ហេតុអ្វីប្រើសន្ធានកម្ម ឬការសម្រុះសម្រួលសំរាប់ដោះស្រាយវិវាទគ្រួសារ? why choose a Mediation for a Family Conflict

វិវាទគ្រួសារ (family conflict) គឺជាវិវាទ ឬទំនាស់ដែលបានកើតឡើងពាក់ព័ន្ធនឹង សហព័ទ្ធ(ប្តី ប្រពន្ធ) ឬគូសេ្នហ៍ ហើយពួកគេជាទូទៅសំរេចចិត្តលែងលះគ្នា ឬចែកផ្លូវគ្នាដើររឿងៗខ្លួន។ ហេតុនេះហើយ វាក៏តូ្រវបានគេហៅផងដែរថា វិវាទលែងលះ (divorce conflict) ។ ពាក់ព័ន្ធនឹងការលែងលះនេះ វាអាចជាការសម្រេចចិត្តពីខាងបុរស ឬស្ត្រី ហើយជួលកាលត្រឹមត្រូវ ជួលកាលក៏មានការស្តាយក្រោយ ។ លើសពីនេះ ការលែងលះមានបញ្ហាស្មុគ្រស្មាញជាច្រើនដែលត្រូវប្រឈម ដូចជា បញ្ហាទ្រព្យសម្បត្តិដែលត្រូវបែងចែក កូនដែលត្រូវរស់នៅជាមួយម្តាយ ឬឪពុក អាហារកិច្ចដែលត្រូវផ្គត់ផ្គង់កូន និងកត្តាផ្សេងៗមួយចំនួនទៀត ។ តើទាំងអស់នេះ ភាគីវិវាទមួយៗអាចទទួលបានតឹ្រមតូ្រវតាមការចង់បានដែរ ឬទេ?

ការមិនចុះសំរុងគ្នារបស់គូស្នេហ៍អាចកើតមានឡើងគ្រប់ពេលវេលាទោះមានចំណងអាពាហ៍ពិពាហ៍ ឬគ្មានក៏ដោយ ពោលគឺ វាអាចកើតមានមុនពេលរៀបអាពាហ៍ពិពាហ៍ ក្នុងកំឡុងពេលអាពាហ៍ពិពាហ៍ និងក្រោយចំណងអាពាហ៍ពិពាហ៍។ ហើយវាក៍អាចកើតមានឡើង ដោយសារមូលហេតុជាច្រើន ដូចជា ពីការប្រច័ណ្ឌ ពីបញ្ហាហិរញ្ញវត្ថុ ពីសាហាយស្មន់ ពីការរស់នៅមិនចុះសំរុងនឹងគ្នា ពីការប្រើហឹង្សា ។ល។ ឧទាហរណ៍៖

– ជំលោះរវាងបុរសជាប្តីឈ្មោះ សុក រ៉ា អាយុ ៣១ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះ ឃិន អែម អាយុ២៥ឆ្នាំ រៀបការបាន២ឆ្នាំ មានកូនស្រីម្នាក់ជាង១ខួប សំរេចចិត្តលែងលះគ្នា ពីព្រោះប្តីបានទះកំភ្លៀងប្រពន្ធមួយដៃ។ ក្រោយមកប្តីសុំសះជានឹងគ្នាវិញ តែប្រពន្ធមិនព្រម ប្តីក៏សំរេចិត្តផឹកថ្នាំអង់ទ្រីនប៉ងសំលាប់ខ្លួន។ (ដកស្រង់ពីគេហទំព័រEveryday ចុះផ្សាយថៃ្ងទី ១៥ កក្កដា ២០១៣)

– ស្ត្រីជាភរិយាឈ្មោះអាត សារុំ អាយុ៣៣ឆ្នាំ បានកាប់សំលាប់បុរសជាប្តីឈ្មោះ មាន់ វុទ្ធី អាយុ៣៤ឆ្នាំ ព្រោះតែការប្រច័ណ្ឌ ហើយបន្សល់ទុកកូន ៣នាក់មានអាយុចាប់ពី ៥ឆ្នាំ ដល់១១ឆ្នាំ ឲ្យរស់នៅគ្មានទីពឹង ។(ដកស្រង់ពីគេហទំព័រដើមអម្ពិល ចុះថ្ងៃទី២២ មករា ២០១៣)

– ស្ត្រីឈ្មោះស្រី នាង អាយុ៣១ឆ្នាំ ត្រូវបានប្តីជាទីស្រឡាញ់របស់់ខ្លួនមានឈ្មោះ គង់ សារិ អាករសំលាប់ ពីព្រោះតែនាងមិនព្រមលែងលះ។ ប្តីប្រពន្ធនេះមានកូនម្នាក់ ។ (ដកស្រង់ពីគេហទំព័រដើមអម្ពិល ចុះថៃ្ងទី ១៥ មេសា ២០១២)

ដើម្បីធ្វើឲ្យស្ថានភាពរបស់ភាគីទំនាស់មានភាពធូរស្រាល ការដោះស្រាយបញ្ហាដោយការពិភាក្សាគ្នា ក្រោមការជួយពីតតិយជនដែលជាជនអព្យាក្រឹត្យ និងមានវិជ្ជាជីវៈ ហៅថាសន្ធានករ ឬអ្នកសម្រុះសម្រួល (Mediator) អាចឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ភាគីវិវាទនីមួយៗ និងកូនរបស់ពួកគេ។

រូបភាពកំពុងធ្វើការសម្រុះសម្រួល ដោយមានសហព័ទ្ធ និងសន្ធានករ (ប្រភព៖ ពីGoogle)

ការសំរុះសំរួល (Mediation)គឺជាបច្ចេកទេសដោះស្រាយវិវាទមួយដែលមានអ្នកសម្រុះសម្រួល ជួយដល់ភាគីវិវាទដើម្បីអាចធ្វើការសំរេចចិត្តដោយខ្លួនឯង និងដោយប្រកដប្រជា។ ក្នុងដំណើរការរបស់វាភាគីវិវាទមា្ខងៗនឹងធ្វើការជួបពិភាក្សានិងបង្ហាញពីរឿងរ៉ាវ និងសេចក្តីតូ្រវការរបស់ខ្លួនជាមួយអ្នកសម្រុះសម្រួល ។ អ្នកសម្រុះសម្រួលនឹងប្រើបច្ចេកទេស និងជំនាញរបស់ខ្លួន ជួយដល់ភាគីវិវាទ ឲ្យមានលទ្ធភាពអាចវិភាគនិងពិនិត្យឃើញពីភាពខ្វែងគំនិតគ្នាដែលជាមូលហេតុនាំឲ្យមានជំលោះជាមួយនឹងការរក្សាការសំងាត់ឲ្យភាគីវិវាទ ហើយផ្តល់ដំណោះស្រាយជាគំរូ សំរាប់ធ្វើការពិចារណា ជ្រើសរើស ។ នៅក្នុងករណីគូភាគីមានការឯកភាពគ្នាហើយ កិច្ចព្រមព្រៀងបញ្ចប់វិវាទ ឬកិច្ចព្រមព្រៀងសះជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំរាប់ធានាដល់ការអនុវត្តនូវកាតព្វកិច្ចរបស់ភាគីវិវាទ នាពេលខាងមុខ ។

សរុបសេចក្តីមក ការដោះស្រាយវិវាទដោយមានការជួយពីអ្នកសម្រុះសម្រួល (Mediator) ដែលអព្យាក្រឹត្យ និងមានជំនាញ ជាវិធីដែលល្អប្រសើរ ពីព្រោះវាអាចធ្វើឲ្យគូវិវាទ ប្តី ប្រពន្ធ ឬគូស្នេហ៍ មានឧិកាសបានពិនិត្យមើលលើសា្ថនការណ៍នៃជំលោះរបស់ខ្លួនច្បាស់លាស់មុននឹងសំរេចចិត្ត ថាតើគួរធ្វើការលែងលះ ឬសះជាជាមួយគ្នាវិញ ។ លើសពីនេះ ក្នុងករណីមានការចែកផ្លូវគ្នាដើរ វាក៏អាចផ្តល់ឧិកាសក្នុងការរៀបចំនូវការរស់នៅរបស់កូនៗ និងជំរើសរបស់ពួកគេ ព្រមទាំងអាចមានលទ្ធភាពជ្រើសរើសយកទ្រព្យសម្បត្តិណាដែលភាគីមួយៗចង់បាន ឬក៏ការសំរេចចិត្តណាមួយដោយគ្មានការបង្ខំ ។ ដោយសារតែវិធីដោះស្រាយវិវាទនេះផ្តល់ផលប្រយោជន៍ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សហព័ទ្ធ ដូច្នេះពួកគេ គួរធ្វើការពិចារណាយកមកប្រតិបត្តិ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s