ពេលណាគួរចាប់ផ្តេីមធ្វេីលិខិតបណ្តាំមត៌ក (សន្តតិកម្មតាមមតកសាសន៍) When to start a preparation of an Heritage Letter?

ម្ចាស់ទ្រព្យ (មតកជន ) អាចផ្តល់ ឬផ្ទេរទ្រព្យរបស់ខ្លួនទៅឲ្យអ្នកទទួលមត៌ក (សន្តតិជន) តាមមធ្យោបាយពីរយ៉ាងគឺ មួយដោយច្បាប់ ឬហៅថាសន្តតិកម្មតាមច្បាប់ បើទោះបី មតកជនមិនបានកំណត់ទុកក៏ដោយ ពោលគឺបន្ទាប់ពីមតកជនស្លាប់ ការបែងចែកទ្រព្យរបស់គាត់ទៅឲ្យសន្តតិជននឹងអនុវត្តតាមច្បាប់កំណត់ ឬបញ្ញត្តិ។ មួយទៀត គឺដោយបណ្តាំរបស់មតកជន ឬតាមឆន្ទៈរបស់ម្ចាស់ទ្រព្យ នេះមានន័យថា មតកជន បានធ្វើបណ្តាំទុកជាមុនអំពីរបៀបផ្តល់ឲ្យ នរណាត្រូវទទួលបាន និងការចាត់ចែងទ្រព្យរបស់ខ្លួន ។ល។ ដែលត្រូវបានហៅថា សន្តតិកម្មតាមមតកសាសន៍។ ហេតុនេះ តើនៅពេលណា គួរចាប់ផ្តើមរៀបចំលិខិតបណ្តាំមត៌ក ឬសន្តតិកម្មតាមមតកសាសន៍នេះ?

ការមានទ្រព្យសម្បត្តិ ជាគុណប្រយោជន៍ប្រើប្រាស់សម្រាប់ជិវិតរស់នៅប្រចាំថ្ងៃ តែជីវិតមនុស្សមានពេលកំណត់ដែលអាចរស់នៅបាន។ ហេតុនេះ ក្នុងស្ថានភាពមួយចំនូួន ការរៀបចំអ្នកទទួលមត៌ក និងការរៀបចំបណ្តាំ គួរតែចាប់ផ្តើមពិចារណា ដូចជា ការឈានដល់ភាពចាស់ជរា ឬសហព័ទ្ធ(ប្តីឬប្រពន្ធ) នៅសល់តែម្នាក់ឯង និងដើម្បីគោលបំណងដូចខាងក្រោម ៖

  • ពេលមានទ្រព្យសម្បត្តិ ហេីយចង់ប្រគល់ឲ្យបុគ្គលណាដែលខ្លួនប្រាថ្នា៖ ការធ្វេីបណ្តាំជាការប្រសេីរដែលមតកជន អាចកំណត់ថាបុគ្គលណាគួរបានអ្វី និងទំហំប៉ុណ្ណានៃទ្រព្យរបស់ខ្លួន។ នេះផ្តល់ឱកាសឲ្យគាត់បានមេីលឃេីញពីគុណសម្បត្តិ ការពេញចិត្ត និងការចាត់ចែងទ្រព្យសម្បត្តិបានត្រឹមត្រូវទៅលេីអ្នកដែលត្រូវទទួលមត៌កនាពេលអនាគតផងដែរ។
  • ចង់ប្រេីប្រាស់ទ្រព្យសម្បត្តិដែលមានពេលកំពុងមានជីវិត៖ ការធ្វេីលិខិតបណ្តាំ ខុសពីការផ្តល់ឲ្យភ្លាម ពីព្រោះការផ្តល់ឲ្យភ្លាមនាំឲ្យម្ចាស់ទ្រព្យបាត់បង់នូវកម្មសិទ្ធិ។ ឧទាហរណ៍ ម្តាយឲ្យផ្ទះដែលខ្លួនរស់នៅទៅកូន វាក៏បានក្លាយទៅជាកម្មសិទ្ធិរបស់កូន ហើយនៅពេលមានការឈ្លោះគ្នារវាងម្តាយ និងកូន ករណីខ្លះកូនក៏បានបណ្តេញម្តាយចុះចេញពីផ្ទះដោយសំអាងថាពេលនេះផ្ទះជាកម្មសិទ្ធិរបស់ខ្លួន។ ករណីបែបនេះធ្វើឲ្យម្ចាស់ទ្រព្យជួបនូវហានិភ័យទាំងនៅមានជីវិតនៅឡេីយ។ ផ្ទុយទៅវិញការធ្វេីលិខិតបណ្តាំជួយការពារហានិភ័យនេះបាន ពីព្រោះម្ចាស់ទ្រព្យនៅតែជាកម្មសិទ្ធិករលេីទ្រព្យរបស់ខ្លួនដដែល ហេីយលុះត្រាតែខ្លួនស្លាប់ទេីបទ្រព្យនោះបានក្លាយជារបស់សន្តតិជន (អ្នកទទួលមត៌ក)។ ការធ្វេីបែបនេះបានផលម្យ៉ាងទៀតដោយធ្វេីឲ្យសន្តតិជនទាំងឡាយដែលយល់ថាពួកគេអាចទទួលបានទ្រព្យខិតខំយកចិត្ត និងមេីលថែរទាំម្ចាស់ទ្រព្យបានល្អផងដែរ។
  • បារម្ភថាសន្តតិជនមួយចំនួនអាចមិនទទួលបានមត៌ក ឬក៏ទទួលការមេីលថែរមិនបានល្អ ក្នុងករណីគេជាអនីតិជននៅឡេីយ បន្ទាប់ពីមតកជនស្លាប់៖ ករណីសន្តតិជនជាអនីតិជនពិបាកក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ ស្វែងរកការសិក្សា និងការងារល្អដេីម្បីអនាគត ការធ្វេីលិខិតបណ្តាំ និងការតែងតាំងអាណាព្យាបាលល្អសំរាប់សន្តតិជននោះជាការគិតគូដ៏ប្រពៃ។
  • ចៀសវាងការច្រណែនគ្នារបស់សន្តតិជន នៅពេលប្រគល់ទ្រព្យឲ្យ ឬបែងចែកទ្រព្យឲ្យ ពេលមតកជន (ម្ចាស់ទ្រព្យ) នៅមានជីវិត៖ ករណីនេះសំដៅដល់ម្ចាស់ទ្រព្យសម្រេចធ្វេីការបែងចែកទ្រព្យឲ្យសន្តតិជនមានចំនួនច្រេីន ហេីយទ្រព្យសម្បត្តិនោះអាចមានច្រេីនប្រភេទដែរដូចជា ប្រាក់ ដីធ្លី ផ្ទះ ឡាន ម៉ូតូ មុខរបរជំនួញ ។ ល។ ការបែងចែកទ្រព្យទាំងនេះ មិនបានស្មេីគ្នានោះទេ ហេីយអ្នកទទួលខ្លះពេញចិត្ត អ្នកទទួលខ្លះទៀតមិនពេញចិត្តនោះទេ ដែលអាចបង្ករជាផលលំបាក ឬអាចប៉ះពាល់ដល់ជីវិតរបស់ម្ចាស់ទ្រព្យទៀតផង។
  • ចង់ឲ្យមានការអនុវត្តគោលបំណងបន្តរបស់ម្ចាស់ទ្រព្យ បន្ទាប់ពីមតកជនស្លាប់៖ ការមានលិខិតបណ្តាំជាការល្អណាស់ ពីព្រោះម្ចាស់ទ្រព្យបានគិតល្អិតល្អន់ ក្រៅពីបែងចែកឲ្យសន្តតិជនរួចហេីយ គាត់អាចពឹងពាក់ឲ្យបុគ្គលណាមួួយជួយបំពេញការងារឲ្យគាត់ផងដែរ ដូចជារៀបចំពិធីបុណ្យតាមបែបសាសនា អនុវត្តផ្ទេរកម្មសិទ្ធិឲ្យសន្តតិជន ឬជួយបំពេញកិច្ចអ្វីមួួយដែលជាក្តីស្រម៉ៃរបស់គាត់ជាដេីម ។ ល។

សរុបសេចក្តីមក ការរៀបចំលិខិតបណ្តាំមត៌ក ឬសន្តតិកម្មតាមមតកសាសន៍ជាមុន មានភាពប្រសើរចំពោះម្ចាស់ទ្រព្យចូលដល់ស្ថានភាពចាស់ជរា ឬគ្មានសហព័ទ្ធជាដៃគូអាចបន្តគ្រប់គ្រងបាន ពីព្រោះវាផ្តល់ឲ្យមតកជន (ម្ចាស់ទ្រព្យ) មានលទ្ធភាពក្នុងការពិនិត្យពីគុណសម្បត្តិរបស់សន្តតិជនដែលត្រូវទទួល ពីរបៀបចាត់ចែងទ្រព្យរបស់ខ្លួន និងការស្វែងរកអ្នកប្រតិបត្តិមតកសាសន៍សំរាប់ជួយខ្លួនផងដែរ ។​ លើសពីនេះ ការរៀបចំលិខិតបណ្តាំ នឹងធ្វើឲ្យមតកជននៅតែជាម្ចាស់កម្មសិទ្ធិលើទ្រព្យរបស់ខ្លួន ដែលអាចចៀសវាងបាននូវហានិភ័យទាំងឡាយកើតឡើងពេលកំពុងមានជីវិតរស់នៅ ហើយវាក៏អាចជួយការពារវិវាទ ឬជំលោះពីក្នុងចំណោមសន្តតិជនដោយប្រការណាមួយពីបញ្ហាទទួលបានទ្រព្យសម្បត្តិតិចឬច្រើននោះដែរ ។ ដោយសារវិធីនេះមានគុណប្រយោជន៍ច្រើន និងជាពិសេស បានឆ្លើយតបទៅនឹងមតកជនជាចម្បង ម្ចាស់ទ្រព្យគួរយកចិត្តទុកដាក់ និងពិចារណាប្រើប្រាស់វា ៕


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s