តេីវេទិកាមជ្ឈត្តកម្មដែលជាតុលាការសមត្ថកិច្ចដោយការព្រមព្រៀងជាអំពេីខុសច្បាប់ឬ Is the Arbitral Tribunal as the Competent Court by an agreement illegal?

មានមតិមួយចំនួនបានលេីកឡេីងថា ការបង្កេីតតុលាការឯកជនដោយការព្រមព្រៀងរបស់ភាគីវិវាទជាអំពេីខុសច្បាប់ ពីព្រោះពួកគេយល់ថាអំណាចតុលាការគឺជាសមត្ថកិច្ចរបស់រដ្ឋ។ តួយ៉ាង តុលាការរដ្ឋប្បវេណី តុលាការព្រហ្មទណ្ឌ និងតុលាការពាណិជ្ជកម្ម …សុទ្ធតែជារបស់រដ្ឋ ។ ហេតុនេះ តេីវេទិកាមជ្ឈត្តកម្ម ស្របច្បាប់ដែរទេ ពីព្រោះវាបានបង្កើតឡើងពីការព្រមព្រៀងរបស់ភាគីវិវាទ?

ឆ្លើយតបទៅនឹងចម្ងល់នោះ គេអាចពិនិត្យមើល មាត្រា១៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី កម្ពុជា។ មាត្រានេះបានកំណត់ពីសិទ្ធិរបស់ភាគីវិវាទក្នុងការព្រមព្រៀងបង្កេីតតុលាការសមត្ថកិច្ចជម្រះក្តី ដូចជាវេទិកាមជ្ឈត្តកម្ម តែត្រូវបំពេញលក្ខខណ្ឌមួយចំនួនដេីម្បីមានអនុភាព៖

  1. ភាគីវិវាទជាពាណិជ្ជករនិងពាណិជ្ជករ ឬ នីតិបុគ្គលនិងនីតិបុគ្គលពាណិជ្ជករនិងនីតិបុគ្គល
  2. ចំពោះបណ្តឹងដោយផ្អែកលេីទំនាក់ទំនងគតិយុត្តបានកំណត់ និង
  3. កិច្ចព្រមព្រៀងត្រូវធ្វេីជាលាយល័ក្ខណ៍អក្សរ

ការបំពេញទាំង៣ចំនុចនេះជាការគ្រប់គ្រាន់ ហេីយគេពុំឃេីញមានចំណុចបន្ថែមណាដែលផ្អែកលេីការកំណត់ដេីម្បីក្លាយជាតុលាការសមត្ថកិច្ចពាក់ព័ន្ធនឹង ស្ថាប័នផ្សះផ្សាធំៗ ឬអចិន្ត្រៃយ៍ ដូចជា ម.ជ.ម. (NCAC), SIAC or ICC នោះទេ។ លេីសពីនេះ វាក្យខ័ណ្ឌទី៣ នៃមាត្រា១១ របស់ច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម កម្ពុជាបានផ្តល់សិទ្ធិដល់ភាគីវិវាទអាចជ្រេីសរេីសមជ្ឈត្តករក្រៅពីបញ្ជីរបស់ម.ជ.ម.បាន។ ហេតុនេះ វេទិកាមជ្ឈត្តកម្មបង្កេីតឡេីងមិនអា្រស័យនឹងការមានស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ ឬអត់នោះទេ តែគុណវុឌ្ឍិជាមជ្ឈត្តករ អព្យាក្រឹត្យភាព និងការយល់ច្បាស់ពីបច្ចេកទេសសំរាប់ប្រធានបទវិវាទ គឺជាកត្តាចាំបាច់ទៅវិញ។

សរុបសេចក្តីមក វេទិកាមជ្ឈត្តកម្មដែលជាតុលាការសមត្ថកិច្ចផ្នែកពាណិជ្ចកម្មបង្កេីតឡេីងដោយកិច្ចព្រមព្រៀងរបស់ភាគីវិវាទ ពិតជាមានលក្ខណ:ស្របច្បាប់ និងមានអនុភាពអនុវត្ត បេីវាបានបំពេញទៅនឹងលក្ខខណ្ឌនៃច្បាប់តំរូវ ហេីយវាមិនអាស្រ័យទៅនឹងស្ថាប័នធំ តូចអចិន្ត្រៃយ៍នោះទេ។ ក៏ប៉ុន្តែលក្ខណ:សម្បត្តិរបស់មជ្ឈត្តករ ត្រូវបានយល់ថាជាធាតុដែលមិនអាចខ្វះបានដេីម្បីអាចដំណេីរការមជ្ឈត្តការ និងផ្តល់នូវភាពយុត្តិធម៌ ដល់ភាគីវិវាទ៕

Leave a comment