ការដោះស្រាយវិវាទពាណិជ្ជកម្មតាមមជ្ឈត្តការ (Commercial Dispute Resolution by Arbitration) គឺជាយន្តការដោះស្រាយវិវាទពាណិជ្ជកម្មមួយ (a Mechanism of the Commercial Dispute Resolution) ក្នុងចំណោមប្រភេទនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (Among of Alternative Dispute Resolution “ADR”) ។ នេះមានន័យថាសិទ្ធិនិងសេរីភាពរបស់ភាគីវិវាទត្រូវបានផ្តល់និងយកចិត្តទុកដាក់ខ្ពស់តាមរយៈការចូលរួមក្នុងយន្តការនោះដោយអាចធ្វើការកំណត់ពីដំណើរការក្នុងការដោះស្រាយ ពីការជ្រើសរើសមជ្ឈត្តករ (អ្នកចេញសេចក្តីសម្រេច) ចំនួនមជ្ឈត្តករ ពីច្បាប់ ពីវិធានមជ្ឈត្តការ ពីភាសា ពីទីកន្លែងនៃការដោះស្រាយ ។ល។ ហេតុនេះ បានជាមានសំណួរថា បើភាគីវិវាទចង់ដោះស្រាយវិវាទរបស់ពួកគេនៅក្រៅពីស្ថាប័នផ្សះផ្សាវិវាទណាមួយវិញ ដោយស្គាល់ពីមជ្ឈត្កករណាម្នាក់ ដោយការទុកចិត្តនិងជឿជាក់លើសមត្ថភាពរបស់មជ្ឈត្តករនោះ តើអាចធ្វើបានដែរឬទេ?

យោងតាមច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម កម្ពុជា Law on Cambodia Commercial Arbitration ប្រកាសឲ្យប្រើនៅឆ្នាំ២០០៦ បានកំណត់ពីសមត្ថកិច្ចក្នុងការដោះស្រាយវិវាទពាណិជ្ជកម្មតាមរយៈការផ្សះផ្សាដោយការស្ម័គ្រចិត្តរបស់ភាគីវិវាទ លើផ្នែកមជ្ឈត្តការ (មាត្រា១ កថាខណ្ឌ១ និងមាត្រា២ ចំនុច«ឃ»។ ហើយមជ្ឈត្តការ (the Arbitration) គឺជាការផ្សះផ្សាវិវាទដោយប្រើប្រាស់វេទិកាមជ្ឈត្តកម្ម (Arbitral Tribunal) ដែលអាចស្ថិតនៅក្នុងឬក្រៅក្របខ័ណ្ឌនៃការគ្រប់គ្រងរបស់ស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ បើផ្អែកតាមមាត្រា២ ចំនុច«ក»។ រីឯវេទិកាមជ្ឈត្តកម្ម (Arbitral Tribunal) គឺជាមជ្ឈត្តករមួយនាក់ឬមួយក្រុម (មាត្រា២ ចំនុច«ខ») is as a Commercial Arbitrator or Panel ។ ហើយនៅចំនុច«ង»នៃមាត្រានេះដដែល ក៏បានបញ្ជាក់ពីសិទ្ធិ និងសេរីភាពរបស់ភាគីវិវាទក្នុងការជ្រើសតាំងជនទីបីដើម្បីធ្វើការសម្រេចលើបញ្ហារបស់ពួកគេដែលត្រូវបានហៅថា មជ្ឈត្តករ Commercial Arbitrator ផងដែរ និងការធ្វើសេចក្តីសម្រេច «មជ្ឈត្តវិនិច្ឆ័យ Award» វេទិកាមជ្ឈត្តកម្មជាគោលការណ៍ត្រូវអនុវត្តតាមមាត្រា៣៦ ។ ដូច្នេះមជ្ឈត្តការអាចធ្វើបានពីររបៀបដោយតាមស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ និងក្រៅពីការគ្រប់គ្រងរបស់ស្ថាប័ននោះ (អាដហុក Ad Hoc) ។

ដូចគ្នាផងដែរ ចំពោះការទទួលស្គាល់និងការប្រតិបត្តិនូវមជ្ឈត្តវិនិច្ឆ័យរបស់វេទិកាមជ្ឈត្តកម្មក្រៅស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ និងស្ថាប័ននោះ នេះបើផ្អែកតាមមាត្រា២ ចំនុច២ នៃច្បាប់ស្តីពីការយល់ព្រមនិងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិចែងអំពីការទទួលស្គាល់និងការប្រតិបត្តិសេចក្តីសម្រេចមជ្ឈត្តករបរទេស ដែលបានប្រកាសឲ្យប្រើនៅថ្ងៃទី២៣-កក្កដា-២០០១ ។ ច្បាប់នេះកំណត់ពីការទទួលស្គាល់សេចក្តីសម្រេចរបស់មជ្ឈត្តករបរទេស ដែលទាក់ទងនឹងអនុសញ្ញាទីក្រុងញូវយ៉កស្តីពីមជ្ឈត្តការដែលបានធ្វើនៅឆ្នាំ១៩៥៨ ហើយកម្ពុជាបានទទួលស្គាល់នៅឆ្នាំ១៩៦០។ ហេតុនេះបើប្រទេសកម្ពុជាទទួលស្គាល់និងប្រតិបត្តិមជ្ឈត្តវិនិច្ឆ័យបរទេសក្រៅស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ វាក៏ធ្វើឲ្យប្រទេសដែលជាហត្ថលេខីនៃអនុសញ្ញានោះត្រូវតែទទួលស្គាល់និងប្រតិបត្តិមជ្ឈត្តវិនិច្ឆ័យរបស់មជ្ឈត្តករក្រៅស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ដែលបានធ្វើនៅកម្ពុជាដូចគ្នាផងដែរ ពីព្រោះតែជាកាតព្វកិច្ចនៃសិទ្ធិស្មើគ្នារបស់សមាជិកហត្ថលេខីនៃអនុសញ្ញា ។

សរុបសេចក្តីមក ការដោះស្រាយវិវាទពាណិជ្ជកម្មតាមមជ្ឈត្តការ គឺអាចធ្វើបាននៅក្រៅស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍ ដោយការកំណត់និងជ្រើសតាំងមជ្ឈត្តករពីភាគីវិវាទ ។ ការដោះស្រាយវិវាទនេះត្រូវបានអនុញ្ញាតនិងទទួលស្គាល់ដោយច្បាប់ជាតិ និងអន្តរជាតិ ជាហេតុធ្វើឲ្យដំណើរការនិងមជ្ឈត្តវិនិច្ឆ័យរបស់វេទិកាមជ្ឈត្តកម្មនោះមានតម្លៃដូចគ្នានឹងមជ្ឈត្តវិនិច្ឆ័យរបស់ស្ថាប័នផ្សះផ្សាអចិន្ត្រៃយ័ ហើយអាចអនុវត្តដោយបង្ខំបានទាំងក្នុងកម្ពុជានិងនៅបរទេស ។ ដូចនេះ ភាគីវិវាទអាចប្រើប្រាស់សេវាកម្មមជ្ឈត្តកម្មក្រៅពីស្ថាប័នផ្សះផ្សាអចិន្ត្រៃយ័ តាមការពេញចិត្ត និងក្នុងជម្រើសរបស់ខ្លួនដោយមានទំនុកចិត្ត ៕