សន្ធានកម្ម (ការសម្រុះសម្រួល) លេីវិវាទម្ចាស់ហ៊ុន Mediation for Shareholder Disputes.

ម្ចាស់ហ៊ុនឬសមាជិកភាគហ៊ុន (Shareholder) ជាសសរគោល និងសំខាន់ជាងគេ ក្នុងចំណោមសសរស្តំ៣របស់ក្រុមហ៊ុន ពីព្រោះក្រុមហ៊ុនត្រូវបានបង្កើតឡេីងដោយការចំណាយធនធានរបស់ពួកគេតាមរយៈការបង់ជាប្រាក់ ជាវត្ថុ ជាមូលនិធិពាណិជ្ជកម្ម ឬជាអ្វីផ្សេងទៀតដែលមានប្រយោជន៍សំរាប់បង្កើតក្រុមហ៊ុន ។ ការស្វែងរកដៃគូដែលមានចំណូលចិត្តធ្វើជំនួញរួមគ្នានិងមានធនធានផង គឺជាការដែលត្រូវចំណាយពេលវេលា និងកិច្ចប្រឹងប្រែងយ៉ាងខ្លាំង ហើយពេលខ្លះក៏ជួប ពេលខ្លះទៀតក៏មិនបានសមដូចប្រាថ្នា។ ហេតុនេះនៅពេលដែលក្រុមហ៊ុនមួយត្រូវបានលេចជារូបរាងឡើង គឺជារឿងគួរឲ្យមោទនភាពសំរាប់ស្ថាបនិកទាំងនោះ ។ លើសពីនេះប្រសិនបើក្រុមហ៊ុននេះដំណើរការបានល្អ ពួកគេងាយនឹងស្រុះស្រួលគ្នាបង្កើតក្រុមហ៊ុនទី២ ទី៣ ឬទី៤ បន្ថែមបន្តរទៀត ។ ផ្ទុយទៅវិញក្នុងករណីជួបវិវាទរវាងពួកគេ ហើយជ្រើសរើសរបៀបដោះស្រាយដែលមិនបានសមស្របជាហេតុនាំឲ្យក្រុមហ៊ុនដំបូងរបស់ពួកគេ ត្រូវរំលាយនិងកាត់ផ្តាច់ដល់ទំនាក់ទំនងល្អដែលមានពីមុនផងដែរ ។ តេីគួរប្រេីរបៀបដោះស្រាយវិវាទណាមួយដែលសមស្រប?

វិវាទម្ចាស់ហ៊ុនបែបនេះ មានខ្លះដោះស្រាយដោយវិធីចរចាផ្ទាល់រវាងគូភាគីវិវាទ ឬក៏ចរចាដោយមានអ្នកជំនាញជួយតាមរយ:ការពឹងពាក់របស់ភាគីវិវាទម្ខាងដែលសម្រាប់អូវីធី ច្បាប់ កំណត់ថាជាសេវាកម្មទីប្រឹក្សាសម្រាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ http://www.ovtlaw.com/services/consultant ហេីយភាគច្រេីនវិវាទត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលឈ្នះ-ឈ្នះទាំងសងខាង។ រីឯករណីខ្លះទៀត វិវាទត្រូវបានដោះស្រាយដោយយន្តការបណ្តឹងវិវាទនៅតុលាការ ហេីយជាលទ្ធផលនៃដំណោះស្រាយមានដូចជាឧទាហរណ៍មួយចំនួនបង្ហាញខាងក្រោម៖

-ប្រធានក្រុមហ៊ុន BOS ឈ្មោះ ពិន វិទូ បានត្រូវប្តឹងពីដៃគូរកស៊ីចូលហ៊ុនជាមួយគ្នាដោយសារតែបានចេញមូលប្បទានប័ត្រចំនួន ២ សន្លឹក មានតម្លៃចំនួន១០ម៉ឺនដុល្លារអាមេរិក ប៉ុន្តែគ្មានសាច់ប្រាក់ ហើយត្រូវបានតុលាការសំរេចធ្វើការឃុំខ្លួន (ដកស្រង់ ពីគេហទំព័រដើមអម្ពិលចុះថ្ងៃទី ១៧-សីហា-២០១៤) ។

-ប្រធានក្រុមហ៊ុនលាយស៊ីម៉ង់ត៍ដំរីឈ្មោះអ៊ួយ សុភាព នៅក្រុងប៉ោយ ប៉ែតនិងជាម្ចាស់ការដ្ឋានសំណង់ភោជនីយដ្ឋានដ៏ធំនៅជើងភ្នំស្វាយ ក្រុងសិរីសោភ័ណត្រូវបានប្តឹងដោយដៃគូររកស៊ីជាមួយគ្នា និងជាមិត្តភ័ក្រ្ត ឈ្មោះ Adrian SchierHoHerទាមទារប្រាក់រកស៊ីដែលបានស៊ីដាច់ចំនួនជាង ៥០ ម៉ឺនដុល្លាហើយត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៥ ឆ្នាំនិងសងជំងឺចិត្តជាប្រាក់ចំនួន ៧៦ លានរៀល ឲ្យដើមបណ្តឹង (ដកស្រង់ពីការសែតរស្មីកម្ពុជា លេខ ៦៤៨៦ ចុះថ្ងៃទី ០២-សីហា-២០១៤)។

-ប្រធានក្រុមហ៊ុន រ័ត្ន សែនសុភាព ដែលរកស៊ីលើផ្នែកទារភាស៊ីអនាម័យ និងផ្ញើកង់ម៉ូតូ រថយន្ដ នៅតាមផ្សារក្នុងរាជធានីភ្នំពេញ ឈ្មោះ រ័ត្ន សុភាពត្រូវបានប្តឹងពីដៃគូរកស៊ីចូល គ្នា ឈ្មោះ ហម មុន្នី ទាមទារប្រាក់ចំនួន ១៤ម៉ឺនដុល្លា ហើយត្រូវបានតុលាការសម្រេច ធ្វើការឃុំខ្លួន ដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន (ដកស្រង់ពីគេហទំព័រដើម អម្ពិលចុះថ្ងៃទី ០៤-សីហា-២០១៤) ។

តាមរយៈឧទាហរណ៍ទាំងនេះសរបញ្ជាក់ឲ្យឃើញថាម្ចាស់ហ៊ុនដែលត្រូវបានម្ចាស់ហ៊ុនម្ខាងទៀតប្តឹងដើម្បីទារប្រាក់ត្រូវបានជាប់ពន្ធាគារ ដែលជាហេតុធ្វើឲ្យដឹងបានថាពួកគេនឹងមិនអាចរកស៊ី និងមានទំនាក់ទំនងល្អ ជាមួយគ្នាវិញឡើយបន្ទាប់ពីការដោះស្រាយវិវាទតាមយន្តការនេះរួច ។ នេះមានន័យថា ក្រុមហ៊ុនបច្ចុប្បន្នរបស់ពួកគេអាចនឹងត្រូវរំលាយ ហើយគំរោងដែលនឹងបង្កើតអាជីវកម្មថ្មីទៅខាងមុខត្រូវបានបញ្ចប់ ដែលជាការនាំឲ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចសំរាប់អ្នកទាំងនោះ និងប្រទេសជាតិ។ ផ្សេងពីនេះ ប្រសិនបើពួកគេជ្រើសរើសយកយន្តការដោះស្រាយវិវាទតាមបែបចរចាដោយមានអ្នកជំនាញជួយ ឬយន្តការសន្ធានកម្មឬការសម្រុះសម្រួល ដោយមានសន្ធានករជាបុគ្គលអព្យាក្រឹត អាចជួយឲ្យមានលទ្ធផលឈ្នះ-ឈ្នះ ហើយនឹងធ្វើឲ្យភាគីវិវាទដែលជាម្ចាស់បណ្តឹងអាចទទួលបានប្រាក់របស់ខ្លួនតាមការទាមទារនិងរក្សាទំនាក់ទំនងរបស់ពួកគេបានទៅមុខទៀត ។ នេះមានន័យថាចំណងវិវាទត្រូវបានស្រាយ ហើយពួកគេនៅតែអាចរកស៊ីជាមួយគ្នាបន្តរទៅមុខ និងអាចឈានទៅបង្ករបង្កើតកិច្ចការជំនួញថ្មីៗជាច្រើន ពីព្រោះពួកគេសុទ្ធតែជាអ្នកដែលមានធនធាន និងមានបទពិសោធន៍ពីមុនរួចហើយ ។

សរុបសេចក្តីមកវិវាទម្ចាស់ហ៊ុន គឺជាវិវាទអភិបាលកិច្ចក្រុមហ៊ុនដែលគួរយកចិត្តទុកដាក់ខ្ពស់ ពីព្រោះវិវាទនេះអាចបណ្តាលឲ្យមានការរីកចំរើនសំរាប់អាជីវកម្មឬនាំឲ្យអន្តរាយដល់ការរំលាយក្រុមហ៊ុនតែម្តង ។ យន្តការសន្ធានកម្ម ឬកាសម្រុះសម្រួល (Mediation) ជាវិធីដែលល្អ និងសមស្របជាងគេសំរាប់ជួយដោះស្រាយវិវាទប្រភេទនេះ ពីព្រោះវាអាចជួយស្រាយចំណងវិវាទនិងជួយធ្វើឲ្យទំនាក់ទំនងរបស់គូវិវាទនៅតែមាន និងបង្កើនការទុកចិត្តផងដែរ ។ លើសពីនេះ ក្រុមហ៊ុនរបស់ពួកគេអាចនៅមាននិរន្តភាពនិងអាចឈានទៅបង្កើតក្រុមហ៊ុនថ្មីៗ មួយចំនួនទៀតនាពេលខាងមុខបន្ទាប់ពីការយល់ច្រឡំត្រូវបានដោះស្រាយ ។ ដើម្បីសំរេចលទ្ធផលបានដូចនេះ សន្ធានកម្មជារបៀបដោះស្រាយវិវាទមួយដែលពឹងផ្អែកយ៉ាងខ្លាំងលើសន្ធានករឬអ្នកសម្រុះសម្រួួល (Mediator) គូវិវាទត្រូវជ្រើសរើសសន្ធានករដែលកំពុងប្រកបវិជ្ជាជីវៈនិងមានជំនាញលើប្រធានបទនៃវិវាទនោះ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s