តេីការចរចាសំខាន់យ៉ាងណាក្នុងការដោះស្រាយវិវាទ How is a Negotiation important to resolve Disputes?

(Source: Google)

ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (Alternative Dispute Resolution “ADR”) ក្រៅពីមានការចូលរួមជួយពីអ្នកទី៣ដែលជាបុគ្គលអព្យាក្រឹត ដូចជាយន្តការសន្ធានកម្ម (Mediation Mechanism) និងមជ្ឈត្តកម្ម (Arbitration Mechanism) ភាគីវិវាទក៏អាចដោះស្រាយវិវាទដោយពួកគេផ្ទាល់ បានដែរ។ ការដោះស្រាយវិវាទបែបនេះត្រូវបានហៅថា «យន្តការចរចា Negotiation Mechanism»។ យន្តការចរចា ប្រព្រឹត្តទៅដោយភាគីវិវាទម្ខាងប្រាស្រ័យទាក់ទងជាមួយភាគីវិវាទម្ខាងទៀត ឬតាមរយៈអ្នកតំណាងរបស់ពួកគេ ។ ដូច្នេះតើការចរចាសំខាន់យ៉ាងណាក្នុងការដោះស្រាយវិវាទ?

(Source: Google)

ការចរចា (Negotiation) គឺជាវិធីសាស្ត្រទូទៅដែលរដ្ឋាភិបាល អ្នកជំនួញ និងប្រជាពលរដ្ឋសាមញ្ញប្រើប្រាស់ជាដំបូងសំរាប់ជាមធ្យោបាយធ្វើឲ្យមានការព្រមព្រៀងដោយរហ័សលើកិច្ចការរបស់ពួកគេ ហើយវាក៏ឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពចំពោះការដោះស្រាយវិវាទផងដែរ ។ ក្នុងការចរចា ភាគីវិវាទ (Disputants) អាចប្រើវិធីសាស្ត្របែបឈ្នះ-ចាញ់ (Win-Loss)ឈ្នះ-ឈ្នះ (Win-Win) ជាមួយភាគីវិវាទម្ខាងទៀតដោយផ្ទាល់ខ្លួនគេ ឬដោយអ្នកតំណាង (Representative) ហើយបើទោះបីធ្វើដោយអ្នកតំណាង កិច្ចការនេះក៏ត្រូវបានចាត់ទុកធ្វើដោយភាគីវិវាទនោះដែរ សំខាន់នៅត្រង់ថាតើត្រូវធ្វើបែបណាទើបអាចឲ្យកិច្ចការរបស់អ្នកតំណាងចងកាតព្វកិច្ចដល់ភាគីវិវាទ?

អ្នកតំណាង (Representative) គឺជាបុគ្គលដែលត្រូវជ្រើសតាំងដោយភាគីវិវាទ ហើយអាចជាមេធាវី ឬមិនមែន។ ករណីនេះ ប្រសិនបើអ្នកតំណាងជាមេធាវី (Lawyer Negotiator) គឺជាការប្រសើរ ពីព្រោះការតំណាងដោយអាណត្តិរបស់មេធាវីនោះ ត្រូវបានច្បាប់កំណត់ជាកាតព្វកិច្ចរបស់ភាគីវិវាទដែលត្រូវតែអនុវត្តតាម (មាត្រា២នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងមាត្រា៥៤និងមាត្រា៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។ តែបុគ្គលផ្សេងពីនេះ លុះត្រាមានការបញ្ជាក់ឬការរៀបចំណាមួយ ដើម្បីជាចំណងផ្លូវច្បាប់ភ្ជាប់ការងាររបស់អ្នកតំណាងជាមួយភាគីវិវាទ ពីព្រោះនៅពេលបញ្ចប់ការចរចា ហើយមានលទ្ធផល តែបែរជាលទ្ធផលមិនអាចយកជាការបាន ឬប្រែក្រឡាស់ដោយភាគីវិវាទ ចំពោះកិច្ចរបស់អ្នកតំណាង គឺជារឿងដែលខាតបង់ជាច្រើន ទាំងពេលវេលា ប្រាក់កាស និងកិច្ចខិតខំប្រឹងប្រែងទាំងឡាយកន្លងមក ។

តើពេលណាភាគីវិវាទគួរធ្វើការចរចាដោយខ្លួនឯង ហើយពេលណាគួរពឹងពាក់អ្នកតំណាង When do the parties negotiate by themselves or by using the representatives? បញ្ហានេះគ្មានរូបមន្តជាក់លាក់ដើម្បីកំណត់នោះទេ ពោលគឺអាស្រ័យលើភាគីវិវាទប៉ុណ្ណោះ​ តែគេក៏អាចកត់សម្គាល់បានខ្លះៗ ដោយផ្អែកលើប្រធានបទវិវាទ ឬភាពលំបាកនៃការទំនាក់ទំនងរបស់ភាគីវិវាទ ។ សូមពិនិត្យមើលឧទាហរណ៍មួយចំនួនដូចតទៅ៖

(Source: Google)
  • វិវាទពីការបង់ពន្ធដារ (Tax Disputes) ៖ កើតឡើងរវាងភាគីវិវាទជាអ្នកដែលត្រូវបង់ពន្ធ ជាមួយភ្នាក់ងារពន្ធដារ ។ វិវាទបែបនេះជាទូទៅភាគីវិវាទអាចធ្វើដោយខ្លួនឯង ពីព្រោះតែកិច្ចការទាំងនោះត្រូវបានដឹងច្បាស់ដោយសាមីអ្នកជាប់ពន្ធ ហើយអាចចរចា ធ្វើការផ្ទៀងផ្ទាត់បាន។ ជាឧទាហរណ៍ លោក អ៊ូច វុធ្ធី (OUCH Vutthy) បានធ្វើការចរចាជាមួយភ្នាក់ងារពន្ធដារពីការបង់ប្រាក់លើអចលនវត្ថុរបស់ខ្លួន និងទីតាំងនៃការិយាល័យមេធាវី អូវីធី ឡាយអិន «អូវីធី ច្បាប់» OVT Lion Law Office “OVT Law” អ្នកចរចាដោះស្រាយវិវាទពន្ធដារ នៅសាខាពន្ធដារខេត្តកំពត Negotiator to resolve the Taxation Disputes at Kampot Taxation Department.
  • វិវាទលែងលះ (Divorce Disputes)៖ វិវាទប្រភេទនេះកើតឡើងរវាងសហព័ទ្ធប្តីនិងប្រពន្ធ ។ ការសម្រេចអំពីការលែងលះធ្វើឡើងដោយគូភាគីវិវាទ តែក្នុងការលែងលះនេះមានបង្កប់នូវការបែងចែកទ្រព្យសម្បត្តិទៅដល់ពួកគេ។ បញ្ហាទ្រព្យសម្បត្តិនោះត្រូវមានចំណេះដឹងផ្នែកច្បាប់ដើម្បីអាចដឹងពីទ្រព្យសម្បត្តិរួមឬដោយឡែក និងចំនួនទ្រព្យសម្បត្តិកម្រិតណាត្រូវបានទៅលើភាគីវិវាទនីមួយៗដែលនេះទាមទារឲ្យអ្នកតំណាងត្រូវតែជាមេធាវី (Lawyer Negotiator) ដើម្បីជួយ តេីធ្វេីដូចម្តេចទេីបអាចដោះស្រាយវិវាទលែងលះតាមសន្ធានកម្មបាន? How to do to resolve a Divorce Case by Mediation?
  • វិវាទដីធ្លី (Land Disputes)៖ វិវាទនេះកើតឡើងរវាងម្ចាស់ដីធ្លីពីរគ្រួសារជាមន្ត្រីយោធា និងអាជ្ញាធរសាធារណនៅខេត្តស្ទឹងត្រែង នាឆ្នាំ២០០៧ ។ នៅពេលភាគីវិវាទពីរគ្រួសារពឹងពាក់លោក អ៊ូច វុធ្ធី ដែលពេលនោះលោកជាមន្ត្រីកិច្ចការច្បាប់និងដោះស្រាយវិវាទពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មឲ្យជួយចរចា ដោះស្រាយវិវាទ ហើយត្រូវបានស្វាគមន៍យ៉ាងរាក់ទាក់ពីអាជ្ញាធរសាធារណ ព្រមទាំងបញ្ជាក់ឲ្យដឹងនៅចំពោះមុខលោក អ៊ូច វុធ្ធី ថាមន្ត្រីយោធាទាំងនោះចេះពឹងពាក់មេធាវីបែបនេះធ្វើឲ្យមានការងាយស្រួល ពីព្រោះពួកគាត់ពិបាកនិយាយជាមួយមន្ត្រីយោធាទាំងនោះខ្លាំងណាស់ ។ ជាលទ្ធផលនៃការដោះស្រាយបន្ទាប់ពីអាចជួបគ្នាចរចាបានចំនួន២លើក ដំណោះស្រាយឈ្នះ-ឈ្នះ រវាងពួកគេទាំងពីរភាគីក៏បានបញ្ចប់ជាស្ថាពរ ។
(Source: Google)

ដូច្នេះការចរចាដែលភាគីវិវាទពិបាកក្នុងការទំនាក់ទំនង ឬវិវាទមានការពាក់ព័ន្ធនឹងបច្ចេកទេសច្បាប់ ឬវិវាទស៊ីជម្រៅលើប្រធានបទវិវាទ ឬការចរចាត្រូវការអ្នកមានបទពិសោធន៍អំពីការងារនោះ អ្នកចរចាគួរតែជាមេធាវីកំពុងប្រកបវិជ្ជាជីវៈទើបជាការល្អ ។

ផ្សេងពីនេះ ការចរចាគួរតែជាវិធីសាស្ត្រដំបូងដែលភាគីវិវាទប្រកាន់យកដើម្បីដោះស្រាយវិវាទរបស់ពួកគេ ពីព្រោះតែវាផ្តល់នូវផលប្រយោជន៍ជាច្រើនរួមមាន៖

  • មានភាពបត់បែននៃដំណើរការតាមការចង់បានរបស់ភាគីវិវាទ ដូចជាពេលវេលា ទីកន្លែង ឬរបៀបនៃកិច្ចពិភាក្សាសម្រាប់ធ្វើការចរចា ជាដើម។
  • មានជម្រើសធ្វើដោយភាគីវិវាទខ្លួនឯង ឬតាមរយៈអ្នកតំណាង
  • អាចបញ្ចប់វិវាទក្នុងរយៈពេលខ្លី ធ្វើឲ្យចំណេញពេលវេលា។
  • ងាយស្រួលអនុវត្តលទ្ធផលនៃដំណោះស្រាយ ។
  • អាចបន្តទំនាក់ទំនងរបស់គូភាគីវិវាទបាន ជាពិសេសលទ្ធផលនៃដំណោះស្រាយបែបឈ្នះ-ឈ្នះ ។
  • គ្មានការចំណាយ ឬមានការចំណាយតិចតួចសម្រាប់កម្រៃសេវាកម្មរបស់អ្នកតំណាងដែលជាមេធាវី ។
(Source: Google)

សរុបសេចក្តីមក ការចរចា គឺជាវិធីសាស្ត្រដោះស្រាយវិវាទដ៏មានសារៈប្រយោជន៍ ពីព្រោះតែវាអាចធ្វើឲ្យវិវាទត្រូវបានបញ្ចប់ក្នុងរយៈពេលខ្លី ផ្តល់នូវភាពបត់បែននិងសិទ្ធិសេរីភាពដល់ភាគីវិវាទ ជាពិសេសសិទ្ធិក្នុងការធ្វើការចរចាដោយខ្លួនឯង ឬតាមរយៈអ្នកតំណាង គ្មាននីតិវិធីផ្លូវការឬវិធានតម្រូវឲ្យអនុវត្តតាម គ្មានការចំណាយឬការចំណាយតិចតួច និងអនុវត្តដំណោះស្រាយមានលក្ខណៈងាយស្រួល ។ ដូច្នេះ ភាគីវិវាទគួរយកចិត្តទុកដាក់ពីយន្តការនេះជាអាទិភាពក្នុងការដោះស្រាយវិវាទរបស់ពួកគេ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s