ការអនុវត្តដោយបង្ខំ គឺជានីតិវិធីមួយដែលភាគីឈ្នះក្តីស្នេីសុំតុលាការធ្វេីនីតិវិធីបង្ខំដល់ភាគីចាញ់ក្តីឲ្យប្រតិបត្តិតាមសេចក្តីសម្រេចរបស់តុលាការឬសេចក្តីសម្រេចនៃស្ថាប័នយុត្តាធិការផ្សេងទៀតដែលកំណត់ដោយច្បាប់ ដូចជាសេចក្តីសម្រេចរបស់មជ្ឈត្តករជាដេីម។ សេចក្តីសម្រេចរបស់តុលាការនិងស្ថាប័នយុត្តាធិការផ្សេងនោះអាចពាក់ព័ន្ធនឹងការឲ្យសងជាប្រាក់ ពាក់ព័ន្ធនឹងការចាត់ចែងលេីចលនវត្ថុ ឬអចលនវត្តុ។ល។ តេីការអនុវត្តដោយបង្ខំប្រព្រឹត្តទៅដូចម្តេចខ្លះ?
ការអនុវត្តដោយបង្ខំមានលក្ខណៈស្មុគ្រស្មាញ និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី បេីមិនដូច្នោះទេនឹងត្រូវបានស្ថាប័នអនុវត្តលេីកចោលឬលុបចោលជាមិនខានឬអាចនិយាយបានថាការឈ្នះក្តីជាការឥតប្រយោជន៍ឬមានតែលេីក្រដាសប៉ុណ្ណោះ។ ហេតុនេះភាគីវិវាទ ជាពិសេសភាគីឈ្នះក្តីត្រូវពឹងពាក់មេធាវីជំនាញលេីកិច្ចការនេះសំរាប់ជួយដំណេីរការនីតិវិធីអនុវត្តដោយបង្ខំរហូតដល់ចប់សម្រេចបានលទ្ធផលស្របតាមសាលក្រមឬសាលដីកាឬមជ្ឈត្តវិនិច្ឆ័យដែលខ្លួនទទួលបាន។ ដោយសារតែនីតិវិធីនៃការអនុវត្តដោយបង្ខំច្រេីននិងបត់បែនទៅតាមប្រភេទកម្មវត្ថុនៃការអនុវត្ត នៅទីនេះសូមលើកយកត្រឹមជាសញ្ញាណខ្លះដេីម្បីឲ្យបានស្គាល់ រីឯការងារលំអិតភាគីវិវាទគួជួបពិភាក្សាជាមួយមេធាវី៖
ក្នុងនីតិវិធីអនុវត្តដោយបង្ខំ គូភាគីវិវាទត្រូវបានកំណត់ជាឈ្មោះថ្មីដោយភាគីឈ្នះក្តីត្រូវបានហៅថា “ម្ចាស់បំណុលនៃការអនុវត្ត” រីឯភាគីចាញ់ក្តីត្រូវបានហៅថា “កូនបំណុលនៃការអនុវត្ត” ។ ម្ចាស់បំណុលនៃការអនុវត្តត្រូវដាក់ពាក្យសុំការអនុវត្តដោយបង្ខំទៅស្ថាប័នអនុវត្តដែលអាចមានជា “តុលាការអនុវត្ត ឬអាជ្ញាសាលា” ហេីយត្រូវបញ្ជាក់ពីនីតិវិធីដែលត្រូវអនុវត្តបង្ខំដោយផ្ទាល់ ឬការអនុវត្តជំនួស ឬវិធានបង្ខំដោយប្រយោល ។ ពាក្យសុំត្រូវភ្ជាប់ជាមួយនឹងលិខិតអនុវត្តដែលមានអនុភាពអនុវត្ត។ លិខិតអនុវត្តអាចជាសាលក្រមឬសាលដីកាចូលស្ថាពរឬបំពេញនូវចំណុចផ្សេងទៀតដូចចែងក្នុងមាត្រា៣៥០ នៃក្រមនីតិវិធីរដ្ឋប្បវេណី។ លិខិតអនុវត្តមានអនុភាពចាំបាច់ត្រូវតែមានរូបមន្តអនុវត្តភ្ជាប់ជាមួយលិខិតអនុវត្ត លេីកលែងតែករណីរឿងក្តីប្រាក់តិចតួចឬករណីផ្សេងទៀតដូចមានបញ្ជាក់ក្នុងមាត្រា ៣៥៤ នៃក្រមនីតិវិធីរដ្ឋប្បវេណី។ ដេីម្បីទទួលបានរូបមន្តអនុវត្ត ម្ចាស់បំណុលនៃការអនុវត្តត្រូវដាក់ពាក្យសុំពីតុលាការដែលគ្រប់គ្រងសំណុំរឿងនៃលិខិតអនុវត្តចូលស្ថាពរ។ សោហ៊ុយសំរាប់ការអនុវត្តនិងសោហ៊ុយសំរាប់នីតិវិធីត្រូវបានកំណត់ឲ្យបង់ ហេីយបណ្តឹងតវ៉ា បណ្តឹងជំទាស់ ក៏ត្រូវបានអនុញ្ញាតឲ្យកេីតមាននៅក្នុងនីតិវិធីអនុវត្តដោយបង្ខំនេះដែរ។
សរុបសេចក្តីមក ភាគីឈ្នះក្តីដេីម្បីទទួលបានលទ្ធផលស្របតាមសាលក្រមឬសាលដីកាឬមជ្ឈត្តវិនិច្ឆ័យ… ក្រៅពីការអនុវត្តដោយស្ម័គ្រចិត្តរបស់ភាគីចាញ់ក្តី ត្រូវស្នេីសុំការអនុវត្តដោយបង្ខំដែលជាវិធីត្រូវតែធ្វេី។ នីតិវិធីនៃការអនុវត្តដោយបង្ខំមានភាពស្រដៀងគ្នាទៅនឹងនីតិវិធីនៃការដោះស្រាយបណ្តឹងវិវាទដែរ ពីព្រោះមានការតម្រូវឲ្យបង់ប្រាក់ប្រដាប់ក្តី លក្ខខណ្ឌជ្រេីសតាំងអ្នកតំណាងដោយអាណត្តិ នីតិវិធីនៃបណ្តឹងតវ៉ា បណ្តឹងជំទាស់ ហេីយមានភាពបត់បែនទៅតាមកម្មវត្ថុនៃការបង្ខំឲ្យសងជាប្រាក់ ចលនវត្ថុ ឬអចលនវត្ថុ។ ការពឹងពាក់មេធាវីជំនាញពីកិច្ចការនេះ គឺជារឿងដែលត្រូវយកចិត្តទុកដាក់ដេីម្បីអាចឲ្យលទ្ធផលនៃសេចក្តីសម្រេចជោគជ័យ ជាពិសេសក្នុងនីតិវិធីនៃបណ្តឹងឬបណ្តឹងជំទាស់ត្រូវបានកំណត់ដោយច្បាប់តែម្តងថាអ្នកតំណាងដោយអាណត្តិត្រូវជាមេធាវី (មាត្រា៣៤៨ កថាខណ្ធទី១នៃក្រមនីតិវិធីរដ្ឋប្បវេណី) ៕