ជាទូទៅក្រុមហ៊ុនត្រូវបានគេកត់សម្គាល់ថា ជាគ្រឹះស្ថានមួយដែលមានទ្រព្យសម្បត្តិ និងរចនាសម្ព័ន្ធគ្រប់គ្រងដ៏ស្មុគ្រស្មាញ ឬប្រយ័ត្នប្រយែងដើម្បីដំណើរការអាជីវកម្មរបស់វា ។ ហេតុនេះហើយបុគ្គលដែលមានសមត្ថភាព តែខ្វះខាតប្រាក់កាស ឬមិនយល់ពីរចនាសម្ព័ន្ធនោះ តែងតែមិនអាចដំណើរការអាជីវកម្មដែលខ្លួនពេញចិត្តបាន ហើយសុខចិត្តបំរើការងារជាកម្មករ និយោជិត ជាជំនួស ។ តើពិតជាគ្មានក្រុមហ៊ុនដែលអាចបង្កើតឡើងដោយមិនចាំបាច់មានប្រាក់ ឬចំណាយប្រាក់តិចតួចទេឬ?

ក្រុមហ៊ុនមានពាក្យហៅតែមួយ តែមានទម្រង់ច្រើនខុសពីគ្នា ដូចជា ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ក្រុមហ៊ុនសហកម្មសិទ្ធិមានកំរិត ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិត សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកំរិត ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកំរិត ក្រុមហ៊ុនចម្រុះ គ្រឹះស្ថានសាធារណៈមានលក្ខណៈសេដ្ឋកិច្ច ។ល។ ការបង្កើត ការទទួលខុសត្រូវ និងលក្ខខណ្ឌនានារបស់ក្រុមហ៊ុនទាំងនោះ ក៏មានលក្ខណៈមិនដូចគ្នាដែរ ។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនមួយប្រភេទដែលការបង្កើតមិនអាស្រ័យនឹងការមានប្រាក់ និងរចនាសម្ព័ន្ធ ហើយដែលអ្នកគ្មានប្រាក់ឬមានប្រាក់តិចតួច អាចធ្វើការពិចារណាដើម្បីបង្កើតបាន ។ ក្រុមហ៊ុននេះមានឈ្មោះថា ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ (General Partnership) ហើយវាត្រូវបានទទួលស្គាល់ជាសាកល ជាពិសេសបណ្តាប្រទេសធំៗដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង ជប៉ុន…។ល។ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅស្ថិតនៅក្នុងទម្រង់ជាក្រុមហ៊ុនសហកម្មសិទ្ធិដែលអាចត្រូវបានបង្កើតឡើងដោយចាប់ពីបុគ្គលពីរ (រូបវន្តបុគ្គល ឬនីតិបុគ្គល) ឡើងទៅ និងបំពេញលក្ខខណ្ឌដូចតទៅ៖
- បុគ្គលពីេនេះត្រូវមានលក្ខណៈសម្បត្តិអាចជាពាណិជ្ជករ ពោលគឺមិនត្រូវជាមន្ត្រីរាជការ ឬមានវិសមិតភាពក្នុងការងារពាណិជ្ចកម្ម និងមិនត្រូវបានហាមឃាត់ក្នុងការប្រកបរបរពាណិជ្ជកម្មឡើយ ។
- បុគ្គលពីរនេះអាចយកចំណេះដឹង បទពិសោធន៍ការងារ សកម្មភាពការងារមកធ្វើជាភាគទុនសំរាប់បង្កើតនិងដំណើរការក្រុមហ៊ុន ដោយអាចកំណត់ជា ៣០%-៧០% ឬ៦០%-៤០% ឬ៥០%-៥០% ។ល។
ក្រុមហ៊ុននេះមិនចាំបាច់ជួលអភិបាល ឬ ក្រុមប្រឹក្សាភិបាល មកគ្រប់គ្រង ដឹកនាំនោះឡើយ ពីព្រោះម្ចាស់ហ៊ុនត្រូវបានហៅថា សហកម្មសិទ្ធិករទូទៅ (General Partner) ម្នាក់ៗមានសិទ្ថិធ្វើការងារទាំងនេះ ទោះជាចំណែកហ៊ុនរបស់ពួកគេមានមិនស្មើគ្នាក៏ដោយ ជាពិសេសសិទ្ធិពិនិត្យមើល និងគ្រប់គ្រងបញ្ជីគណនេយ្យ។ ឧទាហរណ៍៖
- បុគ្គល “ក” មានផ្ទះលែ្វងមួយដែលនៅក្បែរទីប្រជុំជន និងបុគ្គល “ខ” មានចំណេះជាចុងភៅ ។ ពួកគេអាចបង្កើតក្រុមហ៊ុនសហកម្មសិទ្ធិទូទៅជាមួយគ្នាបានក្នុងប្រភេទជាអាជីវកម្មភោជនីដ្ឋាន ឬអាហារដ្ឋាន ដោយម្នាក់យកផ្ទះល្វែងមកធ្វើជាទីតាំង និងម្នាក់ទៀតយកចំណេះដឹងជាចុងភៅមកបំរើការងារនៅទីនោះ ។ ហើយបុគ្គលទាំងពីរនេះមានសិទ្ធិចាត់ចែង សម្រេចក្នុងដំណើរការអាជីវកម្ម និងរឿងប្រាក់កាសបានដូចគ្នា ។
- បុគ្គល “គ” មានចំណេះដឹងខាងស្វែងរកទីផ្សារ រីឯបុគ្គល “ឃ”មានផលិតផលផ្លែឈើ។ ពួកគេអាចបង្កើតក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ជាប្រភេទអាជីវកម្មលក់ផលិតផលផ្លែឈើក្នុងប្រទេស-ក្រៅប្រទេសបាន។
សរុបសេចក្តីមកការបង្កើតក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ គឺជាទម្រង់មួយសាមញ្ញដែលម្ចាស់ហ៊ុនមិនចាំបាច់យកប្រាក់មកធ្វើជាដើមទុន ឬមានរចនាសម្ព័ន្ធដឹកនាំតម្រូវឡើយ ។ ប៉ុន្តែសហកម្មសិទ្ធិករទូទៅត្រូវមានការប្រយ័ត្នប្រយែងចំពោះកិច្ចព្រមព្រៀងក្រុមហ៊ុនរបស់ខ្លួន ពីព្រោះវាអាចជាចំណុចនាំឲ្យមានវិវាទ និងបាត់បង់ផលប្រយោជន៍របស់ខ្លួននាពេលក្រោយ ។ ជាការប្រសើរនៅពេលចាប់ផ្តើមធ្វើកិច្ចព្រមព្រៀង និងពិនិត្យមើលលក្ខខណ្ឌតម្រូវផ្សេងៗទៀតដើម្បីឲ្យស្របច្បាប់ ម្ចាស់ក្រុមហ៊ុនគួរមានការពិគ្រោះជាមួយអ្នកច្បាប់ ឬមេធាវី ៕
