១០ ឆ្នាំនៃដំណើរផ្សងព្រេងរបស់ អូវីធី ដោះស្រាយវិវាទ និង អូវីធី ច្បាប់ 10 Years Anniversary of OVT Dispute Resolution & OVT Law

ជាមួយរយៈពេល ១០ ឆ្នាំ (២០០៩-២០១៩) អូវីធី ដោះស្រាយវិវាទ និងអូវីធី ច្បាប់ អាចកំណត់បានថាទទួលបានជោគជ័យទាំងលើជំនាញ និងហិរញ្ញវត្ថុ ពីព្រោះជំនាញទាំង៣ រួមមាន៖ មជ្ឈត្តករ សន្ធានករ និងមេធាវី ដែលប៉ងបានទទួលអាជ្ញាប័ណ្ណ និងការទទួលស្គាល់ពេញលេញនៅឆ្នាំ២០១៩ ហើយដំណើរការអាជីវកម្មក៏ទទួលបាន ១២៥ គំរោង/រឿងក្តី ជាមួយហិរញ្ញវត្ថុគ្រប់គ្រាន់ ដែលចាត់ទុកថាជាជោគជ័យនៅឆ្នាំ២០១៩ នេះផងដែរ ។ តើដំណើរការពីដំបូង រហូតមកដល់ជោគជ័យនេះ និងកិច្ចបន្តទៅមុខទៀតប្រព្រឹត្តទៅដូចម្តេចខ្លះ?

ចាប់ផ្តើមពីដំបូងដោយការតាំងចិត្តច្បាស់លាស់ នៅថ្ងៃទី ២៥-កញ្ញា-២០០៩ លោក អ៊ូច វុធ្ធី បានសម្រេចលាឈប់ពីការងារជាមន្ត្រីរាជការ នៅក្រសួងពាណិជ្ជកម្មមកបង្កើតការិយាល័យអាជ្ញាកណ្តាលពាណិជ្ជកម្ម អ៊ូច វុធ្ធី (គ្មានអាជ្ញាប័ណ្ណ) ដោយមានត្រឹមតែងារជាសាស្ត្រាចារ្យច្បាប់ពាណិជ្ជកម្ម និងច្បាប់កម្មសិទ្ធិបញ្ញាក្រៅម៉ោងនៅសាកលវិទ្យាល័យន័រតុនប៉ុណ្ណោះ។ លោក វុធ្ធី បានយកក្រដាសសធំមួយផ្ទាំងមកសរសេរ និងបិទលើជញ្ជាំងថ្ម ពីខាងក្រោយតុការងារជួបភ្ញៀវដោយមានចំណងជើង “ការិយាល័យអាជ្ញាកណ្តាលពាណិជ្ជកម្ម អ៊ូច វុធ្វី” ផ្តល់សេវា៖

  • មជ្ឈត្តការពាណិជ្ជកម្ម
  • អ្នកសម្រុះសម្រួលវិវាទ
  • បង្ហាត់បង្រៀនច្បាប់ និងការដោះស្រាយវិវាទ
  • ទីប្រឹក្សាច្បាប់/ជំនាញការច្បាប់
  • មេធាវី

ហើយយកកន្លែងស្នាក់នៅមានទីតាំងជួលនៅជាន់ទី១ ដែលជាផ្ទះល្វែង ស្ថិតនៅខាងក្នុងនៃតំបន់ផ្ទះបុគ្គលិកកំពង់ផែ ទល់មុខផែថ្មភ្នំពេញ ធ្វើជាកន្លែងការិយាល័យជាមួយផងដែរ ។

ការសម្រេចចិត្តចេញពីរាជរដ្ឋាភិបាល ហើយមកបើកការិយាល័យផ្ទាល់ខ្លួននេះមិនមែនមកពីមានលុយគ្រប់គ្រាន់ទេ តែពីព្រោះស្រឡាញ់ ចង់អនុវត្តនូវអ្វីជាក្តីស្រមៃ ហើយគិតថាពេលវេលា និងឧិកាសបានមកដល់ហើយ ។ មុនពេលនេះបន្តិច លោកវុធ្ធីក៏បានគិតថានឹងស្រាវជ្រាវរកអាហាររូបករណ៍ទៅសិក្សាជំនាញអាជ្ញាកណ្តាលពាណិជ្ជកម្មនៅអង់គ្លេសដែលមាន Chartered Institute of Arbitrators ល្បីជាងគេនៅលើពិភពលោក តែដល់ទទួលដំណឹងថាកម្ពុជាបំរុងនឹងបង្កើតមជ្ឈមណ្ឌលជាតិដូចគេ ក៏គិតថានៅកម្ពុជាចំណេញជាង ពីព្រោះអាចដាក់ស្នើសុំមេធាវីមួយទៀត ។ ហេតុនេះក៏សម្រេចចិត្តលាលែងពីមន្ត្រីរាជការ ដែលពេលនោះបារម្ភថាឈប់មិនបានទៀតផង ពីព្រោះថ្នាក់ដឹកនាំចង់ឲ្យនៅជួយបន្តការងារ ហើយប្រាប់ពីនីតិវិធីនៃការលាលែងស្មុគ្រស្មាញ និងអាចមិនទាន់ពេលនៃការដាក់ពាក្យសុំសំរាប់មជ្ឈមណ្ឌលអាជ្ញាកណ្តាលកម្ពជានោះទេ ។ ក៏ប៉ុន្តែជាសំណាងល្អ ការស្នើសុំលាលែងទទួលបានជោគជ័យ និងក៏ត្រូវបានមជ្ឈមណ្ឌលជ្រើសរើសឲ្យចូលរៀន និងបានប្រលងជាប់ជាស្ថាពរនូវជំនាញមជ្ឈត្តការពាណិជ្ជកម្មនិងច្បាប់ពាណិជ្ជកម្ម ហើយបានចុះបញ្ជីនិងទទួលស្គាល់ជា​សមាជិកដំបូង និងមជ្ឈត្តករ នៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម(ម.ជ.ម.) តាំងពីថ្ងៃទី១៥-វិច្ឆិកា-២០១២ និងបានបន្តចុះបញ្ជីជារៀងរាល់ឆ្នាំរហូតដល់បច្ចុប្បន្ន ។ រីឯវិជ្ជាជីវៈមេធាវីក៏បានធ្វើការតស៊ូយ៉ាងស្វិតស្វាញជាមួយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីការដាក់ពាក្យស្នើសុំប្រកបវិជ្ជាជីវៈនេះនៅឆ្នាំ២០០៩ ដែរ ហើយដល់ថ្ងៃទី២៥-សីហា-២០១៥ទើបបានការយល់ព្រមពីគណៈមេធាវី តែដល់ថ្ងៃទី២១-៧-២០១៦ ទើបមានលទ្ធភាពធ្វើសច្ចាប្រណិធាននិងជាមេធាវីពេញសិទ្ធិនៅថ្ងៃទី ៤-១២-២០១៧ រហូតមកដល់បច្ចុប្បន្ន ។ វិជ្ជាជីវៈចុងក្រោយគឺសន្ធានករ ឬអ្នកសម្រុះសម្រួលវិវាទ ដែលវិជ្ជាជីវៈនេះតែងតែត្រូវបានសង្ឃឹម និងរង់ចាំតាមដានសំរាប់ការបង្កើតនៅកម្ពុជា ។ នៅលើការងាររបស់ការិយាល័យ ជំនាញនេះអនុវត្តបានមួយចំនួន ហើយផ្អែកលើបទពិសោធន៍ និងការសិក្សាជាមួយ មជ្ឈមណ្ឌលដោះស្រាយទំនាស់កម្ពុជានៅឆ្នាំ១៩៩៨ ទើបធ្វើឲ្យមានការចាប់អារម្មណ៍នឹងយកមកអនុវត្តជាវិជ្ជាជីវៈ ហើយនៅខែមិថុនា-២០១៩ ក៏បានក្លាយជាសន្ធានករអន្តរជាតិ នៃសមាគមសន្ធានកម្មអាគ័រដ្យាល់ របស់ប្រទេសបារាំង រហូតមក ។ សរុបមក វិជ្ជាជីវៈទាំង៣ មជ្ឈត្តករ មេធាវី និងសន្ធានករអន្តរជាតិ បានបំពេញទៅនឹង ៥ ចំនុចនៃសេវាកម្មដែលបានសរសេរនៅលើក្រដាសពីពេលមុនហើយ ឬក៏ធ្វើឲ្យក្តីស្រម៉ៃបានក្លាយមកជាការពិត ក្នុងរយៈ ១០ ឆ្នាំប្រាកដមែន ។ លើសពីនេះ គណៈមេធាវីក៏បានផ្តល់អាជ្ញាប័ណ្ណ និងទទួលស្គាល់នូវការស្នើសុំបង្កើតការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់” នៅថ្ងៃទី ២០-ធ្នូ-២០១៧ ដែលនេះជាសមិទ្ធិផលជោគជ័យថ្មីមួយទៀត ប្រៀបបានទៅនឹងកូនបានកើតឡើងដែលជាកំលាំងចលករដ៏ខ្លាំងក្លា និងអាចរ៉ាប់រងនូវការងារទាំងឡាយរបស់ឪពុក-ម្តាយ ដែលជាការិយាល័យអាជ្ញាកណ្តាលពាណិជ្ជកម្ម អ៊ូច វុធ្ធី ។

ចំពោះបញ្ហាហិរញ្ញវត្ថុ ដែលចំណាយសំរាប់រយៈពេល ១០ ឆ្នាំ មានថវិកាសរុបចំនួន US$ 100,000 ដែលបានមកពីប្រាក់សន្សំ ប្រាក់កំច្ចី ការលក់ឡាន និងលក់ដីមួយប្លង់ជិត១ ហិតតានៅអង្គរជ័យ របស់លោក អ៊ូច វុធ្ធី

បានលក់នៅខែសីហា-២០១២ ក្នុងស្ថានភាពពិបាកខ្លាំងផ្នែកហិរញ្ញវត្ថុ និងខុសពីតម្លៃរំពឹងទុក US$ 115,000

បច្ចុប្បន្ន ចុងឆ្នាំ២០១៩ មូលនិធិមាន៖

  • អចលនវត្ថុដូចមានវិញ្ញានបត្រខាងក្រោម៖ US$ 400,000
  • អាជ្ញាប័ណ្ណ និងការទទួលស្គាល់អាជីវកម្ម៣៖ US$ 150,000
  • សំណង់ការិយាល័យ៖ US$ 6,000
  • ដើមឈើ ដើមផ្កា កាម៉េរ៉ា Wifi Iphone 2គ្រឿង ប្រព័ន្ធអគ្គីសនី ប្រព័ន្ធទឹក៖ US$ 10,000
  • ចំណូលអាជីវកម្មដែលមាន និងសង្ឃឹម៖ US$ 109,000

សរុប= US$ 675,000 ជាមួយបំណុល=US$ 15,000 ដែលជាទុនត្រូវអនុវត្តបន្តក្រោយ ១០ ឆ្នាំ ដោយគិតពីឆ្នាំ២០២០ ។

វិញ្ញាបនបត្រនៃទីតាំងរបស់អូវីធី ដោះស្រាយវិវាទ និងអូវីធី ច្បាប់ ទំហំក្បាលដី ៤០ម គុណ ២០ម

តម្លៃត្រឹមឆ្នាំ២០១៩=US$ 400,000

ដូច្នេះដំណើរការអាជីវកម្មរបស់អូវីធី ដោះស្រាយវិវាទ និងអូវីធី ច្បាប់ គិតមកត្រឹម ១០ ឆ្នាំនេះ ត្រូវបានកំណត់ថា ជាជោគជ័យ ទាំងជំនាញ និងហិរញ្ញវត្ថុ ពីព្រោះជំនាញអាជីវកម្មទាំងអស់បានប្រែក្លាយពីគ្មានអាជ្ញាប័ណ្ណ មកទទួលបានអាជ្ញាប័ណ្ណ និងការទទួលស្គាល់ ព្រមទាំងជាសមាជិកនៃស្ថាប័នវិជ្ជាជីវៈធំៗ ទាំងក្នុងប្រទេស និងប្រទេសបារាំងផងដែរ ។ រីឯហិរញ្ញវត្ថុបានកែប្រែពីភាពខ្វះខាត និងការជួលទីតាំង មកមានលទ្ធភាពទ្រទ្រង់ មានទីតាំងការិយាល័យកណ្តាលខ្លួនឯងច្បាស់លាស់ និងសម្ភារៈបរិក្ខាការិយាល័យអាចឆ្លើយតបទៅនឹងប្រតិបត្តិការអាជីវកម្មបាន ។ អ្វីជាកិច្ចការត្រូវធ្វើបន្ត គឺការកសាងអគារការិយាល័យ ដែលគ្រោងការចំណាយចំនួន US$ 180,000 និងការអភិវឌ្ឍន៍ធនធានមនុស្សដើម្បីពង្រឹងពង្រីកសក្តានុពលភាព និងការបណ្តុះបណ្តាលអ្នកបន្តវេននាពេលអនាគត ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s