
សន្ធានកម្មជម្លោះមត៌ក ឬការសម្រុះសម្រួលជម្លោះមត៌ក (Mediation on an Inheritance Conflict) គឺជារបៀបនៃការដោះស្រាយវិវាទលើការបែងចែកទ្រព្យសម្បត្តិជាមត៌កដល់សន្តតិជន ឬអច្ច័យលាភី បន្ទាប់ពីម្ចាស់ទ្រព្យមតកជនធ្វើមរណកាលទៅ ដោយសន្តិវិធីឬដោយការព្រមព្រៀងរបស់ភាគីវិវាទឬដោយការសម្រេចរបស់ភាគីវិវាទ ។ ជម្លោះមត៌កនេះអាចធ្វើសន្ធានកម្មបានក្នុងករណីគ្មានបណ្តាំរបស់មតកជន (ម្ចាស់ទ្រព្យ) តាមរយៈ មតកសាសន៍ ឬលិខិតបណ្តាំ ទុកឲ្យពួកគេ។ ការដោះស្រាយបែបនេះជាទូទៅមានភាពលំបាក និងស្មុគស្មាញ ពីព្រោះតែចំនួនសន្តតិជនច្រើន ជម្រើសច្រើន និងទ្រព្យសម្បត្តិមត៌កមានច្រើនប្រភេទផ្សេងគ្នា ។ ដូចនេះ តើការធ្វើសន្ធានកម្មនៃវិវាទមត៌កនេះប្រព្រឹត្តទៅដូចម្តេចខ្លះ?


ការចាប់ផ្តើមសន្ធានកម្ម ជាដំបូង ត្រូវតែអ្នកដែលពាក់ព័ន្ធទាំងអស់នឹងត្រូវទទួលមត៌កនោះ ដូចជាសន្តតិជន អច្ច័យលាភី ធ្វើការព្រមព្រៀងពីយន្តការនេះ ។ ទីពីរពួកគេក៏ត្រូវព្រមព្រៀងពីអ្នកដែលចូលមកជួយពួកគេ ដែលត្រូវបានហៅថា អ្នកសម្រុះសម្រួល ឬសន្ធានការី ។ បុគ្គលនេះត្រូវតែអព្យាក្រឹត ឯករាជ្យ យល់ដឹងពីបញ្ហាទ្រព្យសម្បត្តិនៃគ្រួសារ មានបទពិសោធន៍ពីជម្លោះប្រភេទនោះ និងចេះពីការងារសន្ធានកម្មដែលត្រូវធ្វើ ព្រមទាំងអាចរៀបចំវិធានសន្ធានកម្មសំរាប់ដំណើរការឲ្យភាគីវិវាទអនុវត្តតាមបាន ។ល។ ជម្លោះមត៌កអាចមានការប្រែប្រួលពីតូចទៅធំ ពីក្នុងគ្រួសារទៅជាបណ្តឹងវិវាទតាមផ្លូវតុលាការ តាមរយៈសន្តតិជនណាមួយមានបំណងលោភលន់និងកេងចំណេញលើសពីសន្តតិជនផ្សេងទៀតដោយរៀបចំប្រមូលឯកសារដែលបញ្ជាក់លើកម្មសិទ្ធិនៃទ្រព្យសម្បត្តិ ផ្លាស់ប្តូរកម្មសិទ្ធិករនៃទ្រព្យ ហើយលក់ចេញដើម្បីប្រមូលប្រាក់ជាប្រយោជន៍របស់ខ្លួន។ល។ ហេតុនេះការដោះស្រាយដោយសន្ធានកម្មត្រូវតែមានលក្ខណៈលឿននិងសន្ធានការីត្រូវតែឆ្លៀវឆ្លាតនិងមានវិជ្ជាជីវៈទើបអាចជួយបញ្ចប់ជម្លោះទាន់នៅតូចក្នុងលក្ខណៈគ្រួសារ ។ ដូច្នេះការជ្រើសរើសអ្នកសម្រុះសម្រួលឬសន្ធានការីដែលមានអាជីព គួរយកចិត្តទុកដាក់ដើម្បីធ្វើឲ្យការដោះស្រាយជម្លោះអាចបញ្ចប់នៅក្រៅប្រព័ន្ធតុលាការនិងដំណោះស្រាយទទួលបានរយៈពេលខ្លី ។ តែការពឹងពាក់អ្នកអាជីពផ្នែកនេះតម្រូវឲ្យមានការបង់ប្រាក់កម្រៃសេវាកម្មទៅតាមការកំណត់របស់សន្ធានការីឬកន្លែងវិជ្ជាជីវៈរបស់គេនីមួយៗ ។ កម្រៃសេវាកម្មនេះអាចត្រូវបានរួមចំណែកដោយអ្នកទទួលផលប្រយោជន៍នៃមត៌កក្នុងចំណែកស្មើៗគ្នា ឬដោយការធានារ៉ាប់រង់របស់សន្តតិជនណាម្នាក់ ។

សរុបសេចក្តីមក សន្ធានកម្មជម្លោះមត៌ក គឺជាការដោះស្រាយជម្លោះមត៌កដោយការសម្រេចរបស់ភាគីវិវាទដែលជាអ្នកទទួលផលប្រយោជន៍នៃមត៌ក (សន្តតិជន អច្ច័យលាភី) នៅពេលគ្មានមតកសាសន៍ឬលិខិតបណ្តាំទុកឲ្យពីមតកជន ។ ជម្លោះនេះអាចមានការវិវឌ្ឍន៍ពីក្នុងកម្រិតគ្រួសារដោយការមិនទុកចិត្ត និងកេងចំណេញពីក្នុងចំណោមសន្តតិជនទៅជាសាធារណៈតាមរយៈបណ្តឹងវិវាទទៅតុលាការ ហេតុនេះការជ្រើសរើសអ្នកសម្រុះសម្រួលឬសន្ធានការីអាជីព គឺជាករណីដែលត្រូវធ្វើ ដើម្បីធ្វើឲ្យជម្លោះត្រូវបានដោះស្រាយលឿន និងអាចបញ្ចប់ក្នុងរង្វង់គ្រួសារដែលជាលក្ខណៈឯកជន ៕