
កម្មសិទ្ធិបញ្ញាជាទូទៅត្រូវបានផ្ដល់សិទ្ធិផ្ដាច់មុខទៅម្ចាស់ដែលបានបង្កេីតវា ឬអ្នកទទួលសិទ្ធិពីបុគ្គលនេះ។ ក៏ប៉ុន្តែការអនុវត្តជាក់ស្តែង កម្មសិទ្ធិបញ្ញាដែលជាស្នាដៃអ្នកនិពន្ធ ពេលខ្លះត្រូវបានប្រេីដោយសាធារណជនដែលខុសពីពួកគេទៅវិញ។ តេីការប្រេីប្រាស់បែបនោះជាអំពេីខុសច្បាប់ឬ? (Source: Google)
សិទ្ធិអ្នកនិពន្ធ គឺជាកម្មសិទ្ធិបញ្ញាដែលត្រូវបានផ្តល់ដោយច្បាប់ដេីម្បីការពារស្នាដៃនិងផលប្រយោជន៍របស់អ្នកនិពន្ធ។ ហេតុនេះស្នាដៃទាំងឡាយដែលបានបង្កេីតដោយគំនិតប្រាជ្ញារបស់គាត់ ទោះចប់ក្តី មិនទាន់ចប់ក្តី បានចុះបញ្ជីឬមិនទាន់ក៏ដោយ ស្នាដៃទាំងនោះត្រូវបានទទួលស្គាល់និងការពារដោយច្បាប់។ អ្វីទៅជាស្នាដៃ? ស្នាដៃជាផលិតផលខាងវិស័យអក្សរសាស្ត្រ វិទ្យាសាស្ត្រ សិល្បៈឬតូរ្យតន្ត្រី កេីតចេញពីការច្នៃប្រឌិត បង្កេីតឡេីងដោយគំនិតប្រាជ្ញាឬមនោសញ្ចេតនា (មាត្រា២ នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល)។ តែបេីធ្វេីការការពារគ្រប់ស្នាដៃនឹងប៉ះពាល់ដល់ប្រយោជន៍សាធារណៈនិងការអភិវឌ្ឍន៍សង្គមផងដែរ ពីព្រោះបុគ្គលនីមួយៗអាចបង្កេីតបានស្នាដៃមួយតែងតែបានរៀនពីស្នាដៃបុគ្គលមុនៗជាមុនសិន។ បន្ថែមពីនេះការទំនាក់ទំនងសង្គមតម្រូវឲ្យប្រេីស្នាដៃមួយចំនួនជាប្រយោជន៍រួមឬសំរាប់គោលនយោបាយរីកចម្រេីនរបស់ប្រទេស។ ដូច្នេះច្បាប់ក៏បានកំណត់លេីកលែងនូវការការពារឬមិនចាំបាច់សុំការអនុញ្ញាតពីអ្នកនិពន្ធឬអ្នកទទួលសិទ្ធិពីបុគ្គលនេះចំពោះស្នាដៃដូចជា៖
- រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យនិងលិខិតបទដ្ឋានផ្លូវការនានា (ទាំងភាសាខ្មែរនិងបរទេស)
- ប្រកាស សេចក្តីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ (ទាំងភាសាខ្មែរនិងបរទេស)
- សេចក្តីសម្រេច សាលក្រមឬសាលដីកាផ្សេងៗរបស់តុលាការ (ទាំងភាសាខ្មែរនិងបរទេស)

(ប្រភព៖ Google)
- គំនិត ទស្សនៈ គោលការណ៍ ប្រព័ន្ធ នីតិវិធី របៀបប្រតិបត្តិការ ការរុករកឃេីញឬទិន្នន័យសាមញ្ញ
- ការនាំចូលឬការផលិតឡេីងវិញមួយច្បាប់សំរាប់សេចក្តីត្រូវការផ្ទាល់ខ្លួនឬប្រេីប្រាស់ផ្ទាល់ខ្លួន
- ការសម្តែងស្នាដៃជាឯកជនដោយមិនគិតកម្រៃឬតម្កល់ទុកសម្រាប់ធ្វេីការស្រាវជ្រាវឬសម្រាប់ការសិក្សាដោយគ្មានរកកម្រៃ។
សរុបសេចក្តីមកការប្រេីកម្មសិទ្ធិបញ្ញានៃសិទ្ធិអ្នកនិពន្ធមិនដាច់ខាតត្រូវសុំការអនុញ្ញាតជាមុនឬជាអំពេីខុសច្បាប់នោះទេ ពីព្រោះច្បាប់លេីកលែងនូវការការពារចំពោះស្នាដៃមួយចំនួនដែលជាលិខិតបទដ្ឋានគតិយុត្ត លិខិតផ្លូវការ និងសេចក្តីសម្រេចនានារបស់រដ្ឋនិងតុលាការឬគ្មានការតម្រូវឲ្យសុំការអនុញ្ញាតឡេីយក្នុងករណីដូចជា ការមិនប្រេីស្នាដៃក្នុងគោលបំណងប្រាក់កម្រៃ ការដកស្រង់ដោយរក្សាប្រភពនិងឈ្មោះអ្នកនិពន្ធ ការរក្សាទុកនិងការប្រេីស្នាដៃសំរាប់ផ្ទាល់ខ្លួនឬសិក្សាស្រាវជ្រាវដោយគ្មានរកប្រាក់កម្រៃជាដេីម។ ល។ ដូចនេះសាធារណជនអាចប្រេីកម្មសិទ្ធិបញ្ញាដែលជាស្នាដៃអ្នកនិពន្ធរបស់គេដេីម្បីធ្វេីឲ្យមានភាពប្រសេីរសំរាប់ស្នាដៃខ្លួននិងការរីកចម្រេីនដល់សង្គមបាន តែក៏ត្រូវមានការយល់ដឹងនិងក្នុងក្របខណ្ឌនៃច្បាប់អនុញ្ញាតទេីបអាចជៀសផុតពីការទទួលខុសត្រូវជាយថាហេតុនាពេលខាងមុខ៕