
សិក្ខាសាលាស្តីពីការដោះស្រាយវិវាទពាណិជ្ជកម្មអន្តរជាតិតាមយន្តការសម្រុះសម្រួលបានប្រព្រឹត្តទៅជាមួយនឹងការនិយាយជាភាសាអង់គ្លេសដោយគ្មានការបកប្រែ នៅថ្ងៃទី ២៨-២៩ មិនា ២០១៩ នាមជ្ឈមណ្ឌលបណ្តុះបណ្តាលសឹង្ហបុរី-កម្ពុជា ក្រោមការរៀបចំដោយមជ្ឈមណ្ឌលសន្ធានកម្មអន្តរជាតិសឹង្ហបុរី-ក្រសួងច្បាប់សឹង្ហបុរី សហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ។ វាជាសិក្ខាសាលាផ្តោតទៅលើជំនាញសន្ធានកម្ម (ការសម្រុះសម្រួលវិវាទ) និងការបកស្រាយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីកិច្ចព្រមព្រៀងសះជាអន្តរជាតិចំពោះជំនាញសន្ធានកម្មក្នុងគោលបំណងដើម្បីទាក់ទាញឲ្យប្រទេសកម្ពុជាចុះហត្ថលេខាចូលជាសមាជិកនាពេលខាងមុខ ។ តើពួកគេមានខ្លឹមសារដូចម្តេចខ្លះ?

ការបកស្រាយពីជំំនាញសន្ធានកម្មសំរាប់វិវាទពាណិជ្ជកម្មត្រូវបានធ្វើដោយ សន្ធានករអាជីព និងជានាយក នៃមជ្ឈមណ្ឌលសន្ធានកម្មពាណិជ្ជកម្មអន្តរជាតិសឹង្ហបុរី (លោក Chuan Wee Meng រូបកណ្តាលក្នុងចំណងជើងអត្ថបទ) ហើយផ្តោតទៅលើប្រធានបទសំំខាន់ៗជាច្រើនរួមមាន៖ អ្វីជាសន្ធានកម្ម ប្រៀបធៀបជំរើសនានាក្នុងយន្តការដោះស្រាយវិវាទ លក្ខណៈរបស់សន្ធានករ ហេតុអ្វីជ្រើសរើសយកសន្ធានកម្ម សន្ធានកម្មនៅតំបន់អាស៊ី និងការរីកចំរើននៅលើពិភពលោក និងអនុសញ្ញាសន្ធានកម្មអង្គការសហប្រជាជាតិ ។ល។ ក្នុងនោះលោក Meng ក៏បានចែករំលែកពីការអនុវត្តនូវបច្ចេកទេសសន្ធានកម្មជា Case Study និងមើលVideo ពីដំណើរការសន្ធានកម្ម ។ លើសពីនេះ វាគ្មិនបានលើកយកបទពិសោធន៍ក្នុងការដោះស្រាយវិវាទនៅមជ្ឈមណ្ឌលសន្ធានកម្មវិវាទពាណិជ្ជកម្មអន្តរជាតិ របស់សឹង្ហបុរីតាំងពីរបៀបទទួលយកសំណុំរឿងវិវាទដើម្បីដោះស្រាយ ចំនួនរឿងវិវាទ រយៈពេលនៃការដោះស្រាយ ជាដើម ។ល។ សរុបសេចក្តីមក អ្នកធ្វើបឋកថាបានបង្ហាញឲ្យឃើញពីថាតើត្រូវធ្វើសន្ធានកម្មយ៉ាងម៉េច ការរីកចំរ់ើនជំនាញនេះនៅលើពិភពលោក បទពិសោធន៍ក្នុងការអនុវត្តជាក់ស្តែង និងរបស់មជ្ឈមណ្ឌលជំនាញសន្ធានកម្មនៅសឹង្ហបុរី ។




ការបកស្រាយអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីកិច្ចព្រមព្រៀងសះជាអន្តរជាតិចំពោះសន្ធានកម្ម ឬត្រូវបានហៅផងដែរថា ជាអនុសញ្ញាទីក្រុងសឹង្ហបុរីសំរាប់សន្ធានកម្ម “Singapore Convention on Mediation” និងការលើកឡើងពីស្ថាប័នដោះស្រាយវិវាទពាណិជ្ជកម្មទាំងឡាយនៅសឹង្ហបុរី ត្រូវបានធ្វើឡើងដោយ ទីប្រឹក្សានយោបាយ និងជានាយកផ្នែកច្បាប់ នៃក្រសួងច្បាប់សឹង្ហបុរី Sharon Ong ។ នាងក៏ជាអ្នកតំណាងឲ្យប្រទេសសឹង្ហបុរីនៅអង្គការសហប្រជាជាតិំសំរាប់ការពិភាក្សាអំពីជំនាញសន្ធានកម្ម ផងដែរ (រូបនាងថតឈរនៅកណ្តាលនៃរូបថតខាងក្រោម) ។ ក្នុងនោះចំនុចស្នូលនៃអនុសញ្ញាដែលបានលើកមកបង្ហាញរួមមាន៖ ទិដ្ឋភាពទូទៅ គោលបំណង និងផលប្រយោជន៍ នៃអនុសញ្ញា ។ បន្ថែមពីនេះក៏មានការបកស្រាយពីខ្លឹមសារនៃមាត្រានីមួយៗរបស់អនុសញ្ញាផងដែរ ដោយលោក សន្ធានករ Wee Meng ។ ថ្ងៃចាប់ផ្តើមអនុញ្ញាតឲ្យប្រទេសនានានៅលើសកលលោកយល់ព្រមជាមួយនឹងអនុសញ្ញានេះតាមរយៈការចុះហត្ថលេខា គឺថ្ងៃទី ០៧-សីហា-២០១៩ នៅប្រទេសសឹង្ហបុរី ហើយក្រោយចុះហត្ថលេខា រដ្ឋហត្ថលេខីត្រូវជំរុញឲ្យប្រទេសរបស់ខ្លួនផ្តល់សច្ចាប័ណ្ណក្នុងកំឡុងពេល ០៦ខែ ។ ជាលទ្ធផលការសិក្សាពីអនុសញ្ញាក្រៅតែពីបានស្វែងយល់ពីខ្លឹមសារ និងសារប្រយោជន៍របស់វា ក៏បានឲ្យដឹងពីពេលវេលា និងទីកន្លែងសំរាប់ប្រទេសនីមួយៗនៅលើសាកលលោកអាចធ្វើការចុះហត្ថលេខាដើម្បីក្លាយជាសមាជិកផងដែរ ។

សរុបសេចក្តីមកសិក្ខាសាលាស្តីពីសន្ធានកម្មវិវាទពាណិជ្ជកម្មអន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីកិច្ចព្រមព្រៀងសះជាអន្តរជាតិចំពោះសន្ធានកម្ម មានប្រយោជន៍យ៉ាងខ្លាំងសំំរាប់បំពេញបន្ថែមលើជំនាញមជ្ឈត្តករ និងមេធាវី ពីព្រោះវាបានផ្តល់នូវជំនាញក្នុងការធ្វើសន្ធានកម្មកាន់តែច្បាស់ ការរីកចំរើនជំនាញនេះនៅអាស៊ី និងពិភពលោកនាពេលបច្ចុប្បន្ន និងការទទួលបាននូវបទពិសោធន៍ពីការកំពុងអនុវត្តជំនាញនេះរបស់មជ្ឈមណ្ឌលសឹង្ហបុរីសំរាប់សន្ធានកម្មពាណិជ្ជកម្មអន្តរជាតិ ។ លើសពីនេះ វាក៏បានធ្វើឲ្យយល់ពីលក្ខណៈ និងសារៈប្រយោជន៍នៃអនុសញ្ញាអង្គការសហប្រជាជាតិសំរាប់សន្ធានកម្ម ដែលអាចជាទុនក្នុងការផ្តល់យោបល់ដល់រាជរដ្ឋាភិបាលសំរាប់ពិចារណាចុះហត្ថលេខាចូលជាសមាជិកនាពេលខាងមុខ ។ ការជ្រើសរើសយកជំនាញសន្ធានកម្ម ឬការសម្រុះសម្រួលមកប្រើប្រាស់ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម ជាគុណប្រយោជន៍ដ៏ច្រើន ដែលអ្នកអនុវត្តវិជ្ចាជីវៈដូចជា មជ្ឈត្តករ និងមេធាវី ព្រមទាំងភាគីវិវាទគួរតែជំរុញប្រតិបត្តិ ៕
