ម្ចាស់សំណង់នៃផ្ទះល្វែងមួយបានព្រមព្រៀងចុះកិច្ចសន្យាម៉ៅការសាងសង់ផ្ទះល្វែងរបស់ខ្លួនជាមួយជាងម៉ៅការសំណង់ក្នុងកញ្ចប់ទឹកប្រាក់សរុបចំនួន US$23,000.00 (ពីរម៉ឺនបីពាន់ដុល្លាអាមេរិក) ។ តាមរយៈកិច្ចសន្យានោះ ម្ចាស់ផ្ទះមានកាតព្វកិច្ចគ្រាន់តែបង់ប្រាក់ជា៤ ដំណាក់កាល ដែលមាន៣០% ២៥% ២៥% និង២០% ហេីយនឹងទទួលយកសំណង់រួចរាល់តាមការព្រមព្រៀងជាលាយលក្ខអក្សរក្នុងកំឡុងពេលជាង ២ខែ ប៉ុណ្ណោះ។
ការបង់ប្រាក់ដំណាក់កាលទី១ ដំណាក់កាលទី២ ជាហូហែរ តែក្រោយមកជាងម៉ៅការសំណង់ចេះតែហុចវិក័យប័ត្រទិញសម្ភារៈសំណង់ឲ្យម្ចាស់ផ្ទះបង់ប្រាក់ជំនួសឲ្យការបង់ដំណាក់កាលបន្ទាប់ទៀត លេីសពីនេះរយៈពេលជាងពីរខែទៅហេីយមិនទាន់បញ្ចប់ការងារសំណង់នៅឡេីយ។ រីឯម្ចាស់ផ្ទះត្រូវប្រេីប្រាស់ផ្ទះនោះសំរាប់រៀបការកូនស្រីនាពេលខាងមុខ។ ក្រៅពីបំពេញការងារមិនទាន់ពេលវេលា ជាងម៉ៅការសំណង់នៅទាមទារប្រាក់បន្ថែមលេីសពីកិច្ចសន្យាទៀតផង ផ្ទុយទៅវិញម្ចាស់ផ្ទះបានដាក់សម្ភារៈមួយចំនួនចូលក្នុងគំរោងការងាររបស់ជាង ហេីយកិច្ចមួយចំនួនទៀតដែលជាងមិនបានអនុវត្តតាមការព្រមព្រៀង ម្ចាស់ផ្ទះមិនបានទាមទារការកាត់កងជាប្រាក់ពីជាងនោះទេ។ អ្វីជាការបារម្ភនាពេលនេះ ជាងត្រូវការបេីកប្រាក់នៅសល់ចុងក្រោយតាមកិច្ចសន្យាប្រហែលចំនួន $5,000.00 ហេីយជាងទារបន្ថែមរាប់ពាន់ទៀតនិងមិនដឹងចប់ត្រឹមចំនួនប៉ុន្មានរហូតដល់សំណង់រួចរាល់? មួយវិញទៀតមិនដឹងថាសំណង់អាចរួចរាល់ទាន់ពេលអាចរៀបពិធីការកូនខ្លួនដែរទេ បេីជាងធ្វេីឈប់ៗដោយយកកំលាំងកម្មករទៅធ្វេីកន្លែងផ្សេងទៀតនោះ?
គាត់សម្រេចមកពិភាក្សាជាមួយមេធាវីនិងពឹងពាក់ការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” ដេីម្បីដោះស្រាយវិវាទរវាងគាត់និងជាងម៉ៅការសំណង់ ដោយសម្រេចប្រេីយន្តការសន្ធានកម្ម (ការសម្រុះសម្រួល) ។


ក្រោយពីដោះស្រាយ ជាលទ្ធផលគូភាគីបានសះជាព្រមបញ្ចប់វិវាទក្រោមលក្ខខណ្ឌសមតាមសេចក្តីត្រូវការរៀងៗខ្លួន ដោយ៖
ភាគីម្ចាស់ផ្ទះទទួលបាន៖
- សម្ភារៈដែលយកទៅដាក់បញ្ចូលក្នុងគំរោងសំណង់និងការអនុវត្តមិនត្រឹមត្រូវតាមកិច្ចសន្យារបស់ជាងត្រូវបានកាត់កងជាប្រាក់ឲ្យ។
- បង់ប្រាក់នៅសល់ត្រឹមប្រហែល $5,000.00 តាមលក្ខខណ្ឌនៃកិច្ចសន្យានៅពេលបញ្ចប់គំរោងសំណង់ តែអាចឲ្យជាងខ្ចីប្រេីប្រាស់$1,000.00មុនសម្រាប់ទិញសម្ភារៈសំណង់បន្ត និងបង់ប្រាក់ការងារបន្ថែមរបស់ជាងត្រឹមតែចំនួនជាង $800។
- ទទួលបានសំណង់ហេីយរួចរាល់ទាន់ពេលវេលាអាចរៀបចំពិធីអាពាហ៍ពិពាហ៍កូនស្រីបាន។
ភាគីជាងម៉ៅការសំណង់ទទួលបាន៖
- ទទួលបានប្រាក់ការងារបន្ថែមចំនួនជាង$800 ដែលពេលមុនម្ចាស់សំណង់មិនព្រមឲ្យ។
- ទទួលបានប្រាក់កម្ចីមុន$1,000.00 សំរាប់ទិញសម្ភារៈសំណង់និងបេីកប្រាក់ពលកម្មឲ្យកម្មករ។
- អាចទទួលបានគំរោងការងារបន្ថែមពីម្ចាស់ផ្ទះ៕

