តេីមេធាវីអាចជាអ្នកចរចាដោះស្រាយវិវាទដែរឬទេ May a Lawyer be a Negotiator for Dispute Resolutions?

ការចរចាដោះស្រាយវិវាទ (Dispute Resolution Negotiation) គឺជាយន្តការមួយនិងដំបូងគេដែលពេញនិយមក្នុងចំណោមយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។ វិវាទនៃចំនួនភាគច្រើនត្រូវបានបញ្ចប់ឬដោះស្រាយតាមបែបនេះ ហេតុនេះ តេីមេធាវីអាចជាអ្នកចរចាដោះស្រាយវិវាទដែរឬទេ May a Lawyer be a Negotiator for Dispute Resolutions?

Source: Google.

ការចរចាគឺជារបៀបនៃការដោះស្រាយវិវាទដែលធ្វើឡើងដោយភាគីវិវាទជាមួយគ្នា ។ តែបើភាគីវិវាទបានពឹងពាក់មេធាវីសម្រាប់ឲ្យធ្វើជំនួសឬអមជាមួយខ្លួនក្នុងការចូលរួមចរចា តើអាចប្រព្រឹត្តទៅបានឬទេ? ករណីនេះ បើផ្អែកតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ត្រង់មាត្រា២ កថាខណ្ឌទី១ ចែងថា«មេធាវីអាចតំណាងកូនក្តីតាមការយល់ព្រមពីកូនក្តី ឬជួយការពារកូនក្តីនៅ…គ្រប់ដំណាក់កាលនៃនីតិវិធី លើកលែងតែមានបទបញ្ញត្តិច្បាប់ចែងផ្ទុយពីនេះ…» ហើយមាត្រានេះដដែល កថាខណ្ឌទី២ វាក្យខណ្ឌទី២ ចែងថា«មេធាវីអាចតំណាងអ្នកទទួលខុសត្រូវក្នុងបទរដ្ឋប្បវេណី និងដើមបណ្តឹងរដ្ឋប្បវេណីបាន»។ បន្ថែមពីនេះ យោងតាមមាត្រា៣៣ កថាខណ្ឌទី១ នៃក្រមសីលធម៌មេធាវី ចែងថា«មុនធ្វើសកម្មភាពបណ្តឹង មេធាវីដោយមានការយល់ព្រមពីអតិថិជនរបស់ខ្លួនផង អាចទាក់ទងជាមួយភាគីម្ខាងទៀត ដើម្បីរកការដោះស្រាយដោយការសម្រុះសម្រួលគ្នា» ។ ដូចនេះ ទាំងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងក្រមសីលធម៌មេធាវី អនុញ្ញាតឲ្យមេធាវីអាចតំណាងកូនក្តី ឬចូលរួមការពារកូនក្តីក្នុងការចរចាដោះស្រាយវិវាទបាន ។

Source: Google.

សរុបសេចក្តីមក មេធាវីអាចជាអ្នកចរចាដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការបាន ពីព្រោះតែច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងក្រមសីលធម៌មេធាវីបានផ្តល់សិទ្ធិឲ្យ ។ ដូច្នេះភាគីវិវាទអាចពឹងពាក់មេធាវីសំរាប់យន្តការនេះដោយទំនុកចិត្តនិងការពេញចិត្ត ៕

Leave a comment