាស់លាស់ និងផ្តល់សមត្ថកិច្ចឲ្យយកយន្តការមជ្ឈត្តការមកដោះស្រាយវិវាទរបស់ពួកគេ (មាត្រា៧ កថាខណ្ឌទី១ នៃច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម កម្ពុជា)។ ផ្ទុយទៅវិញ ក្នុងករណីដែលខចែងមានភាពស្រពិចស្រពិល ឬប្រហាក់ប្រហែល ឬស្រដៀង ដូចជាថា «ការផ្សះផ្សា»ឬ«ការសំរបសំរួល»ឬ«ការសម្រុះសម្រួល» មិនមានន័យគ្រប់គ្រាន់សំដៅដល់យន្តការមជ្ឈត្តការនោះទេ ហើយជាផលលំបាកខចែងនោះនឹងមិនចងកាតព្វកិច្ចភាគីវិវាទសម្រាប់មជ្ឈត្តការ និងផ្តល់សិទ្ធិឲ្យភាគីវិវាទអាចមានជម្រើសក្នុងការដាក់បណ្តឹងទៅតុលាការបាន ។ លើសពីនេះ ខមជ្ឈត្តការក៏ត្រូវចែងផងដែរនូវឈ្មោះ មជ្ឈត្តករ (មជ្ឈត្តការបែបអាដហុក) ឧ.មជ្ឈត្តករ អ៊ូច វុធ្ធី នៃអូវីធី ច្បាប់ ឬស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ (មជ្ឈត្តការបែបស្ថាប័ន) ឧ.មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដើម្បីនៅពេលមានវិវាទកើតឡើង ភាគីវិវាទមួយគ្រាន់តែដាក់សេចក្តីជូនដំណឹងអំពីមជ្ឈត្តកម្ម (ពាក្យសុំដំណើរការមជ្ឈត្តកម្ម) ដល់ពួកគេ បន្ទាប់មកដំណើរការមជ្ឈត្តការនឹងចាប់ផ្តើម ។ ក្រៅពីចំនុចទាំងនេះ នៅមានចំនុចសំខាន់ផ្សេងទៀតត្រូវចែងផងដែរ ដូចជា ទីកន្លែង ភាសា ច្បាប់ និងវិធានមជ្ឈត្តការ ។ល។ ដែលអាស្រ័យទៅនឹងប្រភេទសេវាកម្មរបស់មជ្ឈត្តករ ឬស្ថាប័នដែលភាគីបានជ្រើសរើស ។

ឧ. គំរូនៃខចែងពីមជ្ឈត្តការរបស់លោកមជ្ឈត្តករ អ៊ូច វុធ្ធី នៃអូវីធី ច្បាប់

  • រាល់វិវាទ លើការទាមទារ ឬការបំពាន ឬការបញ្ចប់ ឬអសុពលភាពដែលកើតចេញពី ឬទាក់ទងនឹងកិច្ចសន្យានេះនឹងត្រូវដោះស្រាយដោយមជ្ឈត្តការស្របតាមវិធានមជ្ឈត្តការនៃអូវីធី ច្បាប់
  • វេទិកាមជ្ឈត្តកម្ម៖ មជ្ឈត្តករម្នាក់ គឺលោកមជ្ឈត្តករ អ៊ូច វុធ្ធី ។
  • ភាសា៖ ភាសាខ្មែរ ។
  • ទីកន្លែង៖ ការិយាល័យកណ្តាលនៃអូវីធី ច្បាប់ តាំងនៅដីឡូត៍លេខ ៦៨២ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
  • ច្បាប់លើប្រធានបទវិវាទ៖ ច្បាប់កម្ពុជា ដូចជា ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម (វិវាទដៃគូជំនួញ) ច្បាប់ស្តីពីសំណង់ (វិវាទសំណង់) ។ល។

ហេតុនេះ គូភាគីត្រូវពិនិត្យមើលគំរូនៃខចែង ឬធ្វើការពិភាក្សាជាមួយពួកគេជាមុន នៅពេលសម្រេចជ្រើសរើសសេវាកម្មរបស់ពួកគេ ។

ជារួម ដើម្បីអាចដោះស្រាយវិវាទតាមយន្តការមជ្ឈត្តការបាន «ខចែងពីមជ្ឈត្តការ»ដែលមានចែងក្នុងកិច្ចសន្យាអាជីវកម្មរបស់គូភាគី ឬការព្រមព្រៀងចែងដោយឡែកជាឧបសម្ព័ន្ធ ត្រូវតែមានភាពច្បាស់លាស់នូវពាក្យ«មជ្ឈត្តការ»ការចែងដ៏ទៃទៀតសម្រាប់លក្ខខណ្ឌនៃដំណើរការនីតិវិធីរបស់មជ្ឈត្តការ គឺអាស្រ័យទៅនឹងប្រភេទនៃសេវាកម្មរបស់មជ្ឈត្តករ ស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ដែលបានផ្តល់ជាគំរូ ឬកំណត់រួចហើយ ។ ការបំពេញនូវលក្ខខណ្ឌទាំងនេះគ្រប់គ្រាន់អាចធ្វើឲ្យ«ខចែងពីមជ្ឈត្តការ»មានសុពលភាព និងធានាបាននូវដំណើរការយន្តការមជ្ឈត្តការយ៉ាងប្រាកដ ៕