ហេតុអ្វីកិច្ចសន្យាចាំបាច់ត្រូវធ្វេីជាលាយល័ក្ខអក្សរ Why is a Contract necessary to make as written?

កិច្ចសន្យាអាចធ្វេីដោយផ្ទាល់មាត់ ឬជាលាយល័ក្ខអក្សរ ហេីយដោយសាមីភាគីនៃកិច្ចសន្យាផ្ទាល់ ឬដោយមានជំនួយក៏បានដែរ។ តែភាគច្រេីនមានតែកិច្ចសន្យាជាលាយល័ក្ខអក្សរប៉ុណ្ណោះដែលអាចការពារប្រយោជន៍ឲ្យភាគីរងគ្រោះនៅពេលមានវិវាទកេីតឡេីង។ ដូចនេះទេីបមានសំណួរថា តេីកិច្ចសន្យាចាំបាច់ត្រូវធ្វេីជាលាយល័ក្ខអក្សរឬ?

មានហេតុផល និងសារ:សំខាន់ជាច្រេីនដែលកិច្ចសន្យាគួរត្រូវរៀបចំជាលាយល័ក្ខអក្សរ។ ខាងក្រោមជាចំនុចសំខាន់ៗមួយចំនួនដែលភាគីគួរយកចិត្តទុកដាក់៖

  • ងាយស្រួលដឹងថាបានព្រមព្រៀងពីអ្វីខ្លះ៖ នេះរាប់តាំងពី ១) អត្តសញ្ញាណរបស់ភាគីនៃកិច្ចសន្យា ពីព្រោះបេីមិនច្បាស់ពីភាគីទេ អាចពិបាកក្នុងការកំណត់ឲ្យបុគ្គលណាមួយធ្វេីអ្វីមួយសំរាប់យេីងណាស់ ជាពិសេសនៅពេលចង់បង្ខំគេដោយអនុវត្តបណ្តឹងតាមផ្លូវតុលាការ ឬសមត្ថកិច្ចយុត្តាធិការណាមួយនោះ។ ២) កម្មវត្ថុនៃការព្រមព្រៀងជាអ្វីៈ ជាដីធ្លី ជាសំណង់ ជាទំនិញ ជាភាគហ៊ុន ជាប្រយោជន៍…ជាប្រតិបត្តិការនៃការទិញ-លក់ ការជួល ការបញ្ចាំ ការសហប្រតិបត្តិការ ។ ល។ ដែលត្រូវរៀបចំតាមច្បាប់កំណត់ក្នុងគោលបំណងអាចយកជាការបាន និងធានាបាននូវការការពារ ព្រមទាំងងាយស្រួលអនុវត្តតាម។
  • ដឹងពីកាតព្វកិច្ចដែលត្រូវបំពេញ និងប្រយោជន៍ដែលភាគីអាចទទួលបាន៖ ការសរសេរជាលាយល័ក្ខអក្សរផ្តល់នូវលទ្ធភាពឲ្យភាគីម្ខាងៗអាចដឹងថាខ្លួននឹងធ្វេីអ្វីខ្លះ ហេីយនឹងទទួលបានការតបស្នងវិញជាអ្វី។ ឧទាហរណ៍: ការទិញ-លក់ដីធ្លី៖ ភាគីលក់លែងជាម្ចាស់កម្មសិទ្ធិដីធ្លីនោះតទៅនៅពេលណា? ពេលទទួលបានប្រាក់គ្រប់ថ្លៃដី ឬក៏ពេលផ្ទេរសិទ្ធិលេីឯកសាររួចរាល់? ប្រាក់កក់ថ្លៃដីអាចមានសិទ្ធិយកប្រេីប្រាស់នៅពេលអ្នកទិញប្រែឈប់ទិញវិញឬយ៉ាងណា? រីឯភាគីទិញត្រូវប្រគល់ប្រាក់គ្រប់ចំនួននៅពេលណា? ហេីយគាត់អាចប្រេីប្រាស់ដីធ្លីជាប្រយោជន៍ក្នុងកំឡុងពេលមិនទាន់ប្រគល់ប្រាក់គ្រប់ចំនួនបានដែរ ឬទេ?
  • អាចកំណត់ពីសមត្ថកិច្ចដោះស្រាយវិវាទក្រៅពីតុលាការ ប្រសិនបេីភាគីត្រូវការ៖ ការរៀបចំកិច្ចសន្យាជាលាយល័ក្ខអក្សរជាឱកាសមួយផ្តល់ឲ្យគូភាគីអាចកំណត់ពីសមត្ថកិច្ចដោះស្រាយវិវាទដោយជ្រេីសរេីសមជ្ឈត្តការពាណិជ្ជកម្ម សំរាប់រឿងវិវាទពាណិជ្ជកម្ម ហេីយយន្តការនេះនឹងរារាំងដល់តុលាការក្នុងការចូលរួមអន្តរាគមន៍តាមបណ្តឹងរបស់ភាគីណាមូយនាពេលខាងមុខ នៅពេលមានខសន្យាស្តីពីមជ្ឈត្តការក្នុងកិច្ចសន្យារួចហេីយ។
  • មានប្រភេទកិច្ចសន្យាមួយចំនួនកំណត់ដោយច្បាប់ត្រូវធ្វេីជាលាយល័ក្ខអក្សរ ដេីម្បីមានសុពលភាព និងដាក់ឲ្យប្រតិបត្តិបាន៖ ដូចជាកិច្ចស្យាទិញលក់ភាគហ៊ុន កិច្ចសន្យាទិញ លក់អចលនវត្ថុ កិច្ចសន្យាទិញ លក់សិទ្ធិធ្វេីអាជីវកម្មលេីម៉ាក/ពាណិជ្ជនាម …។ ល។ ដែលកិច្ចសន្យាទាំងនេះមិនត្រឹមធ្វេីជាលាយល័ក្ខអក្សរប៉ុណ្ណោះទេ ខ្លះតម្រូវធ្វេីជាលិខិតយថាភូត និងមានការចុះបញ្ជីនៅស្ថាប័នមានសមត្ថកិច្ចទៀតផង។

សរុបសេចក្ដីមក ការរៀបចំកិច្ចសន្យាជាលាយល័ក្ខអក្សរ គឺជាជម្រេីសមួយដែលប្រសេីរជាងគេ ពីព្រោះវាអាចបញ្ជាក់ឲ្យច្បាស់ពីអ្វីមួយដែលបានព្រមព្រៀង អត្តសញ្ញាណរបស់ភាគី កាតព្វកិច្ចដែលត្រូវបំពេញ និងប្រយោជន៍របស់ភាគីដែលទទួលបាន និងរំពឹងទទួលបាន ព្រមទាំងមានលទ្ធភាពបញ្ចូលនូវខសន្យាស្ដីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាមុន និងអាចរៀបចំកិច្ចសន្យាទៅតាមប្រភទដែលច្បាប់កំណត់ដេីម្បីជៀសវាងការមិនយកជាការនៅពេលក្រោយ។ ហេតុនេះ ភាគីនៃកិច្ចសន្យាគួរព្យាយាមប្រេីប្រាស់កិច្ចសន្យាក្នុងទំរង់ជាលាយល័ក្ខអក្សរ និងពិគ្រោះជាមួយអ្នកជំនាញដេីម្បីការពារផលប្រយោជន៍បានជាអតិបរិមា៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s