
វិវាទសមាជិកភាគហ៊ុន (Shareholder Disputes) គឺជាប្រភេទនៃវិវាទក្រុមហ៊ុនពាណិជ្ជកម្ម (Commercial Company Disputes)។ ក្រុមហ៊ុនពាណិជ្ជកម្មនេះជាទំរង់នៃក្រុមហ៊ុនមូលធនដែលមានសមាជិកភាគហ៊ុនអាចជារូបវន្តបុគ្គលឬនីតិបុគ្គល និងមានភាគទុនអាចជាវត្ថុ ជាប្រាក់ ឬជាមូលនិធិពាណិជ្ជកម្ម។ សមាជិកភាគហ៊ុននៃក្រុមហ៊ុននេះជាពាណិជ្ជករ ឬជនមិនមែនពាណិជ្ជករបាន ហេតុនេះបានជាមានចំណោទថា តើវិវាទសមាជិកភាគហ៊ុនអាចដោះស្រាយដោយមជ្ឈត្តការពាណិជ្ជកម្មបានដែរឬទេ May Shareholder Disputes be applied to Commercial Arbitration?
បើពិនិត្យមើលច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (Law on Cambodia Commercial Arbitration) ដែលកំណត់ពីយន្តការមជ្ឈត្តការពាណិជ្ជកម្ម ត្រង់មាត្រា២ ចំនុចឈ បានកំណត់ពីនិយមន័យនៃពាក្យពាណិជ្ចកម្ម ដែលត្រូវឋិតនៅក្នុងវិសាលភាពនៃច្បាប់នេះមានដូចតទៅ៖ ពាក្យថា “ពាណិជ្ជកម្ម” ត្រូវបានបកស្រាយឲ្យបានទូលំទូលាយដើម្បីគ្របដណ្តប់លើធុរកិច្ចដែលមានប្រភេជាពាណិជ្ជកម្ម ទោះបីជាមានកិច្ចសន្យា ឬគ្មានកិច្ចសន្យាក៏ដោយ។ ធុរកិច្ចដែលមានប្រភេទជាពាណិជ្ជកម្មមានជាអាទិ៍ៈ កិច្ចការជំនួញដើម្បីផ្គត់ផ្គង់ឬការផ្លាស់ប្តូរទំនិញឬសេវាផ្សេងៗ កិច្ចព្រមព្រៀងនៃការចែកចាយតំណាងឬទីភ្នាក់ងារពាណិជ្ជកម្ម ការទិញ-លក់គណនីក្រុមហ៊ុន ការជួលទីតាំងឬសម្ភារៈវត្ថុ ការងារស្ថាបនា ការពិគ្រោះយោបល់ វិស្វកម្ម ការចេញអាជ្ញាបណ្ណ ការវិនិយោគទុន ការផ្តល់ហិរញ្ញវត្ថុ ការធ្វើអាជីវកម្មធនាគារ ការធានារ៉ាប់រង កិច្ចព្រមព្រៀងធ្វើអាជីវកម្មឬសម្បទាន ក្រុមហ៊ុនចំរុះ និងប្រភេទផ្សេងៗទៀតនៃសហប្រតិបត្តិការឧស្សាហកម្មឬពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញឬអ្នកដំណើរ តាមផ្លូវអាកាស ផ្លូវទឹក ផ្លូវគោក ។
ហើយសមាជិកភាគហ៊ុននៃក្រុមហ៊ុនមូលធនដែលជាពាណិជ្ជកិច្ចដោយទំរង់ត្រូវបានចាត់ទុកថាធ្វើសកម្មភាពពាណិជ្ជកម្ម។ ដូច្នេះជាផលវិបាកសំរាប់ពាណិជ្ជកិច្ចដោយទំរង់នេះ សមាជិកភាគហ៊ុនជាពាណិជ្ចករ ឬមិនមែនពាណិជ្ជករ ដូចជា មន្ត្រីរាជការជាដេីម ។ល។ត្រូវបានកំណត់ឲ្យឋិតនៅក្រោមវិធាន និងច្បាប់ពាណិជ្ជកម្ម តួយ៉ាងនៅពេលបង្កើតក្រុមហ៊ុនប្រភេទនេះ ស្ថាបនិកត្រូវតែស្នើសុំចុះបញ្ជីពាណិជ្ជកម្ម និងគោរពតាមវិធាននានានៃច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម (Cambodia Law on Commercial Rules and Registers) ។ ហេតុនេះវិវាទសមាជិកភាគហ៊ុននោះ គឺជាវិវាទពាណិជ្ជកម្មដែលអាចយកមកដោះស្រាយតាមយន្តការមជ្ឈត្តការពាណិជ្ជកម្មបាន ។ លើសពីនេះសូម្បីតែវិវាទរវាងសមាជិកភាគហ៊ុន និងអភិបាលនៃក្រុមហ៊ុនពាណិជ្ជកម្មនោះក៏អាចដោះ្រសាយតាមយន្តការមជ្ឈត្តការនេះបានផងដែរ។ ការកំណត់ដូចនេះមានចែងយ៉ាងច្បាស់នៅមាត្រា ២៨៩ កថាខណ្ឌទី២នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម កម្ពុជា (Cambodia Law on Commercial Enterprises) ។ ហេីយច្បាប់នេះក៏បានអនុញ្ញាតឲ្យចែងពីខសន្យាស្តីពីមជ្ឈត្តការនៅក្នុងលក្ខន្តិក: ឬក្នុងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនតែម្តង។

សរុបសេចក្តីមក វិវាទសមាជិកភាគហ៊ុន គឺជាប្រភេទវិវាទក្រុមហ៊ុនពាណិជ្ជកម្មដែលអាចស្នើសុំដោះស្រាយតាមយន្តការមជ្ឈត្តការពាណិជ្ចកម្មបាន ទោះបីសមាជិកភាគហ៊ុននោះជាជនមិនមែនពាណិជ្ជករក៏ដោយ រូមទាំងវិវាទជាមួយអភិបាលនៃក្រុមហ៊ុនផងដែរ។ ការដោះស្រាយតាមយន្តការមជ្ឈត្តការពាណិជ្ជកម្មនេះ ជាការស្របទាំងច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ខ្លួនឯង។ ការចង់ដោះស្រាយតាមវិធីនេះ សមាជិកភាគហ៊ុនគួរចែងជាមុនក្នុងលក្ខន្តិកៈរបស់ក្រុមហ៊ុននូវខស្តីពីមជ្ឈត្តការពាណិជ្ជកម្មនិងបែបបទពាក់ព័ន្ធផ្សេងទៀតទើបជាការប្រសើរ៕
